ភ្នំពេញ ៖ អង្គការសមាគមអភិរក្សាសត្វព្រៃ (WCS) បានឲ្យដឹងថា ស្វាកន្ទុយស ត្រូវបានកត់ត្រា ក្នុងបញ្ជីក្រហមរបស់ អង្គការ IUCN ជាប្រភេទសត្វជិតពូជបំផុត នៅលើពិភពលោក ខណៈដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី មានសត្វស្វាកន្ទុយសនេះប្រហែល ២៤.០០០ក្បាល និងមួយចំនួនតូចទៀត នៅដែនជម្រកសត្វព្រៃភ្នំព្រេច។
យោងតាមគេហទំព័ហ្វេសប៊ុក របស់ អង្គការ WCS នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា ស្វាកន្ទុយស គឺសត្វស្វាមួយប្រភេទ ដែលមានរូបរាងស្អាត គួរឲ្យស្រឡាញ់ វាមានមុខពណ៌ខៀវ និងមានរង្វង់ភ្នែកពណ៌លឿងទុំ និងមានកន្ទុយពណ៌សភ្លឺរលោង។
WCS បញ្ជាក់យ៉ាងដូច្នេះថា «ស្វាកន្ទុយស ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតពូជបំផុត នៅលើពិភពលោក និងមានវត្តមានតែនៅ ក្នុងតំបន់ភាគខាងកើត នៃប្រទេសកម្ពុជា និងមានមួយចំនួនតូច នៅភាគខាងត្បូង នៃប្រទេសវៀតណាមប៉ុណ្ណោះ។ ចំនួនសត្វប្រភេទនេះ នៅលើពិភពលោក កំពុងមានការថយចុះ ដោយសារបណ្តាលមកពី ការបាត់បង់ទីជម្រក និងការប្រមាញ់យកទៅធ្វើជាឱសថបុរាណ និងលក់ដូរធ្វើជាសត្វចិញ្ចឹម» ។
ប្រភពដដែល បន្ដថា «បើប្រៀបធៀបទៅនឹង តំបន់ដទៃទៀត នៅលើពិភពលោក ដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី មានវត្តមានសត្វស្វាកន្ទុយសនេះ ច្រើនជាងគេ គឺប្រហែល ២៤.០០០ក្បាល និងមានមួយចំនួនតូចទៀត នៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច»។
យោងតាមប្រកាសលេខ ០២០ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សត្វស្វាកន្ទុយស ត្រូវបានធ្វើចំណាត់ថ្នាក់ ជាប្រភេទសត្វព្រៃមានដោយកម្រ។ ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ របស់កម្ពុជា មាត្រា ៥៦ និង ៦១ ស្តីពីបទល្មើសធនធានធម្មជាតិ ថ្នាក់ទី៣ ជនទាំងឡាយណាដែលចាប់ ដាក់អន្ទាក់ ប្រមាញ់ ធ្វើឲ្យរបួស បំពុល សម្លាប់ យកចេញ ប្រមូលពងកូន និងសត្វព្រៃ ដែលជាប្រភេទងាយរងគ្រោះ ប្រភេទកម្រ ឬប្រភេទជិតផុតពូជបំផុត នឹងត្រូវទទួលទោសទណ្ឌជាប់ពន្ធនាគារពី ១ឆ្នាំ ដល់ ៥ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី ១៥ លានរៀល ដល់ ១៥០ លានរៀល។
សូមរំលឹកថា កាលពីឆ្នាំ ២០១៤ អង្គការ WCS សហការជាមួយក្រសួងបរិស្ថាន បានផ្តួចផ្តើមបង្កើតគម្រោងទេស ចរណ៍ធម្មជាតិសហគមន៍មួយឈ្មោះ ជុំរុំទោចថ្ពាល់លឿង (Jahoo Gibbon Camp) ស្ថិតក្នុងដែនជម្រកសត្វព្រៃកែវ សីមា ក្នុងគោលបំណងការពារប្រភេទសត្វព្រៃកម្រផង និងផ្តល់ឱកាសដល់អ្នកទេសចរបានទស្សនា សត្វស្វាកន្ទុយស និងសត្វទោចថ្ពាល់លឿង ព្រមទាំងសត្វស្លាបកម្រផ្សេងៗទៀតផង។ ដោយសារមានការគាំទ្រពីសហគមន៍មូលដ្ឋាន និងមានការគ្រប់គ្រង តំបន់ការពារធម្មជាតិ បានល្អ ចំនួនសត្វស្វាកន្ទុយស នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា នៅថេរក្នុងកំឡុងមួយទសវត្សរ៍ ចុងក្រោយនេះ៕