ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរា បានអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់ នូវការប្រកាសលក់ដីធ្លី ក្នុងតំបន់រមណីយ ដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក។
យោងតាមគេហទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា «ដើម្បីអនុវត្តគោលការណ៍ច្បាប់ ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរា សូមអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់ នូវការប្រកាសលក់ដីធ្លី ក្នុងតំបន់រមណីយ ដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក»។
អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា ដីធ្លីក្នុងតំបន់រមណីយដ្ឋាន បេតិកភណ្ឌពិភពលោកអង្គរ គឺជាតំបន់មានស្ថានីយបុរាណវត្ថុសំខាន់ៗ ដែលត្រូវការកិច្ចការពារកម្រិតខ្ពស់បំផុត (តំបន់១) និងជាតំបន់សម្បូរសំណល់បុរាណវត្ថុ។
អាជ្ញាធរជាតិអប្សរាបន្ដថា ការលក់ទិញដីធ្លីក្នុងតំបន់ទាំងនេះ គឺផ្ទុយនឹងច្បាប់ដែលមានចែង ក្នុងព្រះរាជក្រឹត្យ ស្តីពីការកំណត់ និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាបអង្គរ និងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការកំណត់បទដ្ឋាន នៃការប្រើប្រាស់ដីធ្លីនៅតំបន់១ និងតំបន់២៕