ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចស្ដីពី ការអនុវត្តវិធានការរដ្ឋាបាល ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការ រីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ដ្រ រាជធានីភ្នំពេញ ក្នុងនោះ ផ្អាកជាបណ្តោះអាសន្ន នូវការធ្វើចរាចរ សកម្មភាពអាជីវកម្ម និងការប្រមូលផ្តុំនានា នាពេលយប់ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ ក្នុងរយៈពេល២សប្តាហ៍ ។
ក្នុងសេចក្ដីសម្រេចក៏បានបញ្ជាក់ថា «ត្រូវបានដាក់ចេញនូវវិធានការ រដ្ឋបាលបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ១៩ នៅភូមិសាស្រ្តរាជធានីភ្នំពេញ ដែលមានថេរវេលា អនុវត្តរយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១» ។
ចំពោះអាជីវកម្ម ដែលតម្រូវឲ្យផ្អាកនោះ គឺផ្នែកអាហារនិងភេសជ្ជៈ ដូចជា តូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីយដ្ឋាន នៅតាមសណ្ឋាគារ ប៉ុន្តែទីតាំងអាជីវកម្មទាំងអស់ អាចលក់ជាលក្ខណៈវេជ្ជខ្ចប់បាន ៕



