នយោបាយ

វៀតណាម ផ្ដល់ជំនួយ ២០ម៉ឺនដុល្លារ និងវាយតម្លៃខ្ពស់ ចំពោះវិធានការដ៏ម៉ឺងម៉ាត់ របស់កម្ពុជា ក្នុងការបង្ការ និងទប់ស្កាត់ ជំងឺរាតត្បាតកូវីដ-១៩

ភ្នំពេញ ៖ លោក ង្វៀន សួនហ្វុក នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម បានវាយតម្លៃខ្ពស់ ចំពោះវិធានការដ៏ម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាត កូវីដ-១៩ ជាពិសេសនៅតាមតំបន់ព្រំដែន ដែលមានការវិវត្តន៍ស្មុគស្មាញ។
ជាមួយគ្នានេះ រដ្ឋាភិបាលវៀតណាម បានផ្ដល់ថវិកាចំនួន ២០០ ០០០ដុល្លារអាម៉េរិក ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩នេះ ។

នៅក្នុងលិខិតចុះថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ ផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោក ង្វៀន សួនហ្វុក បានគូសបញ្ជាក់ថា ជំងឺរាតត្បាតកូវីដ-១៩ បាននិងកំពុងជះឥទ្ធិពលដ៏ធ្ងន់ធ្ងរដល់គ្រប់ប្រទេសលើសកលោក ។ នាពេលកន្លងមក កម្ពុជា និងវៀតណាម បានខិតខំនិងដាក់ ចេញនូវវិធានការ គ្រប់គ្រងប្រកប ដោយប្រសិទ្ធភាពជាច្រើន ព្រមទាំងបានចែករំលែក និងសហការគ្នា យ៉ាងជិតស្និទ្ធ ក្នុងគ្រាដ៏លំបាកនេះ ។ ប៉ុន្តែស្ថានភាពក្នុងពេលថ្មីៗនេះ កំពុងមានការវិវត្តយ៉ាងស្មុគស្មាញ ដែលទាមទារឱ្យគ្រប់ប្រទេសទាំងអស់ ទាំងកម្ពុជានិងវៀតណាម ចាំបាច់ត្រូវខិតខំប្រឹងប្រែងខ្លាំង ជាងមុន និងបង្កើនសាមគ្គីភាពដ៏ជិតស្និទ្ធកាន់តែខ្លាំងថែមទៀត ដើម្បីឆ្លើយតប និងយកឈ្នះជំងឺរាតត្បាតនេះ ។

លោកនាយករដ្ឋមន្ត្រីវៀតណាម បានគូសបញ្ជាក់បន្ថែមថា វៀតណាម សូមវាយតម្លៃខ្ពស់ ចំពោះគ្រប់វិធានការ ដ៏ម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាតនេះ ជាពិសេសនៅតាមតំបន់ព្រំដែន ដែលមានការវិវត្តស្មុគស្មាញ ។
លោកនាយករដ្ឋមន្ត្រីវៀតណាម ក៏បានថ្លែងអំណរគុណ ចំពោះការយកចិត្តទុកដាក់ និង ការជួយឧបត្ថម្ភពី សំណាក់ សម្ដេចតេជោនាយករដ្ឋមន្ត្រី និង ស្ថាប័ននានារបស់កម្ពុជា ចំពោះសហគមន៍ជនជាតិវៀតណាម ដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅកម្ពុជា ។

លោកនាយករដ្ឋមន្ត្រីវៀតណាម ថ្លែងទៀតថា «ក្នុងស្មារតីទំនាក់ទំនងភាព ជាអ្នកជិតខាង មិត្តភាពជាប្រពៃណី និងបណងប្រាថ្នាចង់ជួយគ្នា ក្នុងគ្រាលំបាករដ្ឋាភិបាលវៀតណាម សូមផ្ញើជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា នូវថវិកាចំនួន ២០០ ០០០ដុល្លារអាម៉េរិក ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ» ។

លោក ង្វៀន សួនហ្វុក ក៏បានសម្ដែង នូវជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា នឹងគ្រប់គ្រង បាននូវការរីករាលដាល ក្នុងពេលឆាប់ៗ និងនាំមកនូវស្ថិរភាពជូនប្រជាជន ។ លោកនាយករដ្ឋមន្ត្រីវៀតណាម ក៏បានជូនពរសម្ដេចតេជោ នាយករដ្ឋមន្ត្រី បន្តទទួលបាននូវភាព ជោគជ័យបន្ថែមទៀតនាពេលខាងមុខ។

ដោយឡែកក្នុងលិខិតចុះថ្ងៃទី០២ ខែមេសាឆ្នាំ២០២១ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនលោក ង្វៀន សួនហ្វុក នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្ដែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះលោក ង្វៀន សួនហ្វុក និងតាមរយៈ ឯកឧត្ដមជូនចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលបានផ្ដល់ជំនួយ ជាទឹកប្រាក់ចំនួន ២០០០០០ដុល្លារអាម៉េរិក ជូនរាជរដ្ឋាភិបាកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតកូវីដ-១៩ ។

សម្ដេចតេជោថ្លែងថា«ខ្ញុំមានសេចក្ដីរំភើបក្នុងចិត្ត ចំពោះពាក្យពេចន៍ពោរពេញ ដោយការលើកទឹកចិត្តដល់ខ្ញុំ ក្នុងលិខិតសាកសួរសុខទុក្ខ របស់ឯកឧត្ដម ចុះថ្ងៃទី៣១ ខែមីនាឆ្នាំ២០២១» ។

សម្ដេចតេជោក៏បានសម្ដែង នូវការកោតសរសើរចំពោះវៀតណាម ដែលបានទទួលជោគជ័យ ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ និងសូមអះអាងសារជាថ្មី នូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការសហការយ៉ាង ជិតស្និទ្ធ ជាមួយវៀតណាមដើម្បីជម្នះ ឱ្យបានលើវិបត្តិសកល ដែលពុំធ្លាប់ជួបប្រទះ ពីមុនមកនេះ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ខ្ញុំសូមអះអាងសារជាថ្មីថា កម្ពុជានឹងបន្តផ្ដល់ប្រព្រឹត្ត កម្មលើជនបរទេសទាំងអស់ រួមទាំងប្រជាជនដែលមានដើម កំណើតវៀតណាម រស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យដូចគ្នាជាមួយនឹងពលរដ្ឋកម្ពុជា ក្នុងកិច្ចការពារពីការរីករាល ដាលជំងឺកូវីដ-១៩នេះ ។ ខ្ញុំក៏សូមអរគុណ យ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលវៀតណាម ដែលបានផ្ដល់ប្រព្រឹត្តកម្មដ៏ល្អ ចំពោះសហគមន៍កម្ពុជា នៅវៀតណាម ក្នុងពេលដ៏លំបាកនេះ»

To Top