ព័ត៌មានជាតិ

សរុបព្រឹត្តិការណ៍ ព័ត៌មានជាតិ ប្រចាំសប្ដាហ៍

ឧកញ៉ា ស៊ុយ សុផាន​ ទទួលមរណភាព

ភ្នំពេញ ៖ ស្ថាបនិកក្រុមហ៊ុនផានអ៊ីមិច គឺលោកស្រី ឧកញ៉ា ស៊ុយ សុផាន បានទទួលមរណភាព ។ នេះបើតាមហ្វេសប៊ុក របស់លោកស្រី ហ៊ុន ស៊ីណាត បានបង្ហោះសារចូលរួម រំលែកទុក្ខនាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។

លោកស្រី ហ៊ុន ស៊ីណាត បានលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុកថា “ខ្ញុំនិងស្វាមីសូមចូលរួមសម្ដែង នូវសមានទុក្ខដ៏សែនក្រៀមក្រំ និងសោកស្ដាយជាទីបំផុត ជាមួយនឹងក្រុមគ្រួសារ នៃសពដែលបានបាត់បង់ មនុស្សជាទីគោរពស្រឡាញ់ របស់ខ្លួនមរណភាព របស់លោកជំទាវឧកញ៉ាស៊ុយសុផាន” ។

បើតាមលោកស្រី ហ៊ុន ស៊ីណាត មិនបានបញ្ជាក់លំអិតថា លោកស្រី ឧកញ៉ា ស៊ុយ សុផាន ទទួលមរណភាព ដោយសារអ្វីនោះទេ៕

នាយករដ្ឋមន្ត្រី ប្រកាសថា ឆាប់ៗនេះ កម្ពុជា​ នឹងចាប់ផ្ដើមយុទ្ធនាការ ចាក់វ៉ាក់សាំង ទ្រង់ទ្រាយធំ ឲ្យបាន ១លានដូសក្នុង១ខែ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា នាពេលឆាប់ៗខាងមុខនេះ កម្ពុជា នឹងចាក់ផ្ដើមយុទ្ធនាការ ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ជាលក្ខណៈទ្រង់ទ្រាយធំ ដោយក្នុងមួយខែ ត្រូវចាក់ឲ្យបាន១លានដូស ។

ការប្រកាសដាក់ចេញ យុទ្ធនាការ ចាក់វ៉ាក់សាំង ទ្រង់ទ្រាយធំនៅទូទាំងប្រទេសនេះ ធ្វើឡើក្រោយពេលកម្ពុជា បានបញ្ជាទិញវ៉ាក់សាំង ស៊ីណូវ៉ាក់ ពីចិនចំនួន១.៥លានដូស ដែលដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ មីនា និងស្របពេលកម្ពុជា នឹងទទួលវ៉ាក់សាំងស៊ីណូហ្វាម៧០ម៉ឺនដូសបន្ថែម ជាជំនួយរបស់ចិន នៅថ្ងៃទី៣១ ខែមីនាខាងមុខ ។

តាមរយៈសារសំឡេង ប្រមាណជាង៧នាទី នៅព្រឹកថ្ងៃទី២៩ មីនានេះ សម្ដេចតេជោបានមានប្រសាសន៍ថា «នៅពេលខាងមុខនេះ យុទ្ធនាការចាក់វ៉ាក់សាំង របស់យើងនឹងធ្វើដោយទ្រង់ទ្រាយធំ ហើយដោយមានអន្តរាគមន៍ ពីពេទ្យទៅពីថ្នាក់ជាតិ ចូលរួមផងដែរ ។ តាមគម្រោង របស់យើងក្នុងមួយខែ ត្រូវចាក់ឲ្យបានក្នុងកម្រិត ១លានដូស ព្រោះថាទាំងវ៉ាក់សាំង ដែលយើងទិញ ការទទួលជំនួយនឹងមកជាបន្តបន្ទាប់ ដូច្នេះវ៉ាក់សាំងត្រូវបញ្ជូនទៅចាក់ឲ្យប្រជាពលរដ្ឋ» ។

ក្នុងន័យនេះ សម្ដេចតេជោ បានស្នើអភិបាលខេត្តទាំងអស់ ឲ្យទទួលរ៉ាប់រង ចំពោះកន្លែងស្នាក់នៅ របស់ក្រុមគ្រូពេទ្យ ទៅពីទីក្រុងភ្នំពេញ ដែលស្ម័គ្រចិត្តជួយ ឬចល័តពីកន្លែងមួយទៅកន្លែងមួយ ។ សម្ដេចថា សព្វថ្ងៃនេះសណ្ឋាគារ ផ្ទះសំណាក់ គឺមាននៅសល់ច្រើន ដែលអាចពឹងពាក់ចំពោះម្ចាស់សណ្ឋាគារ ម្ចាស់ផ្ទះសំណាក់ ដើម្បីអាចនឹងផ្ដល់ឲ្យគ្រូពេទ្យស្នាក់នៅ ចៀសវាងយកថវិកា ទៅជួលបន្ថែម ក្នុងពេលគ្រូពេទ្យស្ម័គ្រចិត្ត ទាំងនោះទៅជួយប្រជាជន ។

សម្ដេចបន្ថែមថា ថ្នាក់ជាតិគឺទទួលខុសត្រូវ លើការធ្វើដំណើរ និង ការហូបចុក របស់ក្រុមគ្រូពេទ្យប៉ុណ្ណោះ ប៉ុន្តែសម្រាប់ការស្នាក់នៅ ត្រូវឲ្យអភិបាលខេត្ត ជាអ្នកទទួលខុសត្រូវទាំងអស់ ។

សម្ដេចសង្ឃឹមថា អភិបាលខេត្តទាំងអស់ ច្បាស់ជានឹងធ្វើបាននូវកិច្ចការងារនេះ ដោយមានការសហការល្អ ជាម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់នៅមូលដ្ឋាន ដើម្បីកាត់បន្ថយការចំណាយ របស់ថ្នាក់ជាតិដែលជាចំណូល របស់សប្បុរសជន ទុកចំណាយទៅលើប្រតិបត្តិការ ក្នុងដំណើរការចាក់វ៉ាក់សាំង ដោយត្រូវប្រើប្រាស់រយៈពេលចាក់វ៉ាក់សាំងនេះ មិនឲ្យអូសបន្លាយពេលយូរ ។

សូមរំលឹកថា គិតត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) និង អាស្រ្តាហ្សេនីកា (Astra Zeneca) ជូនជនស៊ីវិលទូទាំងប្រទេស បានចំនួន ២៥២.៥០៧នាក់ ។ ដោយឡែក សម្រាប់ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) លើកទី១ ជូនកងកម្លាំងកើន ដល់ចំនួនសរុប១៣០.៩៥៥នាក់ ខណៈចាក់លើកទី២ បានចំនួន ១០៧.២៨៩នាក់ ៕

បុរសម្នាក់ប្រើប្រាស់ គណនីហ្វេសប៊ុកជេរប្រមាថ សម្តេចតេជោ ត្រូវបានឃាត់ខ្លួន បញ្ជូនទៅតុលាការ

ភ្នំពេញ៖ គណនីហ្វេសប៊ុកឈ្មោះ បូ រី ដែលបង្ហោះរូបភាពសម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីកម្ពុជាដោយបាន សរសេរខ្លឹមសារភ្ជាប់នៅលើរូបភាព ក្នុងន័យជេរប្រមាថមាក់ងាយ យ៉ាងធ្ងន់ធ្ងរដល់សម្តេចត្រូវបានឃាត់ខ្លួន បញ្ជូនទៅតុលាការ អនុវត្តតាមផ្លូវច្បាប់ហើយ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ។ នេះបើតាមការផ្សាយរបស់ ស្នងការនគរបាលខេត្តបាត់ដំបង។

