ព័ត៌មានជាតិ

អតិថិជនឆ្លងជំងឺកូវីដ១៩ លើកលែងបង់ការប្រាក់ និងផាកពិន័យ សម្រាប់ការខ្ចីលុយ ពីធនាគារ

ភ្នំពេញ ៖ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តាមរយៈសមាគមធនាគារ នៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកឡើងថា សម្រាប់អតិថិជន ឆ្លងជំងឺកូវីដ១៩ គឺឲ្យលើកលែងបង់ការប្រាក់ និងលើកលែងការផាក ពិន័យទាំងអស់ ក្នុងរយៈពេលយ៉ាងតិច ១ខែ ព្រមទាំងទទួលបានការរៀបចំ ឥណទានឡើងវិញ ដោយស្វ័យប្រវត្តិ ។

ការប្រកាសលើកលែងបង់ការប្រាក់ បែបនេះ ក្រោយពីក្រុមអង្គការ សង្គមស៊ីវិល នៅកម្ពុជា ចំនួន១០៣ បានស្នើរាជរដ្ឋាភិបាល ដាក់ចេញជាវិធានការ ណែនាំដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារទាំងអស់ នៅកម្ពុជា ដើម្បីផ្អាកការ បង់សងប្រាក់កម្ចី និងការ ប្រាក់បង្គរ ទាំងអស់ រយៈពេលយ៉ាងតិច៣ខែ ។ ការស្នើរបស់ពួកគេនេះ ដើម្បីផ្ដល់ឲ្យអ្នកខ្ចីប្រាក់ នូវឱកាសស្នាក់នៅផ្ទះ និងរក្សាសុវត្ថិភាព អំឡុងពេលផ្ទុះឡើង នៃវីរុសកូវីដ ១៩ ដែលពួកគេមិនគួរត្រូវភ័យខ្លាច ក្នុងការបាត់បង់ដីធ្លី ឬផ្ទះសម្បែង ប្រសិនបើពួកគេគ្មាន លទ្ធភាពសងប្រាក់ វិញទេនោះ។

យោងតាមសេចក្ដីថ្លែងការណ៍រួម របស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នាថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២១ បានឲ្យដឹងថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ចូលរួមយ៉ាង សកម្ម ក្នុងការជួយដល់អតិថិជន ដែលរងផលប៉ះពាល់ ដោយសារជំងឺកូវីដ១៩ តាមរយៈការរៀបចំ ឥណទានឡើងវិញ ព្រមទាំងការបន្ធូរបន្ថយ និងការអនុគ្រោះផេ្សងៗទៀត ពីរាជរដ្ឋាភិបាលកម្ពុជា និយ័តករ និងអាជ្ញាធរពាក់ព័ន្ធ។

ដូច្នេះសមាគមបញ្ជាក់ថា «សម្រាប់អតិថិជនដែលឆ្លងជំងឺកូវីដ១៩ លើកលែងការបង់ការប្រាក់ និងរាល់ការផាកពិន័យទាំងអស់ រយៈពេលយ៉ាងតិចមួយខែ ព្រមទាំងទទួលបានការរៀបចំឥណទានឡើងវិញ ដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងការពន្យារការបង់ប្រាក់ ដើមរយៈពេលបីខែ។ រាល់អតិថិជនដែលឆ្លងជំងឺកូវីដ១៩ ត្រូវបង្ហាញលទ្ធផលតេស្តវិជ្ជមានកូវីដ១៩ ចេញដោយអាជ្ញាធរមានសមត្ថកិច្ច» ។

សមាគមបន្ដថា សម្រាប់អតិថិជន ជាប់ធ្វើចត្តាឡីស័កផ្តល់ការរៀបចំ ឥណទានឡើងវិញ ដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងពន្យារការបង់ទាំងប្រាក់ដើម និងការ ប្រាក់ រយៈពេល១ខែ និងលើកលែង រាល់ការផាកពិន័យទាំងអស់ ក្នុងនោះធ្វើការផ្តល់ ជូនការរៀបចំឥណទាន ឡើងវិញ ឲ្យបានឆាប់រហ័ស និងបង្កលក្ខណៈងាយស្រួល សម្រាប់អតិថិជន ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩។

សមាគមបន្ថែមថា បញ្ចេញឥណទានសង្រ្គោះបន្ទាន់ ឬបន្ថែម ដោយបន្ធូរបន្ថយលក្ខខណ្ឌ ព្រមទាំង កាត់បន្ថយអត្រាការប្រាក់ ដើម្បីជួយបន្ត និងស្តារឡើងវិញនូវសេដ្ឋកិច្ចគ្រួសារ និងអាជីវកម្មមុន និងក្រោយពេលមានវិបត្តិ។

សូមជម្រាបថា គិតត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២១នេះ មានអតិថិជនប្រមាណ៣៤ម៉ឺននាក់ ទទួលបានការរៀបចំឥណទានឡើងវិញ ក្នុងទំហំឥណទានប្រមាណ៤ប៊ីលានដុល្លារ ៕

To Top