ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើអង្គការ JICA ប្រចាំកម្ពុជាពិនិត្យលទ្ធភាពជួយ ដល់ប្រព័ន្ធខ្សែច្រវាក់រក្សាផលត្រី និងបន្លែក្នុងទូត្រជាក់ ដើម្បីរក្សាទុកផលិតផលបានយូរ និង ជួយដល់សមាគមផលិតបន្លែផងដែរ។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី MIYAHARA Ai នាយិកាអង្គការ JICA ប្រចាំកម្ពុជា និងក្រុមការងារបច្ចេក ទេសរបស់គម្រោងដើម្បីពិនិត្យ និងវាយតម្លៃរួមលើវឌ្ឍនភាព នៃការអនុវត្តគម្រោងសម្រាប់ត្រីមាសទី១ ឆ្នាំ២០២១ នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ លោក វេង សាខុន បានគាំទ្រចំពោះលទ្ធផល ដែលក្រុមការងារសម្រេចបាន និងលើកទឹកចិត្តដល់ក្រុមការងារ ឲ្យបន្តខិតខំបន្ថែមទៀត ធ្វើយ៉ាងណាឲ្យគម្រោងមានឥទ្ធិពល កាន់តែទូលំទូលាយដល់ថ្នាក់មូលដ្ឋាន ជាពិសេស វារីវប្បករ កសិករ និងសមាគមកសិកម្មផលិតពូជស្រូវ ដំឡូងមី ទទួលយកទៅអនុវត្តបានល្អប្រសើរ ប្រយោជន៍ចូលរួមលើកកម្ពស់ផលិតភាព ផលិតកម្មពូជ វារីវប្បកម្ម ធានាបានគុណភាព និងសុវត្ថិភាព។
លោកបញ្ជាក់ថា «សូមស្នើឲ្យ JICA ពិនិត្យលទ្ធភាពជួយដល់ ប្រព័ន្ធខ្សែច្រវាក់រក្សាផលត្រី និងបន្លែក្នុងទូត្រជាក់ ដើម្បី រក្សាទុកផលិតផលបានយូ ជាពិសេស ជួយដល់សមាគមន៍ផលិតបន្លែ ឬបណ្តុំអាជីវកម្មបន្លែ និងត្រីនៅខេត្តគោលដៅរបស់គម្រោង» ៕