Covid-19

អាភិបាលខេត្តកំពង់ចាម ចុះត្រួតពិនិត្យគោលដៅ អនុវត្តសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមនឹងក្រុមការងារសមត្ថកិច្ចពាក់ព័ន្ធ នៅថ្ងៃទី៨ ខែមេសាឆ្នាំ ២០២១ នេះ បានចុះត្រួតពិនិត្យគោលដៅ ២កន្លែង នៅស្រុកបាធាយ ក្នុងការអនុវត្តសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល លេខ ៤៤ សសរ រយៈពេល២ សប្ដាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ទន្ទឹមនឹងការចុះត្រួតពិនិត្យនោះ លោកអភិបាលខេត្ត បានមានប្រសាសន៍ ណែនាំដល់អាជ្ញាធរ និងសមត្ថកិច្ច ឲ្យយកចិត្តទុកដាក់អនុវត្តសេចក្តី សម្រេចរបស់រាជរដ្ឋាភិបាល ឱ្យទទួលបានជោគជ័យក្នុងរយៈពេល ២សប្តាហ៍ នៅតាមគោលដៅរបស់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពិសេសការកាត់ផ្តាច់ខ្សែចម្លង ក្នុងព្រឹត្តិការណ៍សហគមន៍២០-កុម្ភៈ តាមរយៈ ការផ្អាកចរាចរណ៍ពីតំបន់មួយ ទៅកាន់តំបន់មួយទៀត។

តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងដែរថា លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចេញបទបញ្ជាឱ្យអភិបាលរងខេត្ត ចុះត្រួតពិនិត្យគ្រប់គោលដៅ ក្នុងក្រុង-ស្រុកទាំង៨ ដែលមានព្រំប្រទល់ ជាប់ខេត្តផ្សេងៗ មានចំនួន២៣ គោលដៅ គឺ៖ ស្រុកបាធាយ ២គោលដៅ, ស្រុកជើងព្រៃ ១គោលដៅ, ស្រុកស្រីសន្ធរ ៥គោលដៅ , ស្រុកកងមាស ២គោលដៅ , ក្រុងកំពង់ចាម ១គោលដៅ, ស្រុកកោះសូទិន ២គោលដៅ, ស្រុកចំការលើ ៤គោលដៅ , និងស្រុកស្ទឹងត្រង់ ៥គោលដៅ ផងដែរ ដើម្បីពង្រឹងការអនុវត្តអោយមានប្រសិទ្ធភាព ។

To Top