ព័ត៌មានជាតិ

ទូតគុយបា ស្នើអគ្គនាយកអន្តោប្រវេសន៍ បន្តសម្របសម្រួល ជូនពលរដ្ឋខ្លួន កំពុងរស់នៅកម្ពុជា

ភ្នំពេញ ៖ លោកស្រី Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតគុយបា ប្រចាំកម្ពុជា បានស្នើអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បន្តកិច្ចសហការ សម្របសម្រួល ជូនប្រជាពលរដ្ឋគុយបា ដែលកំពុងរស់នៅប្រទេសកម្ពុជា ។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុក អគ្គនាយកដ្ឋាន អន្តោប្រវេសន៍។

ក្នុងជំនួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ លោកស្រី Liurka Rodriguez Barrios បានថ្លែងអំណរគុណចំពោះ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ សម្រាប់កិច្ចសហប្រតិបត្តិការល្អនាពេលកន្លងមក លើការងារសម្របសម្រួលនានា ជូនប្រជាពលរដ្ឋគុយបា ដែលកំពុងស្នាក់នៅកម្ពុជា។

លោកស្រី បញ្ជាក់យ៉ាងដូច្នេះថា «ស្ថានទូតមានតួនាទី សម្របសម្រួលបញ្ហាផ្សេងៗ ជូនប្រជាពលរដ្ឋគុយបា ដូចនេះ សូមស្នើសុំអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ បន្តកិច្ចសហការសម្របសម្រួល ជូនប្រជាពលរដ្ឋគុយបា ដែលកំពុងមានវត្ត មាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា»។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានស្វាគមន៍ ឯកអគ្គរដ្ឋ ទូតគុយបា ដែលបានលើកឡើង ហើយក៏បានគាំទ្រដល់ការបន្តរឹត ចំណងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរផងដែរ ៕

To Top