ម្ចាស់គណនីហ្វេសប៊ុកនេះ មានឈ្មោះពិតគឺ ហួន បូរី ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅ ភូមិគគីរ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ហើយបានសរសេរបង្ហោះកាលពីថ្ងៃ២៩ មីនា ក្រោយសរសេរបានប៉ុន្មានម៉ោង ក៏ត្រូវបានអាជ្ញាធរមានសមត្ថកិច្ច ស្រាវជ្រាវឃើញនិងសួរនាំ រហូតដល់ឃាត់ខ្លួនតែម្តង។

នៅចំពោះមុខសមត្ថកិច្ច បុរសនេះបានសារភាពថា ខ្លួនពិតជាបាន ប្រើប្រាស់រូបភាពនិងសរសេរខ្លឹមសារ ប្រមាថមាក់ងាយចំពោះសម្តេចតេជោ ប្រាកដមែន ។

សមត្ថកិច្ចនគរបាលរៀបចំ សំណុំរឿងបញ្ជូនបុរសជា ម្ចាស់គណនីហ្វេសប៊ុកខាងលើ ទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់ ៕

បើបដិវត្តន៍ពណ៌រៀបចំ ដោយក្រុមបាតដៃទី៣ ជោគជ័យនៅភូមា ប្រាកដរាលដាលដល់ថៃ-ខ្មែរហើយ

ភ្នំពេញ៖ អ្នកតាមដាន ភូមិសាស្ត្រ នយោបាយ លោក តាន់ វុទ្ធា ក្រើនរំលឹកឲ្យខ្មែរត្រូវដឹងថា បើបដិវត្តន៍ពណ៌រៀបចំដោយ ក្រុមបាតដៃទីបីជោគជ័យនៅភូមា វាប្រាកដជារាលដាលដល់ថៃ និងខ្មែរហើយ ។ ដូច្នេះខ្មែរត្រូវសញ្ចឹងគិតទៀតថា ហេតុអ្វីវៀតណាមជារដ្ឋកុម្មុយនិស្តសោះ តែបែរជាគាំទ្រក្រុមបាតុករនៅភូមា?

លោក តាន់ វុទ្ធា រៀបរាប់ថា ឆ្នាំ១៩៨៨ ស្លាប់បាតុករជាង៣០០០ នាក់ ឆ្នាំ២០២១ ស្លាប់បាតុករជាង ៣០០ មានអីអស្ចារ្យសំរាប់ពួកយោធាភូមា។ ពួកយោធាតែងគិតថា ពួកគេជាអ្នកមានគុណ តែមួយគត់របស់ប្រទេសនេះ ព្រោះបើគ្មានពួកគេ ប្រទេសភូមានឹងបាក់បែកខ្ទេចតែម្តង ហើយបាតុកម្ម វាគ្រាន់តែជានយោបាយបរទេស បំបែកឯកភាពជាតិភូមាប៉ុណ្ណោះ។ ពួកយោធាចង់បានប្រជាធិបតេយ្យ តាមស្ថានភាពវប្បធម៌ប្រពៃណីរបស់ភូមា ដែលពួកបច្ចឹមលោកមិនអាចលូកដៃកកូរផ្ទៃក្នុងបាន។

ពួកយោធាមិនដែលខ្លាចសម្ពាធម្តងណាទ្បើយ ដោយសារពួកគេមានខ្នងបង្អែកយ៉ាងរឹងមាំ។ ចូរកុំសង្ឃឹមលើ UN ឲ្យសោះ ព្រោះUN គ្រាន់តែជាបាល់សំរាប់ពួក មហាអំណាចទាត់លេងប៉ុណ្ណោះ ដោយសារពួកប្រទេសមហា អំណាចជាអ្នកចិញ្ចឹម UN ឲ្យរស់ទាំងទឹកភ្នែក។

ក៏ចូរកុំសង្ឃឹមទ្បើយថា អាមេរិកហ៊ានធ្វើអន្តរាគមន៍យោធានៅភូមា ព្រោះភូមាមិនមែនលីប៉ី អ៊ីរ៉ាក់ ឬ Afghanistan ដែលជាតំបន់យុទ្ធសាស្រ្តប្រេង របស់អាមេរិកទ្បើយ។ ម្យ៉ាង ភូមាជាសំយ៉ាបផ្ទះចិន, ចិនស៊ូដាច់ក្បាលចោល ក៏មិនព្រមឲ្យអាមេរិកមកគៀក និងបិទផ្លូវសមុទ្ររបស់ខ្លួនបានជាដាច់ខាត។ អាមេរិកធ្លាប់រត់ផាស់ក្រញាំ ដោយសារចិនពីរដងហើយ គឺសង្រ្គាមវៀតណាម និងសង្រ្គាមកូរ៉េ ដែលឆ្អឹងខ្មោចទាហានអាមេរិក យកមិនទាន់អស់ផងមកទល់សព្វថ្ងៃ ពេលនោះចិនក្ររហាមផង ចុះទំរាំចិនឥទ្បូវ ៕

រាជរដ្ឋាភិបាលកម្ពុជា មិនឲ្យពលរដ្ឋ ចេញក្រៅផ្ទះ បើគ្មានការចាំបាច់ នាឱកាសចូលឆ្នាំខ្មែរ

ភ្នំពេញ ៖ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ខាងមុខនេះ ដែលប្រព្រឹត្តិ ទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ខាងមុខ រាជរដ្ឋាភិបាលកម្ពុជា បានស្នើកុំឲ្យប្រជាពលរដ្ឋ ចេញពីក្រៅផ្ទះ បើគ្មានការចាំបាច់ ដើម្បីចូលរួមទប់ ស្កាត់ជំងឺកូវីដ១៩ ។

ការស្នើរបស់រាជរដ្ឋាភិបាលនេះ ដោយសារព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មកដល់ថ្ងៃទី៣១ មីនានេះ ហើយនៅតែមិនទាន់ធូរស្រាលនៅឡើយ ។

យោងតាមសារាចរណែនាំ របស់រាជរដ្ឋាភិបាលស្តីពីវិធានការបង្ការ និង ទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ១៩នាថ្ងៃចូលឆ្នាំខ្មែរ ចេញផ្សាយនាថ្ងៃ៣១ មីនានេះបានឲ្យដឹងថា “សូមនៅជួបជុំក្រុមគ្រួសារ តាមគេហដ្ឋានរៀងៗខ្លួន ចៀសវាងការធ្វើដំណើរ ចេញក្រៅផ្ទះដោយមិនចាំបាច់ និងចៀសវាងការធ្វើដំណើរ មិនចាំបាច់ឆ្លងកាត់រាជធានី -ខេត្ត”។

ជាមួយគ្នានេះ ត្រូវចៀសវាងនូវការធ្វើដំណើរ មិនចាំបាច់ទៅកាន់ ឬចេញ-ចូលតំបន់ ឬទីកន្លែង ដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ កំណត់ដោយក្រសួងសុខាភិបាល និងអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធ ។ ជាពិសេសចៀសវាងនូវការរៀបចំពិធីផ្សេងៗ រួមទាំងពិធីសាសនាផង ឬការជួបជុំគ្នាទាំងឡាយណា ដែលមានសភាពអ៊ូអរ និងមានមនុស្សចូលរួមច្រើន។

