ព័ត៌មានជាតិ

ទីភ្នាក់ងារបារាំង កំពុងចូលរួមផ្តល់ហិរញ្ញប្បទាន ជាមួយដៃគូអភិវឌ្ឍន៍ក្នុងគម្រោង៥ នៅកម្ពុជា

ភ្នំពេញ៖ ក្នុងរយៈ ៣ឆ្នាំចុងក្រោយនេះ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) កំពុងចូលរួមផ្តល់សហហិរញ្ញប្បទានជាមួយ ដៃគូអភិវឌ្ឍន៍ដ៏ទៃទៀត ក្នុងគម្រោងចំនួន៥ ដែលមានទឹកប្រាក់សរុប ១៤១,៥លានអឺរ៉ូ ។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី Ophelie Bourhis នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ប្រចាំកម្ពុជា នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងអំណរគុណចំពោះ រដ្ឋាភិបាល និងប្រជាជនបារាំង តាមរយៈទីភ្នាក់ងារ AFD ដែលបានបន្តជួយអភិវ ឌ្ឍន៍កម្ពុជាឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ក្នុងនោះ មានវិស័យកសិកម្មផងដែរ។

លោកបញ្ជាក់ថា «ជាក់ស្តែង ក្នុងរយៈបីឆ្នាំចុងក្រោយនេះ AFD បាននិងកំពុងចូលរួមផ្តល់ សហហិរញ្ញប្បទានជាមួយ ដៃគូអភិវឌ្ឍន៍ដ៏ទៃទៀត ក្នុងគម្រោងចំនួន៥ ដែលមានទឹកប្រាក់សរុបចំនួន ១៤១,៥ លានអឺរ៉ូ»។

លោកបន្ដថា ក្នុងចំណោមគម្រោងទាំង៥ មានគម្រោងចំនួន៣ ក្រសួងបាននិងកំពុងអនុវត្ត ,ទី១- ការជំរុញកំណើន វិស័យកសិកម្មនៅកម្ពុជាដោយចីរភាព (CaPFish Aquaculture) ចំនួន២៥លានអឺរ៉ូ ,ទី២-គម្រោងថ្នាក់តំបន់ ស្តីពីការអភិវឌ្ឍកសិ-ទេសចរណ៍ និងប្រព័ន្ធសុវត្ថិភាពចំណីអាហារ ចំនួន១១,៥លានអឺរ៉ូ និងទី៣-គម្រោង ខ្សែច្រវាក់ តម្លៃផលិតកម្មកសិកម្ម និងការលើកកម្ពស់សុវត្ថិភាពកសិផល ចំនួន២៥លានអឺរ៉ូ។

ដោយឡែកគម្រោង២ទៀត កំពុងធ្វើការវាយតម្លៃដើម្បីផ្តល់ហិរញ្ញប្បទាន ក្នុងឆ្នាំ២០២១នេះ ,ទី១- គម្រោងកម្មវិធីស្តីពី «ការអភិវឌ្ឍបច្ចេកវិទ្យាកសិកម្មដោយពឹងលើទឹកភ្លៀង រួមមានកៅស៊ូ ដំណាំចំណីសត្វ និងបន្លែ» ដែលភាគី AFD និងចូលរួមផ្តល់ហិរញ្ញប្បទាន ចំនួន៥០លានអឺរ៉ូ និងទី២-គម្រោងដែលមានឈ្មោះថា «ការគ្រប់គ្រងជលផលនៅ តំបន់ឆ្នេ និងសមុទ្រ ប្រកបដោយនិរន្តភាព» ត្រូវចូលរួមសហហិរញ្ញប្បទានជាមួយ ធនាគារអភិវឌ្ឍន៍អាស៊ី ចំនួន៣០លានអឺរ៉ូ៕

To Top