Covid-19

មេប៉ូលិស អន្តោប្រវេសន៍ បញ្ជាមន្ត្រីក្រោមឱវាទ ឲ្យទៅចូលរួមចាក់វ៉ាក់សាំង កូវីដ-១៩

ភ្នំពេញ៖ យោងតាមសេចក្តី ថ្លែងសារពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមជម្រាបជូន អគ្គនាយករង និង លោកប្រធាននាយកដ្ឋាន ជ្រាបថា៖ កន្លងមកតាមរបាយការណ៍បានបញ្ជាក់ថា ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ លំដាប់ថ្នាក់ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទៅចាក់វ៉ាក់សាំងកូវីដ-១៩ តាមការស្ម័គ្រចិត្ត បានចំនួន ប្រមាណ ៨២% នៃចំនួនក្របខ័ណ្ឌរួមបច្ចុប្បន្ន។

ក្នុងនាមថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមសម្តែងនូវការកោតសរសើរចំពោះ លោក លោកស្រី ទាំងអស់ ដែលបានចាក់វ៉ាក់សាំង ទាំងលើកទី១ និងលើកទី២ ក៏ដូចជាអនុវត្តបានល្អប្រសើរ នូវវិធានការនានា របស់ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការទប់ស្កាត់ ការរីរាលដាលជម្ងឺកូវីដ-១៩។

ទន្ទឹមនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពិនិត្យឃើញថា នៅមានមន្ត្រីមួយចំនួនទៀតមិនទាន់ បានចាក់វ៉ាក់សាំងនៅឡើយ។ ហេតុនេះ ដើម្បីជម្រុញការចូលរួមបង្ការ ទប់ស្កាត់ការរីករាលដាលជម្ងឺ កូវីដ-១៩ បន្ថែមទៀត អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមជម្រាបជូនដល់ថ្នាក់ដឹកនាំ និងប្រធាននាយកដ្ឋានចំណុះអគ្គ នាយកដ្ឋានអន្តោប្រវេសន៍ ត្រួតពិនិត្យ និងអនុវត្តឱ្យបានម៉ឺងម៉ាត់ បំផុតនូវវិធានការមួយចំនួន ដូចខាងក្រោម៖

១-បន្តផ្សព្វផ្សាយដល់មន្ត្រីនគរបាល នៅក្រោមឱវាទនាយកដ្ឋាននីមួយៗ ដែលមិនទាន់បានទៅ ចាក់វ៉ាក់សាំងកូវីដ- ១៩ ឱ្យទៅចាក់វ៉ាក់សាំងនៅតាមទីតាំង ដែលបានណែនាំកន្លងមក។
២-គ្រប់នាយកដ្ឋាន ត្រូវស្រង់បញ្ជីឈ្មោះ មន្ត្រីដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ និងមន្ត្រីដែលមិនទាន់បាន ចាក់វ៉ាក់សាំង រួចផ្ញើមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ (នាយកដ្ឋានរដ្ឋបាលសរុប) អោយបានមុនថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១ ជាកំណត់។
៣-ក្នុងករណីមន្ត្រីនគរបាល ដែលមិនអាចចាក់វ៉ាក់សាំងកូវីដ-១៩ ដោយសារមូលហេតុសុខភាព ក្នុងប្រការណាមួយ សូមស្នើឱ្យមន្ត្រីនោះធ្វើការបញ្ជាក់ច្បាស់លាស់ ពីមន្ទីរពេទ្យក្រសួងមហាផ្ទៃ (មន្ទីរពេទ្យ១៦ឧសភា) ឬមន្ទីរសុខាភិបាលរាជធានី ខេត្ត។
៤-ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ តទៅ មន្ត្រីនគរបាលណា ដែលមិនទាន់បានចាក់វ៉ាក់សាំង កូវីដ-១៩ មិនអនុញ្ញាតិឱ្យចូលមកកន្លែង បំពេញការងារឡើយ ៕

To Top