ភ្នំពេញ ៖ អ្នកនាំពាក្យមន្ទីរ ប៉ង់តាហ្គោន សហរដ្ឋអាមេរិក លោក John Kirby បានថ្លែងនៅក្នុងសន្និសីទ កាសែតមួយ នៅថ្ងៃសុក្រថា យោធាសហរដ្ឋអាមេរិក គ្រោងនឹងកាត់បន្ថយជម្លោះ និងលើកកម្ពស់សន្តិភាព ជាមួយប្រទេសចិន និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ប៉ុន្តែកងកម្លាំងសហរដ្ឋអាមេរិក នឹងបន្តហោះហើរ និងធ្វើដំណើរតាមសមុទ្រ ក្នុងសមុទ្រចិនខាងត្បូង ។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុករបស់ លោក នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ។
លើសពីនេះទៅទៀតលោក Kirby បានសង្កត់ធ្ងន់ថា ក្រុមការងារ Taskforce ចិន ដែលទើបបង្កើតថ្មី របស់ប្រទេសនេះ នឹងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើតំបន់ ឥណ្ឌូ – ប៉ាស៊ីហ្វិក និងប្រទេសចិនជាពិសេស ។
លោកបានបន្ថែមថា “ នឹងមានការងារជាច្រើនត្រូវធ្វើ” ។
ប្រទេសចិន បានធ្វើការថ្កោលទោស ម្តងហើយម្តងទៀត ចំពោះការរំលោភបំពាន អធិបតេយ្យភាព និងបូរណភាព ទឹកដី របស់ចិននៅសមុទ្រចិនខាងត្បូង និងបានអំពាវនាវ ឱ្យមានកិច្ចសហប្រតិបត្តិការ ជាប្រចាំមិនមែនការប្រឈមមុខគ្នា រវាងប្រទេសទាំងពីរ និងបានជំរុញឱ្យសហរដ្ឋអាមេរិក គោរពផលប្រយោជន៍ ស្នូលរបស់ចិន ។
ទាក់ទងនឹងផែនការ យោធា នៅផ្នែកផ្សេងទៀត នៃពិភពលោកលោក Kirby បាននិយាយថា រដ្ឋមន្រ្តីក្រសួងការពារជាតិ សហរដ្ឋអាមេរិក នឹងពិនិត្យមើលស្ថានការណ៍ នៅក្នុងតំបន់ប៉ាស៊ីហ្វិក ហើយគ្រោង នឹងជួបជាមួយសមភាគីណាតូ ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀង សហរដ្ឋអាមេរិកជាមួយតាលីបង់ ។ ដូចគ្នានេះសហរដ្ឋអាមេរិក ចង់ឃើញអ៊ីរ៉ង់បំពេញ តាមការប្តេជ្ញាចិត្តរបស់ខ្លួន ហើយនឹងធ្វើឱ្យប្រាកដថា សហរដ្ឋអាមេរិក មានសមត្ថភាពយោធា នៅក្នុងតំបន់ ។
ដើម្បីឱ្យជនជាតិអាមេរិក កាន់តែច្រើនទទួលបាន វ៉ាក់សាំង ការពារ Covid-19 មន្ទីរប៉ង់តាហ្គោន នឹងដាក់ពង្រាយបុគ្គលិកពេទ្យយោធា ចំនួន ៤៧០០ នាក់ ដើម្បីជួយនៅក្នុងកន្លែង ចាក់វ៉ាក់សាំងដ៏ធំ ដែលគ្រប់គ្រង ដោយរដ្ឋាភិបាលសហព័ន្ធ ៕