ព័ត៌មានជាតិ

កម្ពុជា-សិង្ហបុរី ប្រកាសបន្តកិច្ចសហប្រតិបត្តិការ លើវិស័យមុខងារសាធារណៈ និងអភិវឌ្ឍធនធានមនុស្ស

ភ្នំពេញ៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកស្រី ធាវ ឡេ ឈិង (TEO Lay Cheng) ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជា បានឯកភាពគ្នាបន្តពង្រឹង កិច្ចសហប្រតិបត្តិការ លើវិស័យមុខងារសាធារណៈ និងអភិវឌ្ឍធនធានមនុស្ស តាមរយៈកិច្ចព្រមព្រៀងដែលមានស្រាប់។

ក្នុងជំនួបពិភាក្សាការងាររវាង លោកស្រី ធាវ ឡេ ឈិង និងលោក ព្រុំ សុខា នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នៅទីស្ដី ការក្រសួង ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ប្រកបដោយ ក្ដីសោមនស្សរីករាយ ចំពោះលទ្ធផលនៃ កិច្ចសហប្រតិបត្តិការ ទ្វេភាគី ដូចជា កិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌអាស៊ានរវាង កម្ពុជា-សិង្ហបុរី។

ជាងនេះទៅទៀត ភាគីទាំងពីរ បានឯកភាពគ្នាបន្តពង្រឹង កិច្ចសហប្រតិបត្តិការលើ វិស័យមុខងារសាធារណៈ ជាពិសេស លើការអភិវឌ្ឍធនធានមនុស្ស តាមរយៈកិច្ចព្រមព្រៀង ដែលមានស្រាប់រវាង សាលាភូមិន្ទរដ្ឋបាលជាមួយ សាលាមុខងារសាធារណៈសិង្ហបុរី (Civil Service College of Singapore) ។

ទន្ទឹមនឹងនោះ ផ្អែកលើសំណូមពររបស់កម្ពុជា ទូតសិង្ហបុរី ប្រចាំកម្ពុជា ក៏បានសន្យានឹងខិតខំជំរុញ កិច្ចសហប្រតិបត្តិការទ្វេភាគីនេះ ឲ្យដល់កម្រិតថ្នាក់ស្ថាប័នរដ្ឋ ទទួលបន្ទុកវិស័យមុខងារសាធារណៈ ជាបន្តទៅទៀត សំដៅរួមចំណែកដល់ការពង្រឹង ទំនាក់ទំនងមិត្តភាពល្អប្រសើររវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី ៕

To Top