ក្នុងនោះត្រូវចូលរួមអនុវត្ត វិធានការ ៣ ការពារ និង ៣ កុំ ព្រមជាមួយនឹងវិធានការសុខាភិបាលចាំបាច់ផ្សេងទៀត សំដៅបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ឲ្យបានខ្ជាប់ខ្លួន និងគ្រប់ៗគ្នា។

ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏ក្រើនរំលឹក និងអំពាវនាវជាថ្មីម្តងទៀត ដល់ក្រុមហ៊ុន និងអាជីវករដឹក ជញ្ជូន អ្នកដំណើរគ្រប់ប្រភេទ មិនត្រូវតម្លើងថ្លៃសេវាដឹកជញ្ជូន អ្នកដំណើរឡើយ និងត្រូវយកចិត្តទុកដាក់ អនុវត្តវិធានការ សុខាភិបាល សំដៅបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ដោយម៉ត់ចត់ និងខ្ជាប់ខ្ជួន ចំពោះអ្នកដំណើរនៅលើយានយន្តរបស់ខ្លួន។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃ៣១ មីនា កម្ពុជាមានអ្នកឆ្លង សរុបចំនួន២៤៤០ នាក់អ្នកជាសះស្បើយ ចំនួន១១៩១ នាក់ អ្នកកំពុងព្យាបាលចំនួន១២៣៤ នាក់ និងអ្នកស្លាប់ចំនួន១១ នាក់ ៕

អតីតមន្ដ្រី ជាន់ខ្ពស់-យុវជន របស់អតីតគណបក្ស សង្រ្គោះជាតិ សុំចូលរួម ជីវភាពនយោបាយ ជាមួយគណបក្ស ប្រជាជនកម្ពុជា

ភ្នំពេញ៖ អតីតមន្ដ្រីជាន់ខ្ពស់ របស់អតីតគណបក្ស សង្គ្រោះជាតិម្នាក់ ដែលមានតួនាទី ជាជំនួយការលោក សម រង្ស៉ី, លោកស្រី ជូឡុង សូម៉ារ៉ា, លោក យឹម សុវណ្ណ ព្រមទាំងជាអតីតប្រធានរដ្ឋបាល ខុទ្ទកាល័យ លោក សម រង្ស៉ី បូករួមជាមួយមនុស្ស ២នាក់ទៀត ជាអតីតយុវជន របស់អតីតបក្សនេះ បានប្រកាស សុំចូលរួម ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ។ 

នេះបើតាមការបញ្ជាក់ឲ្យដឹង ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សមាជិកគណកម្មាធិការកណ្ដាល គណបក្រប្រជាជនកម្ពុជា និងជាអុនប្រធាន គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ក្នុងឱកាសពិធីប្រកាសបញ្ចូល សមាជិកគណបក្ស ប្រជាជនជនកម្ពុជាថ្មី ទាំងប៉ុន្មានរូបនេះ នៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជាខណ្ឌដូនពេញ នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។

លោក ឃួង ស្រេង បានលើកឡើងថា អតីតមន្ដ្រីរបស់អតីតគណបក្សសង្គ្រោះជាតិ ទាំង៣នាក់នោះរួមមាន៖ ទី១៖ ឈ្មោះ ឃាន វិសេស អាយុ៣២ឆ្នាំ ដែលកាល នៅគណបក្សសង្គ្រោះជាតិមានតួនាទីជា ជំនួយការ លោក សម រង្ស៉ី, លោកស្រី ជូឡុង សូម៉ារ៉ា, លោក យឹម សុវណ្ណ ព្រមទាំងជាអតីតប្រធានរដ្ឋបាលខុទ្ទកាល័យ លោក សម រង្ស៉ី។ទី២៖ ឈ្មោះ សៅ ឧសភា អាយុ២៧ឆ្នាំ អតីតយុវជនគណបក្សសង្គ្រោះជាតិ និងជាអនុប្រធាន យុវជនស្រុកព្រៃនប់ ។ ទី៣៖ ឈ្មោះ យូ ច័ន្ទធានី អាយុ២៧ឆ្នាំ អតីតយុវជនគណបក្សគណបក្ស និងជាអតីតសមាជិកក្រុមហ្វេសប៊ុក សម រង្ស៊ី។

លោកអភិបាល បានបញ្ជាក់ផងដែរថា ការដែលពួកគេស្ម័គ្រចិត្តចូលមករួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជានេះ គឺគិតបានត្រឹមត្រូវហើយ ព្រោះគណ បក្សប្រជាជនកម្ពុជា មិនត្រឹមតែ បានរំដោះប្រទេសជាតិ ចេញពីការកាប់សម្លាប់នោះទេ គឺបានធ្វើការអភិវឌ្ឍ ប្រទេសជាតិមួយនេះ ឲ្យមានការអភិវឌ្ឍរីកចម្រើន រហូតដល់សព្វថ្ងៃនេះថែមទៀត។ 

លោកឃួង ស្រេង បានបន្ថែមថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សស្នូល ក្នុងការបង្រួបបង្រួមជាតិ ស្វែងរកសន្តិភាព ហើយអ្វីៗដែលមាននៅសព្វថ្ងៃនេះ គឺជាសមិទ្ឋិផល នៃមរតកសុខសន្តិភាព និងការអភិវឌ្ឍ ដែលកើតឡើង ដោយការខិតខំប្រឹងប្រែង របស់ឥស្សរជនគណបក្សប្រជាជនកម្ពុជា។

ជាងនេះទៅទៀត ខណៈប្រទេសជាតិ កំពុងស្ថិតក្នុងគ្រោះថ្នាក់ ដោយជំងឺកូវីដ-១៩នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធាន គណបក្សប្រជាជនកម្ពុជា បានស្វះស្វែងរកគ្រប់មធ្យោបាយ ដើម្បីទិញវ៉ាក់សាំង មកចាក់ការពារជំងឺ-១៩ ដល់ជូនប្រជាពលរដ្ឋថែមទៀត។

ក្នុងឱកាសនោះដែរ លោកឃួង ស្រេងបានមានប្រសាសន៍ថា សម្រាប់ការបង្ការ ទប់ស្កាត់នូវជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរួចហើយ នូវអង្ករ ប្រមាណ១០ម៉ឺនតោន ដើម្បីទុកចែកជូន ប្រជាពលរដ្ឋ ដែលរងគ្រោះ និងប្រជាពលរដ្ឋ ងាយរងគ្រោះ ក្នុងអំឡុងពេលការរាតត្បាតនៃជំងឺកូវី-១៩ ៕

សម្ដេចតេជោ អនុញ្ញាតឲ្យប្រេីប្រាស់ បន្ទប់ព្យាបាលអ្នកជំងឺចល័ត ដេីម្បីព្យាបាលនិងសង្គ្រោះ ដល់អ្នកសង្ស័យ ឆ្លងជំងឺកូវីដ-១៩

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយ: លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ និង លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) បានអនុញ្ញាតឲ្យមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិន ព្រះកុសុមៈ ប្រេីប្រាស់នូវ បន្ទប់ព្យាបាលអ្នកជំងឺចល័ត ដេីម្បីព្យាបាល និងសង្គ្រោះ ដល់អ្នកជំងឺសង្ស័យ ក្នុងកំឡុងពេលរងចាំលទ្ធផលតេស្ត។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) បានឲ្យដឹងបន្ថែមថា នេះគឺជាការគិតគូរ យកចិត្តទុកដាក់ដល់សុខទុក្ខ របស់ប្រជាជន ប្រកបដោយទឹកចិត្តដ៏ល្អប្រពៃ និងបេះដូងមនុស្សធម៌ របស់ប្រមុខថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល និងដើម្បីជួយសម្រួល ដល់មន្ទីរពេទ្យ ដែលកំពុងព្យាបាល អ្នកជំងឺកូវីដ១៩ និងដេីម្បីបង្កេីន ការយកចិត្តទុកដាក់ភ្លាមៗ ដល់អ្នកជំងឺដែល មានអាការ:សង្ស័យ ជំងឺកូវីដ-១៩។

