ភ្នំពេញ ៖ ក្រុមជនអនាមិក កំពុងតែចែកចាយព័ត៌មាន របស់អ្នកប្រើប្រាស់ កម្មវិធីហ្វេសប៊ុកប្រមាណ ៥៣៣លាននាក់ មកពី ១០៦ប្រទេស រាប់បញ្ចូលទាំងប្រទេសធំៗ មានដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសឥណ្ឌា ។ ព័ត៌មានដែលពួកគេកំពុង តែចែកចាយនោះមានដូចជា លេខទូរសព្ទ ឈ្មោះសម្គាល់របស់គណនី ឈ្មោះពេញរបស់អ្នកប្រើប្រាស់ ទីតាំង ថ្ងៃខែឆ្នាំកំណើត អ៊ីមែល និងប្រវត្តិរបស់អ្នកប្រើប្រាស់ ។
យោងតាមនាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថា ទិន្នន័យទាំងនោះត្រូវបានក្រុមជនខិលខូចទាញ យកកាលពីឆ្នាំ២០១៩ ដែលពេលនោះកម្មវិធីរបស់ហ្វេសប៊ុក មានភាពចន្លោះប្រហោងមួយចំនួន ដែលអាចឱ្យពួកគេទាញយកទិន្នន័យ បានយ៉ាងងាយស្រួល។
ទោះបីជាទិន្នន័យ ដែលបានទាញយកនោះ គឺជាទិន្នន័យចាស់តាំងពីឆ្នាំ២០១៩ ក្ដីប៉ុន្តែទិន្នន័យទាំងនោះកំពុងតែត្រូវបានដាក់លក់ និងចែកចាយ នៅក្នុងបណ្ដាញ ទំនាក់ទំនងសង្គម ហើយជនខិលខូចអាចប្រើទិន្នន័យ ទាំងនោះដើម្បីព្យាយាមចូលទៅក្នុង គណនីហ្វេសប៊ុក របស់អ្នកប្រើប្រាស់ ឬក្លែងបន្លំធ្វើជាអ្នកប្រើប្រាស់ ដើម្បីចូលទៅគណនីផ្សេងៗទៀត ។
ដូច្នេះនាយកដ្ឋាន សូមឱ្យអ្នកប្រើប្រាស់គួរតែធ្វើការផ្លាស់ប្ដូរ លេខសម្ងាត់ ប្រសិនបើលោកអ្នកពុំ ដែលបានប្ដូរលេខសម្ងាត់ តាំងពីដើមឆ្នាំ ២០២០ នោះមក៕
