ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ បានបន្ដចុះពិនិត្យការអនុវត្តវិធានការ រដ្ឋបាលកំណត់មិនឲ្យធ្វើដំណើ ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ៥ភ្លឺ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ។
វិធានការរដ្ឋបាលនេះ ត្រូវបានដាក់ចេញដោយ រដ្ឋបាលរាជធានីភ្នំពេញ រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១ ខែមេសា ដល់១៤មេសា ឆ្នាំ២០២១ ដែលជាវិធានការរដ្ឋបាលថ្មីមួយ ដើម្បីទប់ស្កាត់ និងបង្ការការឆ្លងរីករាលដាល ជំងឺកូវីដ១៩។
សម្រាប់អ្នកដែលមិនគោរព តាមបំរាមគោចរនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវដកហូតមធ្យោបាយធ្វើដំណើរ។ បន្ទាប់ដកហូតមធ្យោបាយហើយនោះ ម្ចាស់ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ នៅក្នុងផ្ទះរៀងៗខ្លូន។ នៅពេលធ្វើចត្តាឡីស័ក អាជ្ញាធរមូលដ្ឋាន ត្រូវតាមដានត្រួតពិនិត្យ ឲ្យបានត្រឹមត្រូវ ក្នុងករណី ការអនុវត្តមិនត្រឹមត្រូវ តាមការណែនាំទេនោះ នឹងអនុវត្តនូវការផាកពិន័យ តាមច្បាប់តែម្ដង។
ដោយឡែក បុគ្គលដែលបម្រើការងារ នៅស្ថាប័នរដ្ឋ និងឯកជន ដែលចេញពីធ្វើការក្រោយម៉ោង៨យប់ ស្ថិតក្នុងបំរាមគោចរ ដែលបានដាក់ចេញនេះ គឺត្រូវមានលិខិតបញ្ជាក់ ពីប្រធានអង្គភាព ឬក្រុមហ៊ុន និងតម្រូវឲ្យពាក់ កាតជាប់ខ្លួនជានិច្ច ពេលធ្វើដំណើរ។ សម្រាប់ប្រជាពលរដ្ឋទូទៅ ដែលត្រូវធ្វើដំណើរបន្ទាន់ភ្លាមៗ មិនអាចខាតបាន ត្រូវផ្ដល់ដំណឹងជាមុន ដល់ចៅសង្កាត់ ឬអាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យចៅសង្កាត់ ឬអាជ្ញាធរមូលដ្ឋាន ងាយស្រួលប្រាប់ ទៅតាមគោលដៅត្រួតពិនិត្យ នៅតាមដងផ្លូវ ទើបអាចធ្វើបានដោយគ្មាន ការហាមឃាត់៕