សូមរំលឹកថា ក្រោយមានបទបញ្ជា ពីប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការ គ្រប់គ្រងសន្ដិសុខ និងសណ្ដាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក បានប្រើពេលត្រឹមតែ ៣៣ម៉ោងប៉ុណ្ណោះ ដើម្បីកែប្រែសណ្ឋាគារ The Great Duke ឲ្យក្លាយទៅជា មន្ទីរពេទ្យ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ដែលអាចព្យាបាលអ្នកជំងឺប្រមាណ ៥០០នាក់។ដោយឡែកត្រឹមរយៈពេល១៧ថ្ងៃ អតីតមន្ទីរពេទ្យស្ត្រីនគរទេព មួយទៀត ក៏ត្រូវបាន លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត រៀបចំរួចរាល់ និងបានចាប់ផ្ដើមទទួលព្យាបាល អ្នកជំងឺកូវីដ១៩៕

លោក ឃួង ស្រេង បញ្ជាឲ្យចាប់ ឡាន-ម៉ូតូ​ បើល្មើសបម្រាម ធ្វើដំណើរ ពីម៉ោង៨យប់ដល់៥ភ្លឺ ក្នុង២សប្តាហ៍

ភ្នំពេញ ៖ ភ្លាមៗបន្ទាប់ពីចេញសេចក្តីសម្រេច ស្ដីពីការអនុវត្តវិធានការរដ្ឋបាល ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការ រីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដោយផ្អាកជាបណ្តោះអាសន្ន នូវការធ្វើចរាចរ និងសកម្មភាពអាជីវកម្ម ក៏ដូចការប្រមូលផ្តុំនានា នាពេលយប់ ២សប្តាហ៍ហើយនោះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាក់បន្ថែមថា បើនៅតែបន្តរឹងទទឹង ធ្វើដំណើរ ក្នុងចន្លោះម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ សមត្ថកិច្ចនឹងឃាត់យានជំនិះ ទុក១៤ថ្ងៃ ហើយតម្រូវឲ្យម្ចាស់ធ្វើចត្តាឡីស័ក១៤ថ្ងៃនៅផ្ទះផងដែរ ។

ផ្ទាំងពាណិជ្ជកម្ម

លោក ឃួង ស្រេង បានធ្វើការបញ្ជាក់ជាថ្មី នារសៀលថ្ងៃទី១ មេសា ទៅឲ្យគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ ក៏ដូចជាគណៈបញ្ជាការ ឯកភាពខណ្ឌទាំង១៤ ឲ្យពិនិត្យ និងអនុវត្តឲ្យបានម៉ឺងម៉ាត់ នូវសេចក្តីសម្រេចដោយកំណត់ថា “ក្នុងករណីណែនាំល្ងាចនេះហើយ ថ្ងៃស្អែកយើងអនុវត្តនូវ សេចក្តីសម្រេចរបស់យើង ដោយឃាត់មនុស្សដែលធ្វើចរាចរមិនអនុវត្តសេចក្តីសម្រេច យកទៅធ្វើចត្តាឡីស័ក នៅក្នុងខណ្ឌមួយៗ រៀងៗខ្លួននោះ សូមកែថា យើងកុំចាំបាច់ ឃាត់គាត់ តែយើងរក្សាទុក សម្ភារៈមធ្យោបាយរបស់គាត់” ។

លោកអភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា “ឧទាហរណ៍ថា បើគាត់ជិះម៉ូតូ យកម៉ូតូទៅទុក ហើយឲ្យមនុស្សទៅធ្វើចត្តាឡីស័ក នៅផ្ទះរបស់គាត់ ជិះឡានយកឡានទៅទុក ហើយឲ្យមនុស្សទៅធ្វើចត្តាឡីស័កនៅផ្ទះគ្រប់១៤ថ្ងៃ ទើបឲ្យគាត់មកទទួលសម្ភារៈនេះឡើងវិញ ។ ក្នុងករណីដែលគាត់ទៅធ្វើចត្តាឡីស័ក អាជ្ញាធរមូលដ្ឋានពិនិត្យឃើញថា គាត់មិនអនុវត្ត តាមការណែនាំ របស់សមត្ថកិច្ចយើង នោះយើងនិង អនុវត្តនូវការផាកពិន័យបន្តទៀត ។ នេះជាការកែតម្រូវ នឹងសេចក្តីណែនាំបន្ថែម សូមឲ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក៏ដូចជាគណៈឯកភាព ខណ្ឌទាំង១៤អនុវត្តគោលការណ៍នេះ” ។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃ១ មេសា បានចេញសេចក្តីសម្រេច ស្ដីពីការអនុវត្តវិធានការរដ្ឋាបាល ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការ រីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ដ្រ រាជធានីភ្នំពេញ ក្នុងនោះ ផ្អាកជាបណ្តោះអាសន្ន នូវការធ្វើចរាចរ សកម្មភាពអាជីវកម្ម និងការប្រមូលផ្តុំនានា នាពេលយប់ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ ក្នុងរយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ។

ចំពោះអាជីវកម្ម ដែលតម្រូវឲ្យផ្អាកនោះ គឺផ្នែកអាហារនិងភេសជ្ជៈ ដូចជា តូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីយដ្ឋាន នៅតាមសណ្ឋាគារ ប៉ុន្តែទីតាំងអាជីវកម្មទាំងអស់ អាចលក់ជាលក្ខណៈវេជ្ជខ្ចប់បាន ៕

រាជរដ្ឋាភិបាល ដាក់ ចេញ ផែនការមេកំណត់ចក្ខុវិស័យ ឱ្យខេត្តសៀមរាប ទាក់ទាញភ្ញៀវទេសចរ បានជាង១៨លាននាក់ និងទទួលចំណូល ជាង៦ពាន់លានដុល្លារ នៅឆ្នាំ២០៣៥

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានក្ដីរំពឹងថា ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀម រាប ឆ្នាំ២០២១-២០៣៥ នឹងទាក់ទាញភ្ញៀវទេសចរ ជាតិ-អន្តរជាតិ ប្រមាណ១៨,៤លាននាក់ ក្នុងនោះ បង្កើតការងារ ប្រមាណ៩៤ម៉ឺននាក់ និងទទួលចំណូលក្នុងចរន្តសេដ្ឋកិច្ចខេត្តសៀមរាប ប្រមាណ៦ពាន់លានដុល្លារ។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បា នថ្លែងថា ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥ រៀបចំដោយ គណៈកម្មការអន្ដរក្រសួង ដើម្បីសិក្សារៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប។ ផែនការមេនេះ មានគោលដៅធ្វើឱ្យខេត្តសៀមរាប អាចក្ដាប់យកមកវិញនូវមោទនភាព ជាគោលដៅទេសចរណ៍ចម្បងនៅប្រទេសកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍ ក្នុងរយៈ ពេលមធ្យម និងវែង។

សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា «ផែនការមេនេះ កំណត់ចក្ខុវិស័យឱ្យខេត្តសៀមរាបទាក់ទាញ និងទទួលភ្ញៀវទេស ចរជាតិ និងអន្តរជាតិ ចំនួនប្រមាណ១៨,៤លាននាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិ ចំនួនប្រមាណ១០,៩លាននាក់ និងទេសចរអន្តរជាតិ ចំនួនប្រមាណ៧,៥លាននាក់ បង្កើតការងារ ប្រមាណ៩៤ម៉ឺននាក់ នាំចំណូលហូរចូល ក្នុងចរន្ត សេដ្ឋកិច្ចខេត្តសៀមរាប ប្រមាណ៦ពាន់លានដុល្លារអាមេរិក និងធ្វើឱ្យខេត្តនេះ និងតំបន់ជុំវិញក្លាយជាគោលដៅទេស ចរណ៍ប្រកបដោយគុណភាពឆ្ពោះទៅ ឆ្នាំ២០៣៥ តាមរយៈការដាក់ចេញ និងអនុវត្តនូវគោលដៅយុទ្ធសាស្ត្រ»។

សម្ដេចតេជោ បន្ថែមថា គោលដៅទេសចរណ៍ប្រកបដោយគុណភាពឆ្ពោះទៅ ឆ្នាំ២០៣៥ តាមរយៈដាក់ចេញ និងអនុ វត្តនូវគោលដៅយុទ្ធសាស្ត្រ មានចំនួន៧ រួមមាន៖ ទី១,ការអភិវឌ្ឍតំបន់ទេសចរណ៍អាទិភាពនៅខេត្តសៀមរាប ,ទី២-ការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ ,ទី៣-ការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍មកខេត្តសៀមរាប ,ទី៤-ការពង្រឹ ងគុណភាព និងនិរន្តរភាព នៃការអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប ,ទី៥-ការគ្រប់គ្រងបរិស្ថាននៅខេត្តសៀមរាប ,ទី៦- ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងការតភ្ជាប់គាំទ្រវិស័យទេសចរណ៍នៅខេត្តសៀមរាប និងទី៧-ការពង្រឹងអភិបា លកិច្ច សម្រាប់ទ្រទ្រង់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប។

សម្ដេចតេជោ ក៏លើកឡើងថា ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ដាក់ចេញនូវយុទ្ធ សាស្ដ្រ ចំនួន៤៤ សកម្មភាពអនុវត្ត ចំនួន១៣៦ សម្រាប់រយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង អមជាមួយ គម្រោងសកម្មភាពអាទិភាព ចំនួន២០៕

កិច្ចសហការ និងជំនួយរបស់ចិន ក្នុងការទប់ស្កាត់កូវីដ១៩ នៅកម្ពុជា សំណួរទៅកាន់លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន

សំណួរទី១៖ ឯកឧត្តមឯកអគ្គរដ្ឋទូត ជាសំណួរបឋមរបស់ខ្ញុំ តើឯកឧត្តមយល់យ៉ាងណា ចំពោះវិធានការទប់ស្កាត់កូវីដ ១៩ និងការពន្លឿនការចាក់វ៉ាក់សាំងដល់ពលរដ្ឋ របស់ រដ្ឋាភិបាលកម្ពុជានាពេលកន្លងមកនិងបច្ចុប្បន្ននេះ?

ឆ្លើយ៖ ក្នុងនាមជាមន្រ្តីការទូតមួយរូប ខ្ញុំតាមពិតទៅមិនគួរអត្ថាធិប្បាយ អំពីកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជាទេ ប៉ុន្តែលោកបានលើកឡើងជាសំណួរហើយ ខ្ញុំនឹងលើកពីអារម្មណ៍ផ្ទាល់របស់ខ្ញុំ៖
ដំបូង ខ្ញុំយល់ថាស្ថិតក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កិច្ចទប់ស្កាត់លើជំងឺវីរុសនៅក្នុងប្រទេសកម្ពុជា ត្រូវបានអនុវត្តយ៉ាងល្អប្រសើរ។ ហើយកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមជាច្រើនដែលមានលទ្ធផលល្អបំផុតលើកិច្ចទប់ស្កាត់នឹងជំងឺវីរុស ក៏ទទួលបានការទទួលស្គាល់ពីសហគមន៍អន្តរជាតិ។

ទី២គឺ ការប្រកាន់ខ្ជាប់នូវគោលការណ៍”យកប្រជាជនជាធំ”។ ដើម្បីកាត់បន្ថយបន្ទុករបស់ប្រជាពលរដ្ឋ រដ្ឋាភិបាលបានដាក់ចេញ នូវគោលនយោបាយដោយផ្តល់ការធ្វើចត្ថាឡីស័ក ព្យាបាល និងចាក់វ៉ាក់សាំងដោយ ឥតគិតថ្លៃជូនដល់ប្រជាជន បានផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារ ដែលទទួលរងផលប៉ះពាល់ នៃជំងឺវីរុសកូវីដ និងបានខិតខំជួយសង្គ្រោះអ្នក ដែលមានផ្ទុកជំងឺវីរុសកូវីដ-១៩។

ទី៣គឺ កម្ពុជាយកចិត្តទុកដាក់លើ កិច្ចសហប្រតិបត្តិការអន្តរជាតិ លើការទប់ស្កាត់នឹងជំងឺវីរុសកូវីដ-១៩។ កម្ពុជាបានយកចិត្តទុកដាក់ខ្លាំង ជាមួយកិច្ចសហប្រតិបត្តិការ ជាមួយការិយាល័យអង្គការ សុខភាពពិភពលោកប្រចាំកម្ពុជា ក៏ដូចជាប្រទេសចិននិងបណ្តាប្រទេសជាមិត្តផងដែរ។ ខណៈពេលដែលមានការផ្ទុះឡើងនូវជំងឺវីរុស កម្ពុជាក៏បានផ្តល់ជំនួយជាសម្ភារទប់ស្កាត់នឹងជំងឺវីរុសជាច្រើនដល់ ប្រទេសជាមិត្តមានដូចជា ប្រទេសចិនជាដើម។ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអនុញ្ញាតឲ្យនាវាបរទេស ដែលគ្មានទីចុះចតអាចចុះចតបានក្នុងកំពង់ផែខេត្តព្រះសីហនុ នេះបានបង្ហាញពីស្មារតីមនុស្សធម៌ អន្តរជាតិដ៏ថ្លៃថ្លារបស់កម្ពុជាទៅកាន់ពិភពលោក។

ជារួម ស្ថានភាពជំងឺវីរុសនៅក្នុងប្រទេសកម្ពុជា អាចគ្រប់គ្រងបានល្អ ទោះបីជាមានការផ្ទុះឡើងសាជាថ្មីនៃជំងឺវីរុសក៏ពិតមែន ប៉ុន្តែខ្ញុំជឿជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចនាយករដ្ឋមន្រ្តី ប្រទេសកម្ពុជាប្រាកជាអាចយកឈ្នះ លើការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសមួយនេះ យ៉ាងជោគជ័យជាមិនខាន។

ចំពោះការងារចាក់វ៉ាក់សាំង នៅក្នុងប្រទេសកម្ពុជាវិញ ខ្ញុំយល់ថាត្រូវបានដំណើរការយ៉ាងរលូនបំផុត។ ប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសអាស៊ាន មួយចំនួនដែលបានចាក់វ៉ាក់សាំងកូវីដមុនគេ។ ដើម្បីអនុវត្តការងារចាក់វ៉ាក់សាំង ប្រកបដោយសណ្ដាប់ធ្នាប់ រដ្ឋាភិបាលបានបង្កើតគណកម្មាធិការ បញ្ជាទិញវ៉ាក់សាំង (ឬគណកម្មាធិការលទ្ធកម្មវ៉ាក់សាំង) និងគណកម្មាធិការចាក់វ៉ាក់សាំង។

