ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២១ នេះបាន ឱ្យ ដឹង ថា មានករណីឆ្លងថ្មីកូវីដ-១៩ចំនួន ៧៨ នាក់នៅភ្នំពេញ ក្នុងនោះមាន១៤នាក់ ជាកម្មករកម្មការិនីរោងចក្រ ។
តាមបញ្ជីឈ្មោះ បង្ហាញដោយរដ្ឋបាលរាជធានីភ្នំពេញ ឱ្យដឹងថា កម្មករកម្មការិនីរោងចក្រដែលឆ្លងកូវីដ ១៩ សរុបមាន ១៣ នាក់ ជាកម្មករ កម្មការិនី បម្រើការងារក្នុងរោងចក្រ ឌីន ហាន់ និងម្នាក់ទៀតជាកម្មករបម្រើការក្នុងរោងចក្រ AM2 ទាំង២ទីតាំង គឺស្ថិតនៅក្នុងរាជធានីភ្នំពេញ ។
រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសសូមប្រជាពលរដ្ឋ ដែលមានជាប់ប្រាស្រ័យទាក់ទង ជាមួយបុគ្គល ទាំងនេះ សូមរាយការណ៍ ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាល់ទៅយកសំណាក តាមទីតាំងដែល បានកំណត់ក្នុងនោះមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និង សាលាបឋមសិក្សាសុភមង្គល ព្រមទាំងដាក់ខ្លួន ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ៕




