ព័ត៌មានជាតិ

រកឃើញ ព្រះសិរព្រះនារាយណ៍ ធ្វើពីថ្មភក់មួយបំណែក នៅប្រាសាទត្រពាំងផុង

ភ្នំពេញ៖ ព្រះសិរព្រះនារាយណ៍មួយបំណែក ខាងស្តាំ ត្រូវបានក្រុមការងារជួសជុលប្រាសាទ ត្រពាំងផុងប្រទះឃើញនៅខាងក្នុង តួប៉មកណ្តាលនៃប្រាសាទនេះ។ នេះបើយោងតាមការចុះផ្សាយ របស់ទូរទស្សន៍ជាតិកម្ពុជា។

បំណែកព្រះសិរធ្វើពីថ្មភក់ដែលមានកម្ពស់ ៣៨ស.ម ទទឹង២០ស.ម និងកម្រាស់១៨ស.មនេះ មានព្រះភក្ត្រមួយចំហៀងខាងស្តាំ ដែលនៅលើព្រះភក្ត្រនោះ មានសល់ទ្រនុងចិញ្ចើម ព្រះនេត្រ ចុងច្រមុះ បបូរមាត់បន្តិច និងស្លឹកត្រចៀកមួយចំហៀង។ រីឯនៅផ្នែកខាងលើ មានម្កុដរាងស៊ីឡាំងដែលគ្របត្រឹមថ្ងាស ទៅតាមជើងសក់នៅជុំវិញ ពីផ្នែកខាងមុខដល់ខាងក្រោយ។

លោក ឈូក សុម៉ាឡា មន្ត្រីក្រុមចុះបញ្ជីវត្ថុសិល្បៈនៃ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃ អជ្ញាធរជាតិអប្សរាបានឱ្យដឹងថា បំណែកព្រះសិរ នៃបដិមានេះ នៅសល់ផ្នែកខ្លះ ដែលអាចឱ្យយើង ធ្វើការកំណត់សម្គាល់ បានថាជាព្រះសិរ របស់បដិមាព្រះនារាយណ៍ ពោលគឺពុំមែនជាព្រះសិវៈ រឺព្រះហរិហរៈឡើយ។

លោកបានបន្ថែមទៀតថា បើតាមលោកយល់ បដិមានេះទំនងជាស្ថិតក្នុងរចនាបថគូលែន ដោយព្រះភក្ត្រនៃបដិមារាងធំខ្លី ចិញ្ចើមដាច់មិនជាប់គ្នាទេ រីឯលក្ខណៈសម្គាល់ពិសេសជាងនេះទៅទៀតគឺ ម្កុដរាងជាស៊ីឡាំងខ្ពស់ទៅលើ ដែលនេះហើយជាលក្ខណៈនៃ បដិមាសាស្ត្រក្នុងរចនាបថគូលែន។

ម្យ៉ាងវិញទៀត បើយើងគិតទៅលើសំណង់ ប្រាសាទត្រពាំងផុងនោះទៀតសោត ក៏មានអ្នកស្រាវជ្រាវបានអះអាងរួចមកហើយថា ប្រាសាទនេះគឺមានរចនាបថគូលែន ដែលសង់ឡើងនៅពាក់កណ្តាលសតវត្សទី៩ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៣ (៨៥០?-៨៧៧) ដែលត្រូវជាបុត្ររបស់មហាក្សត្រ ដ៏ល្បីមួយអង្គគឺព្រះបាទ ជ័យវ្ម័នទី២ (៨០២-៨៥០?)។ បើដូច្នេះមែន នោះគឺគ្មានអ្វីចម្លែកទេ ពោលគឺបំណែកបដិមា ដែលបានរកឃើញនេះ គឺប្រហែលជាបដិមាដើម ដែលបានសាងសង់ក្នុងពេលដំណាល គ្នាជាមួយប្រាសាទត្រពាំងផុងនោះតែម្តង មានន័យថាពុំមែនជាបដិមាដែលយក មកតម្កល់នាសម័យក្រោយៗមកទៀតនោះទេ។

ក្រោយពីធ្វើកំណត់ហេតុ ប្រគល់ទទួលបំណែកចម្លាក់ខាងលើ ដោយមានស្ថាបន័នគរបាលការពារបេតិកភណ្ឌ ព្រមទាំងភ្នាក់ងារទេសចរណ៍រួចមក បំណែកចម្លាក់នោះបានដឹកយក ទៅរក្សាទុកជាបណ្តោះអាសន្ត នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដើម្បីធ្វើការចុះបញ្ជីទុកជាឯកសារផង និងបន្តស្វែងរកទិន្នន័យ បំណែកផ្សេងៗទៀតផង ក្រែងលោមាន និងធ្វើការជួសជុលនៅថ្ងៃខាងមុខ ៕

To Top