បានខិតខំយ៉ាងសកម្ម ក្នុងការទទួលបានវ៉ាក់សាំងកាន់តែច្រើន ម្យ៉ាងវិញទៀតបានរៀបចំការងារ ចាក់វ៉ាក់សាំងដោយផ្អែក តាមក្រុមអាទិភាព និងតាមលំដាប់លំដោយ។ យើងជឿជាក់ថា ដោយមានការសម្របសម្រួល ពីរដ្ឋាភិបាលកម្ពុជានិងកិច្ចសហការយ៉ាងសកម្មពីប្រជាជន ភាគីកម្ពុជានឹងអាចសម្រេចបាន នូវផែនការចាក់វ៉ាក់សាំងកូវីដដែលបានកំណត់ដោយរាជរដ្ឋាភិបាល ក្នុងពេលឆាប់ៗនេះ។

សំណួរទី២៖ ចិនត្រូវបានគេមើលឃើញថា ជាប្រទេសដែលបានចូលរួម យ៉ាងសកម្មជាមួយ រដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់កូវីដ ១៩ ដោយចិនបានជួយទាំងសម្ភារ និងក្រុមគ្រូពេទ្យជំនាញ ហើយថ្មីៗនេះទៀត ចិនក៏ផ្តល់វ៉ាក់សាំង Sinopharm ដល់កម្ពុជា ដំបូងគេផងដែរ។ តើមានកត្តាអ្វីខ្លះ បានជារដ្ឋាភិបាលចិនប្រឹងប្រែង ជួយដល់កម្ពុជាបែបនេះ? ហេតុអ្វីបានចិនផ្តល់វ៉ាក់សាំងដល់កម្ពុជាមុនគេ?

ឆ្លើយ៖ចិននិងកម្ពុជាគឺជាមិត្តដែកថែប និងជាសហគមន៍ជោគវាសនារួម ដែលតែងគាំទ្រគ្នានិងជួយគ្នាទៅវិញទៅមក។ ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺវីរុសកូវីដ-១៩មក ប្រជាជនទាំងពីរប្រទេសបានរួមសុខទុក្ខជាមួយគ្នា ជួយយកអាសាគ្នាទៅវិញទៅមក បង្កើតបានជាគំរូនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ លើកិច្ចទប់ស្កាត់នឹងជំងឺវីរុស។

ខណៈពេលដែលចិនស្ថិតក្នុងគ្រាលំបាកបំផុត នៃកិច្ចទប់ស្កាត់នឹងជំងឺវីរុសកូវីដ-១៩ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលដែលព្រះអង្គទាំងទ្វេ បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានជាសម្ភារ និងព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តម ជូនដល់ប្រជាជនចិន។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបំពេញទស្សនកិច្ចជាបន្ទាន់ទៅកាន់ប្រទេសចិនខណៈពេលដែល កំពុងតែធ្លាក់ព្រិលយ៉ាងខ្លាំង។ សម្ភារៈសម្រាប់កិច្ចទប់ស្កាត់នឹងជំងឺវីរុសដែលទីក្រុងអ៊ូហាន់ទទួលបាន មុនគេពីក្រៅប្រទេសគឺ មកពីប្រទេសកម្ពុជា។

ក្រោយពីកម្ពុជាមានការ ផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩មក ដើម្បីសងគុណ រដ្ឋាភិបាលចិននិងកងទ័ពរំដោះប្រជាជនចិន បានចាត់បញ្ជូនក្រុមអ្នកជំនាញ វេជ្ជសាស្រ្តមកកាន់ប្រទេសកម្ពុជាដែលជាប្រទេសដំបូងគេក្នុងតំបន់ និងនៅលើពិភពលោក និងបានផ្តល់ជំនួយជាសម្ភារ ទប់ស្កាត់នឹងជំងឺវីរុសយ៉ាងច្រើនផងដែរ។ ក្រោយពីវ៉ាក់សាំងចិន មានលក្ខខណ្ឌគ្រប់គ្រាន់ ក្នុងការប្រើប្រាស់នៅលើទីផ្សារ ភាគីចិនបានផ្តល់ជំនួយជា វ៉ាក់សាំងមុនគេមកកាន់ប្រទេសកម្ពុជា។ នេះគឺជាអត្ថន័យនៃមិត្តភាពដែកថែប រវាងប្រទេសទាំងពីរ និងសហគមន៍ជោគវាសនារួម។

សំណួរទី៣៖ និយាយដល់ចំណុចនេះ ខ្ញុំចង់បើករង្វង់ក្រចកឆ្លៀត សួរឯកឧត្តមទាក់ទង នឹងដំណើរទៅកាន់ប្រទេសចិនកាលពីថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២០ របស់សម្តេចតេជោ ក្នុងពេលដែលប្រទេសខ្លះរើសអើងចិនពេលនោះ ដោយសារកូវីដ ១៩។ តើដោយសារដំណើរ ទៅកាន់ប្រទេសចិនពេលនោះរបស់សម្តេច ហ៊ុន សែន ធ្វើឲ្យរដ្ឋាភិបាលនិងប្រជាជនចិនរំភើប ទើបក្លាយជាមូលហេតុសំខាន់មួយក្នុងចំណោម មូលហេតុផ្សេងទៀត ដែលចិន ជួយជ្រោមជ្រែងកម្ពុជានៅពេលនេះ?

ឆ្លើយ៖ សម្តេចតេជោនាយករដ្ឋមន្រ្តី ជាប្រមុខរដ្ឋនៃរដ្ឋាភិបាលបរទេស ដំបូងគេដែលបានបំពេញទស្សនកិច្ចក្នុងប្រទេសចិន ខណៈពេលដែលចិនកំពុងផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩។ នាពេលនោះ រដ្ឋធានីប៉េកាំងកំពុងតែធ្លាក់ព្រិលយ៉ាងខ្លាំង ក្រោយពីសម្តេចតេជោអញ្ជើញចុះពីយន្តហោះ ឯកឧត្តម Wang Yi ទីប្រឹក្សារដ្ឋចិនបានឱបស្វាគមន៍ យ៉ាងស្និទជាមួយសម្តេចតេជោ បានធ្វើឱ្យបេះដូងប្រជាជនចិន ទូទាំងប្រទេសមានភាពកក់ក្តៅជាខ្លាំង។

មិត្តក្នុងបណ្ដាញប្រព័ន្ធអ៊ីនធើណេតបានវាយតម្លៃខ្ពស់ ជាមួយដំណើរទស្សនកិច្ច ជាបន្ទាន់របស់សម្តេចតេជោ និងបានប្រសិទ្ធនាមថា សម្តេចជាវីរបុរសសង្ហារ ក្នុងដំណើរបញ្រ្ចាសទិស។ សម្តេចក៏ទទួលបានការកោតសរសើរខ្ពស់ពីសហគមន៍អន្តរជាតិ។

