ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានស្នើធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) ជួយពិនិត្យឡើងវិញ លើលទ្ធផល នៃគម្រោងសិក្សា រថភ្លើង Mono Rail និងរថភ្លើងក្រោមដី ជាពិសេសនោះ រៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍ ផងដែរ។
ក្នុងជំនួបពិភាក្សាការងារជាមួយ គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី ក្រោមការសម្រួលពីលោក Alexander D. Nash អ្នកឯកទេសអភិវឌ្ឍន៍ទីក្រុង (Urban Development Specialist) តាមប្រព័ន្ធវីដេអូពីចម្ងាយ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២ ០២១ នៅទីស្ដីការក្រសួង លោក ស៊ុន ចាន់ថុល ថ្លែងអំណរចំពោះ ADB ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការល្អ ជាបន្តបន្ទាប់ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា។
លោក បញ្ជាក់យ៉ាងដូច្នេះថា «បច្ចុប្បន្នភាពល ការសិក្សាគម្រោងអភិវឌ្ឍន៍ រថភ្លើង Mono Rail នៅរាជធានីភ្នំពេញដែ លត្រូវបានសិក្សាចប់សព្វគ្រប់ហើយ និងការសិក្សាគម្រោងអភិវឌ្ឍន៍ រថភ្លើងក្រោមដី ដែលគ្រោងនឹងបញ្ចប់ ក្នុងរយៈពេ លមួយខែខាងមុខនេះទៀត និងបានស្នើឲ្យធនាគារអភិវឌ្ឍន៍អាស៊ី ជួយពិនិត្យឡើងវិញ លើលទ្ធផល នៃគម្រោងសិក្សា ទាំងនេះ និងរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍ ផងដែរ»។
គួរកត់សម្គាល់ថា ប្រសិនបើគម្រោងទាំងនេះ មានការចូលរួមវិនិយោគ ពីក្រុមហ៊ុនឯកជន ពិតប្រាកដមែននោះ វានឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងលើកកម្ពស់មុខមាត់ទីក្រុងភ្នំពេញ បានមួយកម្រិតធំ និងឆ្លើយតបទៅនឹង ការអភិវឌ្ឍន៍របស់ប្រទេសជាតិ។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ដ្រី សាធារណការ លើកឡើងអំពីការខិតខំប្រឹងប្រែង របស់ក្រសួង ក្នុងការ បិតផ្លាកសុវត្ថិភាព លើមធ្យោបាយ ធ្វើដំណើររបស់ប្រជាពលរដ្ឋ នាពេលកន្លងមក ដូចជា ៖ កង់ រ៉ឺម៉ក គោយន្ត និងឧបករណ៍កសិកម្មនានា ដែលបើកលើផ្លូវសាធារណៈគ្មានភ្លើងបំភ្លឺ នៅពេលយប់ប្រកបដោយគ្រោះថ្នាក់ និងបានស្នើឲ្យ ធនាគារអភិវឌ្ឍន៍អាស៊ី ពិនិត្យមើលលទ្ធភាព ជួយគាំទ្រលើកិច្ចខិតខំប្រែងនេះបន្ត ដើម្បីធ្វើឲ្យ ប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍ គំនូសចរាចរណ៍និងសញ្ញាចរាចរណ៍ សញ្ញាផ្លូវ សញ្ញាសម្គាល់ផ្លូវ ជាដើម។
លោក ក៏បានស្នើធនាគារអភិវឌ្ឍន៍អាស៊ី តម្រង់ទិសនៃការអភិវឌ្ឍ របស់ខ្លួនទៅលើ តំបន់ឆ្លងកាត់ព្រំដែននានា របស់កម្ពុជា (Cross Border Facilities) ដើម្បីលើកកម្ពស់វិស័យភស្តុភារកម្ម និងការដឹកជញ្ជូននៅកម្ពុជា ពង្រីកទំហំពាណិជ្ជកម្ម បង្កើនការចូលទៅកាន់ទីផ្សារក្នុងតំបន់ ជាពិសេស ទីផ្សារមហាអនុតំបន់ទន្លេមេគង្គ (GMS) ក៏ដូចជាអាស៊ាន បើកផ្លូវចូលទៅកាន់ព្រំដែន ដោយផ្ទាល់ និងការ ឆ្លងកាត់ក្នុងតំបន់ ដែលជាការធ្វើឲ្យប្រសើរឡើង ដល់ការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាជនកម្ពុជា តាមរយៈកំណើនសេដ្ឋកិច្ច។
ជាការឆ្លើយតប លោក Alexander D. Nash បានធ្វើការកត់សម្គាល់ និងបានសម្តែងចំណាប់ ចំពោះសំណើនានា ដែល រដ្ឋមន្ដ្រីសាធារណការរបស់កម្ពុជា លើកឡើង និងបានគូសបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ី នឹងធ្វើការពិនិត្យ និងសម្របសម្រួលចំពោះសំណើទាំងនោះ៕