ព័ត៌មានជាតិ

ក្រសួងយុត្តិធម៌ ៖ ការចាក់វ៉ាក់សាំងកូវីដ ធ្វើឡើងដោយស្ម័គ្រចិត្ត តែអាចធ្វើឡើង ជាភាពចាំបាច់ ចំពោះបុគ្គលមួយចំនួន

ភ្នំពេញ ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងថា ជាគោលការណ៍ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវធ្វើឡើងដោយស្ម័គ្រចិត្ត ប៉ុន្តែការចាក់វ៉ាក់សាំង អាចត្រូវធ្វើឡើងជាភាព ចាំបាច់ ចំពោះបុគ្គលមួយចំនួន។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ លោក គឹម សន្ដិភាព នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ បញ្ជាក់ ថា «ជាគោលការណ៍ ការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ត្រូវធ្វើឡើងដោយស្ម័គ្រចិត្ត ប៉ុន្តែការចាក់វ៉ាក់សាំង អាចត្រូវធ្វើឡើង ជាចាំបាច់ ចំពោះបុគ្គលមួយចំនួន ដោយផ្អែកលើស្ថានភាព នៃការងារ ឬស្ថានភាពនៃមុខរបររបស់បុគ្គលនោះ តាមការកំណត់ របស់ក្រសួងសុខាភិបាល យោងតាមមាត្រា១៦ នៃអនុក្រឹត្យស្តីពីវិធានការ សុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយ គ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត!» ។

យោងតាមអនុក្រឹត្យស្ដីពី វិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និង ជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ ផ្សេងទៀត នៅមាត្រា១៦ បានចែកថា ការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ត្រូវធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត។ ការចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ សម្រាប់ប្រជាពលរដ្ឋខ្មែរ ត្រូវធ្វើឡើងដោយឥតគិតថ្លៃ ។ ការចាក់វ៉ាក់សាំង អាចត្រូវធ្វើឡើង ជាចាំបាច់ ចំពោះបុគ្គលមួយចំនួន ដោយផ្អែកលើស្ថានភាពនៃការងា ឬស្ថានភាព នៃមុខរបររបស់បុគ្គលនោះ តាមការកំណត់ របស់ក្រសួងសុខាភិបាល។

ក្នុងករណីចាំបាច់ ក្រសួងសុខាភិបាល អាចដាក់ចេញនូវវិធានការ តម្រូវឱ្យអ្នកដំណើរ ជាជនបរទេស ដែលធ្វើដំណើរចូលមក ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានប័ណ្ណបញ្ជាក់ពីការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពេញលេញ ។ ការទទួលស្គាល់ប័ណ្ណបញ្ជាក់ ពីការចាក់វ៉ាក់សាំងកូវីដ-១៩ នេះជាសមត្ថកិច្ច របស់ក្រសួងសុខាភិបាល ។

បុគ្គលដែលបានទទួលការចាក់វ៉ាក់សាំង ត្រឹមត្រូវតាមការកំណត់ របស់ក្រសួងសុខាភិបាល អាចទទួលបាន លក្ខខណ្ឌអនុគ្រោះក្នុងការអនុវត្តកាតព្វកិច្ច តាមវិធានសុខាភិបាលនានា ដែលកំណត់ដោយក្រសួងសុខាភិបាល ។

សូមរំលឹកថា គិតថ្ងៃត្រឹមថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំង ការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ទូទាំងប្រទេស ចំនួន ៦៣៥,២៤៤នាក់ ៕

To Top