ភ្នំពេញ ៖ សហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារ អភិវឌ្ឍន៍អន្តរជាតិ របស់ខ្លួនហៅកាត់ថា USAID បានប្រកាសថា ខ្លួននឹងផ្តល់ជំនួយចំនួន៨៧៥.០០០ដុល្លារ បន្ថែមទៅលើជំនួយមនុស្សធម៌របស់ខ្លួន ដើម្បីពង្រឹងលទ្ធភាពត្រៀមបង្ការ និងឆ្លើយតប ចំពោះគ្រោះមហន្តរាយធម្មជាតិ និងវិបត្ដិនានា នៅកម្ពុជា។
តាមសេចក្ដីប្រកាសព័ត៌មាន របស់ USAID នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ នេះ លោក Patrick Murphy ឯកអគ្គរដ្ឋទូត អាមេរិក ប្រចាំកម្ពុជា មានប្រសាសន៍ថា «ការបំផ្លិចបំផ្លាញ បង្កឡើងដោយទឹកជំនន់ឆ្នាំមុន បានបង្ហាញពីភាពចាំបាច់ ក្នុងការត្រៀម ខ្លួន ដោះស្រាយ ទៅលើផលប៉ះពាល់ នៃគ្រោះមហន្តរាយធម្មជាតិ ។ យើងមានមោទនភាព ក្នុងការចូលរួមចំណែក កែលម្អប្រព័ន្ធឆ្លើយតប នឹងវិបត្តិទាំងនេះនៅកម្ពុជា»។
លោកបន្ដថា ថវិកា ដែលទទួលបានពីការិយាល័យជំនួយ មនុស្សធម៌ របស់ទីភ្នាក់ងារ USAID នេះ នឹងផ្ដល់លទ្ធភាព ឲ្យកម្មវិធីស្បៀង អាហារពិភពលោក របស់អង្គការសហប្រជាជាតិ (WFP) ពង្រឹងបន្ថែម ទៅលើគម្រោងស្ដីពី «ការច្នៃប្រឌិតថ្មី ដើម្បីត្រៀមបង្ការ និងឆ្លើយតបទៅ នឹងគ្រោះអាសន្ន ដោយទទួលបានព័ត៌មាន គ្រប់ជ្រុងជ្រោយ» ដែលទីភ្នាក់ងារ USAID បានគាំទ្រ តាំងពីឆ្នាំ២០១៩ រហូតដល់ខែមីនា ឆ្នាំ២០២២ ។
ដោយឡែក លោកស្រី Claire CONAN តំណាងកម្មវិធីស្បៀងអាហារពិភពលោកបានថ្លែងថា «យើងសូមថ្លែងអំណរគុណដល់ទីភ្នាក់ងារ USAID ចំពោះការគាំទ្រ បន្ថែមដល់ប្រទេសកម្ពុជា ដែលប្រឈមនឹងវិបត្តិអាកាសធាតុ ដូចជា ទឹកជំនន់ និងគ្រោះរាំងស្ងួត»។
លោកស្រីបន្ថែមថា ជំនួយនេះ នឹងជួយដល់ដៃគូរដ្ឋាភិបាល និងភាគីអនុវត្តកិច្ចការ មនុស្សធម៌ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីត្រៀមខ្លួនឆ្លើយតប ចំពោះវិបត្តិទាំងនេះ ដោយប្រើប្រាស់ព័ត៌មាន ដើម្បីចាត់សកម្មភាព និងបង្កើនកិច្ចសម្របសម្រួលការងារ មនុស្សធម៌បានទាន់ពេលវេលា។
សូមរំលឹកថា កាលពីឆ្នាំ២០២០ អាមេរិក បានបរិច្ចាគថវិកា ចំនួន ៧០០.០០០ដុល្លារ ដល់កម្មវិធីស្បៀង អាហារពិភពលោក ដើម្បីជួយដល់សហគមន៍ រងគ្រោះដោយទឹកជំនន់នៅកម្ពុជា ។ កម្មវិធីស្បៀងអាហារពិភពលោក នឹងប្រើជំនួយបន្ថែមនេះដើម្បីពង្រឹង សមត្ថភាពដៃគូរដ្ឋាភិបាល និងភាគីអនុវត្តកិច្ចការមនុស្សធម៌ តាមរយៈវិធីសាស្រ្ត ការ សម្របសម្រួល បច្ចេកវិទ្យា និងឧបករណ៍នានា ពាក់ព័ន្ធនឹងការគ្រប់គ្រង ហានិភ័យនៃគ្រោះមហន្តរាយ ៕