Covid-19

សម្ដេចតេជោ៖ តាមការប៉ាន់ស្មាន កូវីដ១៩ ធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជា ធ្លាក់ចុះប្រមាណ-៣% (Video)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ក្នុងឆ្នាំ២០២០កន្លងទៅ និងរហូតមកដល់ជិតពាក់កណ្តាល ឆ្នាំ២០២១នេះ កម្ពុជាក៏ដូចបណ្តាប្រទេស នៅលើពិភពលោកបាននិងកំពុង ទទួលរងនូវផលប៉ះពាល់អវិជ្ជមានពីជំងឺកូវីដ-១៩ ។ ជាក់ស្ដែង តាមការប៉ាន់ស្មានសេដ្ឋកិច្ចកម្ពុជា មានកំណើនអវិជ្ជមានប្រមាណជាង-៣% ។

តាមរយៈសារលិខិតអបអរសាទរពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ សម្ដេចតេជោបានមានប្រសាសន៍ថា ឆ្នាំចាស់បានកន្លងផុតទៅ ដោយផ្លាស់ជំនួសវិញនូវ ឆ្នាំថ្មីរាជរដ្ឋាភិបាលបន្តកសាងប្រទេសជាតិឲ្យមានវឌ្ឍនភាពលើគ្រប់វិស័យ និងការពារដាច់ខាតឯករាជ្យជាតិ សន្តិភាព អធិបតេយ្យជាតិ និងបូរណភាពទឹកដី ការពារសមិទ្ធផលសង្គមជាតិ ទប់ស្កាត់ការ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ប្រឆាំងដាច់ខាតរាល់សកម្មភាពទាំងឡាយពាក់ព័ន្ធបដិវត្តន៍ពណ៌ ឬការញុះញង់ណាមួយផ្ទុយរដ្ឋធម្មនុញ្ញ និងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ បង្កឲ្យមានអស្ថិរភាព នយោបាយឬចលាចលក្នុងសង្គមជាតិកម្ពុជា។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏សម្តេចបានលើកពីចំណុចអវិជ្ជមានរបស់សេដ្ឋកិច្ចកម្ពុជាផងដែរ។ សម្ដេចតេជោបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងឆ្នាំ២០២០កន្លងទៅ និងរហូតមកដល់ជិតពាក់កណ្តាលឆ្នាំ២០២១នេះ កម្ពុជាក៏ដូចបណ្តាប្រទេសនៅលើពិភពលោក បាននិងកំពុងទទួលរងនូវផលប៉ះពាល់អវិជ្ជមានពីជំងឺកូវីដ១៩ មកលើបញ្ហា សុខភាព សង្គម សេដ្ឋកិច្ច ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ហើយថែមទាំងអាចបន្ទច់បង្អាក់ ដល់កិច្ចដំណើរការអភិវឌ្ឍឈានឡើងរបស់កម្ពុជាផងដែរ។ តាមការប៉ាន់ស្មាន សេដ្ឋកិច្ចកម្ពុជាមានកំណើន អវិជ្ជមានប្រមាណជាង-៣%» ។

សម្ដេចបន្តថា កម្ពុជាបានអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ប្រកបដោយភាពប្រុងប្រយ័ត្ន និងធ្វើឲ្យសេដ្ឋកិច្ចមានស្ថិរភាព ហើយបានជំរុញ និងលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ភាពប្រកួតប្រជែង ព្រមទាំងការផលិតនិងការប្រើប្រាស់ក្នុងស្រុក។ ទំហំពាណិជ្ជកម្មអន្តរជាតិមានប្រមាណជាង ៣៦ ៤០៨លានដុល្លារ ។ ចំណែកឯការនាំចេញមានប្រមាណជាង១៧ ៤៣៦លានដុល្លារ។ អត្រាប្តូរប្រាក់មានស្ថិរភាព អត្រាអតិផរណាស្ថិតក្នុងកម្រិតទាបនិងអាចគ្រប់គ្រងបាន ទុនបម្រុងអន្តរជាតិ បន្តកើនឡើង ២១,៣ប៊ីលានដុល្លារអាម៉េរិក។ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការកែទម្រង់ឲ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តដល់អ្នកវិនិយោគឲ្យមកបោះទុននៅកម្ពុជាកាន់តែច្រើន ខណៈបានរៀបចំការសម្រួលពាណិជ្ជកម្ម ពង្រឹងភាពប្រកួតប្រជែងជូនវិនិយោគិននៅកម្ពុជា ក្រោមដំបូលសន្តិភាព លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដោយមិនមានការរើសអើង។

សម្ដេចតេជោបន្ថែមថា ផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ជាមធ្យមសម្រាប់មនុស្សម្នាក់១ ៦៧៩ដុល្លារ ក្នុងឆ្នាំ២០១៩ ដល់ប្រមាណ១ ៦៨៣ដុល្លារក្នុងឆ្នាំ២០២០។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានរៀបចំប្រាក់ចំណូលជូនមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធទទួលបានប្រាក់បៀវត្សអប្បបរមា កើនដល់កម្រិតជាង១លាន១៧ម៉ឺនរៀល ។

សម្ដេចគូសបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ន ទោះកម្ពុជាកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺឆ្លងកូវីដ១៩ក្តី ក៏វិស័យឧស្សាហកម្ម និងសិប្បកម្មបានរីកលូតលាស់ជាបន្តបន្ទាប់ ។ រោងចក្រសរុបមានចំនួន ជាង១ ៨៦៤រោងចក្រភាគច្រើនជារោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងមានឧស្សាហកម្ម ធុនតូច មធ្យម និងសិប្បកម្មជាង៤៣ ០៨២មូលដ្ឋាន ហើយដែលបានស្រូបកម្លាំងពលករសរុបប្រមាណ ជាង១,៥លាននាក់ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×