ព័ត៌មានជាតិ

អង្គការ ជាង១០០ស្នើឲ្យផ្អាក ការបង់ សងប្រាក់កម្ចី និងការប្រាក់ទៅធនាគារ

ភ្នំពេញ ៖ ក្រុម អង្គការសង្គមស៊ីវិល នៅកម្ពុជាចំនួន១០៣បានស្នើសុំឲ្យរាជរដ្ឋាភិបាល ដាក់ចេញជាវិធានការណែនាំដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារទាំងអស់នៅកម្ពុជា ដើម្បីផ្អាកការបង់សងប្រាក់កម្ចី និងការប្រាក់បង្គរទាំងអស់ រយៈពេលយ៉ាងតិច ៣ខែ ។

ការស្នើរបស់ពួកគេនេះ ដើម្បីផ្ដល់ឲ្យអ្នកខ្ចីប្រាក់នូវឱកាសស្នាក់នៅផ្ទះ និងរក្សាសុវត្ថិភាព អំឡុងពេលផ្ទុះឡើងនៃវីរុសកូវីដ ១៩ ដែលពួកគេមិនគួរត្រូវភ័យខ្លាចក្នុងការបាត់បង់ដីធ្លី ឬផ្ទះសម្បែង ប្រសិនបើពួកគេគ្មានលទ្ធភាពសងប្រាក់វិញទេនោះ ។ នេះបើតាមសេចក្តីថ្លែងការណ៍រួមនាថ្ងៃ៦ មេសា។

សេចក្តីថ្លែងការណ៍បន្តថា វិស័យកាត់ដេរ ទេសចរណ៍ សេវាកំសាន្ត និងសំណង់ កំពុងត្រូវបានរងគ្រោះជាខ្លាំងពីការរីករាលដាលនៃជំងឺនេះ ។ វិស័យទាំងនេះផ្ដល់ការងារដល់ស្រ្តីរាប់សែននាក់ ខណៈអត្រានៃអ្នកខ្ចីកម្ចីខ្នាតតូចគឺមានស្រ្តីចំនួន ៧៥% មានន័យថា មានករណីជាច្រើន ដែលវិបត្តិជំងឺរីករាលដាលនេះ ប៉ះពាល់យ៉ាងខ្លាំងចំពោះស្រ្តីជាអ្នកខ្ចីប្រាក់ ។

ក្រៅពីនេះ កសិករ ពលករចំណាកស្រុក សហគមន៍ក្រីក្រ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ អ្នកធ្វើជំនួញ អាជីវករ និងអ្នកលក់ដូរតាមដងផ្លូវ ក៏ប្រឈមនឹងការធ្លាក់ចុះខ្លាំងនៃប្រាក់ចំណូលផងដែរ ។ មានមនុស្សតិចតួចណាស់ដែលមិនទទួលរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពីជំងឺកូវីដ១៩នេះ ។ នេះបើតាមសេចក្តីថ្លែងការណ៍ដដែល។

សេចក្តីថ្លែងការណ៍បន្តយ៉ាងដូច្នេះដោយលើកសរសើរថា រាជរដ្ឋាភិបាលបានចាត់វិធានការមួយចំនួនរួចមកហើយ ដើម្បីកាត់បន្ថយមនុស្សមួយចំនួនពីការរងគ្រោះ ដែលបង្កឡើងដោយវិបត្តិសេដ្ឋកិច្ចជាងមួយឆ្នាំកន្លងមកនេះ ។

ក្នុងនោះសាច់ប្រាក់ដែលត្រូវបានផ្ដល់ ឲ្យទៅពលរដ្ឋជាច្រើនដែលមានប័ណ្ណក្រីក្រ និងប្រាក់ឧបត្ថម្ភសម្រាប់ប្រាក់ឈ្នួលរបស់កម្មករ កម្មការិនី រោងចក្រ បានផ្ដល់ប្រភពដ៏សំខាន់មួយនៃប្រាក់ចំណូល ដល់ពលរដ្ឋរាប់សែននាក់ ដែលត្រូវការជំនួយ ។ ប្រសិនបើគ្មានគោលនយោបាយទាំងនេះទេ ការធ្លាក់ចុះនៃសេដ្ឋកិច្ចនៃការរីករាលដាលជាសកលនេះ នឹងកាន់តែមានស្ថានភាពអាក្រក់ខ្លាំងជាងនេះ ៕

To Top