ដំណើរជាក់ស្តែងនៃ ដំណើរទស្សនកិច្ចលើកនេះ បានបង្ហាញពីការគាំទ្ររបស់សម្ដេចនាយករដ្ឋមន្រ្តីនិងប្រជាជនកម្ពុជា ជូនចំពោះភាគីចិនក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស បានបញ្ជាក់ពីអត្ថន័យស្នូលនៃ សហគមន៍ជោគវាសនារួមរវាងចិន និងកម្ពុជា ដូចសុភាសិតមួយតែងពោលថា ស្គាល់មិត្តល្អក្នុងគ្រាលំបាក។ ក៏ត្រូវបានចារក្នុងប្រវត្តិសាស្ត្រ នៃទំនាក់ទំនងចំណងមិត្តភាពរវាងចិននិងកម្ពុជា។

សំណួរទី៤៖ វ៉ាក់សាំងដែលចិនផ្តល់ដល់កម្ពុជា បានទទួលការសាទរពីពលរដ្ឋខ្មែរជាទូទៅ ក៏ប៉ុន្តែវ៉ាក់សាំងចិននេះ ក៏ក្លាយជាប្រធានបទរបស់ ជនកេងចំណេញនយោបាយខ្លះ បានយក រឿងវ៉ាក់សាំងចិននេះ ជាប្រធានបទវាយប្រហារ និងបំភ័យថា វ៉ាក់សាំងចិនធ្វើឲ្យមាន គ្រោះថ្នាក់ដល់ស្លាប់ និងស្តីបន្ទោសរដ្ឋាភិបាលកម្ពុជាថា យកវ៉ាក់សាំងចិនមកសម្លាប់ ប្រជាជនឯង។ តើអ្វីជាការពន្យល់របស់ឯកឧត្តមចំពោះបញ្ហានេះ?

ឆ្លើយ៖ សុវត្ថិភាពនិងប្រសិទ្ធភាពនៃវ៉ាក់សាំងចិន ត្រូវបានបញ្ជាក់យ៉ាងច្បាស់លាស់។ នាពេលបច្ចុប្បន្ននេះ ជាង ៧០ ប្រទេសបានអនុញ្ញាតឱ្យប្រើ វ៉ាក់សាំងចិនជាបន្តបន្ទាប់។ តាមតួលេខវ៉ាក់សាំងដែលត្រូវបានចាក់ នៅក្នុងប្រទេសចិនមានចំនួនលើសពី ១២០ លានដូស ប្រទេសកម្ពុវិញអ្នកចាក់វ៉ាក់សាំងចិន មានចំនួនរាប់សិបម៉ឺននាក់ ក៏មិនទាន់ឃើញមាន ករណីប្រតិកម្មណាធ្ងន់ធ្ងរកើតឡើងដែរ។

បុគ្គលមួយចំនួនបានបង្កើតពាក្យ ចចាមអារ៉ាមលើបណ្ដាញអ៊ីនធើណេតថា វ៉ាក់សាំងចិនមិនមានសុវត្ថិភាព បុគ្គលមួយចំនួនធ្វើបែបនេះ ក្នុងគោលបំណងចង់ទាក់ទាញ ក្រសែភ្នែកដោយតាមរយៈព័ត៌មានមិនពិតទាំងនេះ ក៏មួយចំនួនទៀតមានគោលបំណង នយោបាយចង់បង្ខូចឈ្មោះចិន និងចង់ជ្រៀតជ្រែកការងារទប់ស្កាត់ នឹងជំងឺវីរុសនៅក្នុងប្រទេសកម្ពុជា។

ចិនមានសុភាសិតមួយតែងពោលថា ការពិតនៃរឿងរ៉ាវអាចយកឈ្នះ រាល់ពាក្យចចាមអារ៉ាមទាំងឡាយ សុវត្ថិភាពនិងប្រសិទ្ធភាពនៃវ៉ាក់សាំងចិន នឹងបង្ហាញបញ្ជាក់ជូនអ្នកទាំងអស់គ្នា នាពេលក្រោយនេះ។ ទាក់ទងនឹងពាក្យចចាមអារ៉ាមថា រដ្ឋាភិបាលកម្ពុជាប្រើប្រាស់វ៉ាក់សាំងចិន ដើម្បីសម្លាប់ប្រជាជនខ្លួនជាពាក្យផ្តេសផ្ដាស មិនគួរនិយាយបែបនេះនោះទេ។

ពាក្យចចាមអារ៉ាមតាមប្រព័ន្ធអ៊ីនធើណេត អាចបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានមួយចំនួន។ ដោយសារតែជំងឺវីរុសកូវីដ-១៩គឺជាបញ្ហាថ្មីមួយ ហើយវ៉ាក់សាំងក៏ជារឿងរ៉ាវថ្មីមួយដែរ។ អ្នកទាំងអស់គ្នាប្រហែលជា ត្រូវចាំមួយរយៈពេលទៀត។ យល់ល្អ រដ្ឋាភិបាលគួរបន្តពង្រឹងការងារ ផ្សព្វផ្សាយស្តីអំពីការចាក់វ៉ាក់សាំង ដើម្បីឲ្យប្រជាជនយល់ កាន់តែច្បាស់អំពីវ៉ាក់សាំង ដែលជាឧបករណ៍ដ៏មានប្រសិទ្ធភាពមួយ ក្នុងការបញ្ឈប់ការរីករាលដាល នៃជំងឺវីរុសកូវីដ-១៩ ដ៏ធ្ងន់ធ្ងរមួយនេះបាន។

សំណួរទី៥៖ ឯកឧត្តមអគ្គរដ្ឋទូត ប្រហែលជាធ្លាប់ឮដែរថា គ្រាន់តែសម្តេចតេជោ ប្រកាស មិនចាក់វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិនក្រោមហេតុផលលើសអាយុ ក៏មានជនខ្លះបរិហារថា សម្តេចតេជោ មិនចាក់វ៉ាក់សាំងចិន ទៅចាក់វ៉ាក់សាំង AstraZeneca នឹងធ្វើឲ្យចិនខឹង។ តើសម្រាប់ឯកឧត្តម ចាត់ទុកការចោទប្រកាន់នេះ ក្នុងរូបភាពបែបណា?

ឆ្លើយ៖ មតិដែលតែងពោលថា សម្តេចតេជោមិនចាក់វ៉ាក់សាំងចិន នឹងធ្វើឲ្យចិនខឹងគឺជាពាក្យសម្តីដែលមិនសមហេតុផលបំផុត។ អ្នកទាំងអស់គ្នាប្រាកដជាដឹងហើយថា ក្រោយពីសម្ដេចបានចាក់វ៉ាក់សាំងរួច ស្ថានទូតចិនប្រចាំកម្ពុជា បានបង្ហោះសារអបអរសាទរលើ page ផ្លូវការរបស់ស្ថានទូតផ្ទាល់។ ចិនតែងមានសុភាសិតមួយពោលថា “មិនថាឆ្មាសឬឆ្មាខ្មៅទេឱ្យតែចេះ ចាប់កណ្ដុរសុទ្ធតែជាឆ្មាល្អ”។

ដូច្នេះហើយ មិនថាជាវ៉ាក់សាំងចិន ឬវ៉ាក់សាំងផ្សេងទៀត ឱ្យតែអាចជួយប្រជាជនកម្ពុជាក្នុងការទប់ទល់ជាមួយការយាយី នៃជំងឺវីរុសកូវីដ-១៩ អាចដើរតួយ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស ការចាក់វ៉ាក់សាំងប្រភេទណាក៏ដោយ សុទ្ធតែជាបញ្ហាបច្ចេកទេសទាំងស្រុង មិនគួរយកវាធ្វើជាឈ្នាន់នៃនយោបាយឡើយ។

សំណួរទី៦៖ តើរដ្ឋាភិបាលចិន មានផែនការឬផ្តល់ជំនួយ អ្វីបន្ថែមទៀតសម្រាប់ជួយ ទប់ស្កាត់កូវីដ ១៩ នៅកម្ពុជានេះ? តើចិនអាចនឹងផ្តល់ជំនួយ ឥតសំណងនៅវ៉ាក់សាំង បន្ថែមទៀតដល់កម្ពុជា ក្រៅតែពីផ្តល់មួយលានដូសឲ្យរួចហើយនោះ?

