Covid-19

រាជរដ្ឋាភិបាល នឹងពិចារណា បើកទទួលទេសចរ ដែលបានចាក់វ៉ាក់សាំង ហើយមកទស្សនា គោលដៅ ទេសចរណ៍ សៀមរាបអង្គរ

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ថា រាជរដ្ឋាភិបាលកម្ពុជា នឹងពិចារណា ក្នុងការបើកទទួល ភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ហើយ មកទស្សនាគោលដៅទេសចរណ៍ សៀមរាប-អង្គរ នៅត្រីមាសទី៤ នៃឆ្នាំ២០២១ ស្របពេលដែលការគ្រប់គ្រង សហគមន៍នៅខេត្តសៀមរាប-អង្គរស្ថិតក្នុងភាពល្អប្រសើរ។

យោងតាម គេហទំព័រហ្វេសប៊ុក របស់ក្រសួងទេសចរណ៍បានឲ្យដឹងថា លោក ថោង ខុន បានស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការពិចារណា បើកទទួលភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ហើយ មកទស្សនាគោលដៅ ទេសចរណ៍សៀមរាប-អង្គរ នៅត្រីមាសទី៤ នៃឆ្នាំ២០២១ ស្របពេលដែលការគ្រប់គ្រង សហគមន៍ នៅខេត្តសៀមរាប-អង្គរ ស្ថិតក្នុងភាពល្អប្រសើរ ព្រមជាមួយនឹងការជំរុញ ដំណើរការចាក់វ៉ាក់សាំង បានលឿនជូនចំពោះ មន្ត្រីរាជការ និងការជំរុញការចាក់វ៉ាក់សាំង ជូនដល់អ្នកបម្រើការ ក្នុងឧស្សាហកម្មទេសចរណ៍ និងផ្នែកឯកជន ក្នុងវិស័យផ្សេងទៀត។

តាមសំណើរ បស់លោករដ្ឋមន្ត្រី ក្រសួងទេសចរណ៍ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យក្រសួងទេសចរណ៍ ចាប់ផ្តើមធ្វើការពិភាក្សា ជាមួយក្រសួងសុខាភិបាល (គណៈកម្មការចំពោះកិច្ច) ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ រដ្ឋបាលខេត្ត និងវិស័យឯកជន ដើម្បីសិក្សាអំពីការបើកទទួលកញ្ចប់ទស្សនកិច្ច ចំពោះទេសចរ ដែលចាក់វ៉ាកក់សាំង រួចហើយ នៅត្រីមាសទី៤ នៃឆ្នាំ២០២១ ឬពេលវេលា សមស្របណាមួយ ដ៏ឆាប់ខាងមុខនេះ ។

លោករដ្ឋមន្ត្រីបានបន្តទៀតថា សៀមរាប-អង្គរ ជាគោលដៅទេសចរណ៍ ដ៏ចម្បងមួយនេះ ដែលមានការគ្រប់គ្រង សហគមន៍បានល្អហើយ និងនៅពេលដែលអ្នកផ្តល់​សេវាទេសចរណ៍ទាំងឡាយ បានទទួលវ៉ាក់សាំង រួចហើយ គួបផ្សំនឹងយុទ្ធនាការ ចាក់វ៉ាក់សាំង ជូនប្រជាលរដ្ឋ ក្នុងគោលដៅនេះ បានដំណើរការទៀត វាអាចនឹងបង្ហាញបាននូវភាពជឿជាក់ កក់ក្តៅ ដល់ទេសចរបានហើយដែរ។

បើតាមលោក ថោង ខុន កញ្ចប់ទស្សនិច្ចនេះ អាចមានការងារច្រើន ដែលត្រូវពិភាក្សា ដោយហ្មត់ចត់ក្នុងនោះរួមមាន៖
១៖ ការបង្កើតនូវជំនឿជឿជាក់ទុកចិត្តដល់ទេសចរ
( Build Trust and Confident)
២៖ គុណភាព សេវាកម្ម និងតម្លៃសមរម្យ
៣៖ ការសម្រួល ការធ្វើដំណើរ តាមច្រកទ្វារអន្តរជាតិ ដែលត្រូវគោរពតាមគោលការណ៍ សុខាភិបាលផង និងភាពងាយស្រួលផង។

លោកបានបន្តថា ករណីនេះអាចជាការចាប់ផ្តើម ពិភាក្សាគ្នាអំពីការរៀបចំ កញ្ចប់ទស្សនកិច្ចរបស់ទេសចរ ដែលបានចាក់វ៉ាក់សាំងហើយមុន ពិសេសសម្រាប់ទេសចរដែលធ្វើដំណើរតាមជើងយន្តហោះត្រង់មិនមាន Transit ឬអាចពិចារណាតាមជើងរថយន្តពីប្រទេសជិតខាងផងដែរ។

លោក ថោង ខុន បានបញ្ជាក់ទៀតថា អ្វីដែលបានគិតគូរនេះ គឺស្របជាមួយនឹងការអនុវត្តផែនការ សកម្មភាពនៃ «ផែនទីចង្អុលផ្លូវសម្រាប់ស្តារវិស័យទេសចរណ៍ កម្ពុជាឡើងវិញ ក្នុង និងក្រោយវិបត្តិកូវីដ១៩» ដែលរាជរដ្ឋាភិបាល ទើបបានអនុម័តថ្មីៗនេះផងដែរ ៕

To Top