ឆ្លើយ៖ នាថ្ងៃទី៧ ខែកុម្ភៈ វ៉ាក់សាំងដែលជាជំនួយ ជំហានដំបូងរបស់ចិនចំនួន ៦០ម៉ឺនដូសត្រូវបានដឹកជញ្ជូនមកកាន់រាជធានីភ្នំពេញ។ ភាគីចិនបានផ្តល់វ៉ាក់សាំងដែលជាជំនួយជំហានទី២ចំនួន ៧០ម៉ឺនដូស ត្រូវបានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញ កាលពីម្សិលមិញនេះ។ តាមពិតទៅ ជំនួយឥតសំណងជាវ៉ាក់សាំងមានចំនួន ១,៣លានដូសហើយ។ ខ្ញុំជឿជាក់ថា ប្រទេសចិននឹងបន្តផ្តល់ជំនួយឥតសំណង ជាវ៉ាក់សាំងដល់ប្រទេសកម្ពុជា នាពេលខាងមុខនេះ។ ខ្ញុំសង្ឃឹមថា នៅពេលមិនយូរខាងមុខនេះ ខ្ញុំនឹងអាចមកទទួលស្វាគមន៍ វ៉ាក់សាំងចិនបន្តទៀតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

កាលពីយប់មិញ ខ្ញុំនិងរដ្ឋមន្រ្តីសុខាភិបាលបាន ចូលរួមពិធីប្រគល់និងទទួលវ៉ាក់សាំង ហើយខ្ញុំក៏បានលើកឡើងថា ភាគីចិននឹងមិនត្រឹមតែបន្តផ្តល់ ជំនួយឥតសំណងជាវ៉ាក់សាំងនោះទេ នឹងបន្តផ្តល់អាទិភាពលើកិច្ចការ បញ្ជាទិញវ៉ាក់សាំងសម្រាប់ ភាគីកម្ពុជាផងដែរ។

ក្រៅពីនេះ មន្ទីរពិសោធន៍តេស្តរកជំងឺវីរុសកូវីដ ក្នុងខេត្តព្រះសីហនុដែល បានជួយសាងសង់ដោយភាគីចិននឹងបញ្ចប់ការដ្ឋានសាងសង់ ក្នុងពាក់កណ្ដាលខែមេសាខាងមុខនេះ បរិក្ខារដែលពាក់ព័ន្ធបានបញ្ជូនមកដល់ ប្រទេសកម្ពុជាហើយ ហើយសមត្ថភាពនៃ ការតេស្ដរកជំងឺវីរុសក្នុងមន្ទីរពិសោធន៍នេះអាចរហូតដល់ ១០០០នាក់/ថ្ងៃ។ ទន្ទឹមនឹងនេះ ភាគីចិននឹងបញ្ជូនអ្នកជំនាញវេជ្ជសាស្ត្រទៅកាន់ខេត្តព្រះសីហនុ ដើម្បីធ្វើការតំឡើងបរិក្ខារ និងបណ្តុះបណ្តាលជូនដល់បុគ្គលិកនៅទីនោះ។ សរុបសេចក្តីមក ភាគីចិនផ្តល់ជំនួយក្នុងកិច្ច ទប់ស្កាត់នឹងជំងឺវីរុសដល់ភាគីកម្ពុជា ដោយទាន់ពេលវេលាទៅតាម លទ្ធភាពដែលធ្វើបាន និងស្របតាមតម្រូវការ របស់ភាគីកម្ពុជា។

សំណួរទី ៧៖ ចុងក្រោយ តើឯកឧត្តម Wang Wentian មានសារអ្វីទៅកាន់ប្រជាជនកម្ពុជា និងប្រជាជនចិនកំពុងរស់នៅកម្ពុជា?

ឆ្លើយ៖ ខ្ញុំចង់ជម្រាបជូនមិត្តភក្តិកម្ពុជា ឱ្យបានជ្រាបថា ចិននិងកម្ពុជាជាបងប្អូនល្អនឹងគ្នាដែលប្រៀបដូចដៃនិងជើង គឺជាមិត្តល្អនឹងគ្នា ដែលតែងជួយគ្នាទៅវិញទៅមក។ ដរាបណាជំងឺកូវីដនៅក្នុងប្រទេសកម្ពុជាមិនទាន់បញ្ចប់ ការផ្តល់ជំនួយរបស់ចិនមកកាន់ ប្រទេសកម្ពុជាក៏មិនអាចបញ្ឈប់បានឡើយ។ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសកូវីដ ប្រជាជនចិនបន្តគាំទ្រជាមួយប្រជាជនកម្ពុជាជានិច្ច។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមជម្រាបជូនដល់ប្រជាពលរដ្ឋចិន ដែលរស់នៅក្នុងប្រទេសកម្ពុជាឲ្យបានជ្រាបថា មជ្ឈិមបក្សនិងរដ្ឋាភិបាលចិន បានយកចិត្តដាក់ខ្ពស់ ចំពោះសុខភាពរបស់អ្នកទាំងអស់គ្នា។ រដ្ឋាភិបាលកំពុងតែជំរុញ សកម្មភាពនៃចាក់វ៉ាក់សាំងនិទាឃរដូវ (Spring vaccination) ជូនដល់ប្រជាពលរដ្ឋចិនដែលកំពុង រស់នៅក្រៅប្រទេស។ បច្ចុប្បន្ននេះ ស្ថានទូតចិនប្រចាំកម្ពុជាបានអនុវត្តតាមសេចក្តីតម្រូវការ របស់ក្រសួងសុខាភិបាលកម្ពុជា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានសម្រេចផ្តល់ការចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋចិនដែលរស់នៅក្នុងប្រទេសកម្ពុជា ដោយការស្ម័គ្រចិត្ត រួមទាំងជនរួមជាតិហុងកុង ម៉ាកាវ និងតៃវ៉ាន់ បញ្ជីឈ្មោះបានប្រគល់ជូនភាគីកម្ពុជារួចហើយ។

ជាជំហានបន្ទាប់ ស្ថានទូតចិននឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយភាគីកម្ពុជា អាចដំណើរការសកម្មភាព នៃចាក់វ៉ាក់សាំងនិទាឃរដូវ (Spring vaccination) ដែលជាការលើកឡើងដោយ រដ្ឋាភិបាលចិនបានយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ ខ្ញុំក៏សង្ឃឹមថាអ្នកទាំងអស់គ្នា នឹងគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយ និងវិធានការរបស់កម្ពុជា ស្តីពីការការពារជំងឺវីរុសកូវីដ-១៩ ដើម្បីជាពលរដ្ឋចិនដែលមានទំនួលខុសត្រូវ និងប្រកបដោយអរិយធម៌ និងគោពច្បាប់បានយ៉ាងល្អ។ ជាចុងបញ្ចប់នេះ ខ្ញុំសូមជូនពរមិត្តភក្តិទាំងអស់គ្នា មានសុខភាពល្អ ជោគជ័យរាល់ភារកិច្ចទាំងឡាយ ៕

To Top