ព័ត៌មានជាតិ

វិភាគ ៖ របបសឹកមីយ៉ានម៉ា ចោទប្រកាន់ក្រុមប្រឆាំង ពីបទប៉ុនប៉ង បំផ្លាញប្រទេស

បច្ចុប្បន្នភាព

លោក Zaw Min Tun អ្នកនាំពាក្យ របបសឹកមីយ៉ានម៉ា បានប្រកាស នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែមេសានេះថា ក្រុមបាតុករគាំទ្រប្រជាធិបតេយ្យ​ នៅក្នុងប្រទេសនេះ កំពុងព្យាយាមបំផ្លិចបំផ្លាញប្រទេស របស់ខ្លួនឯង តាមរយៈការប៉ុនប៉ង វាយប្រហារលើក្រុមហ៊ុន សហគ្រាស ឬរោងចក្រ របស់ប្រទេសចិន ដូចជាការប៉ុនប៉ងដុតបំផ្លាញ រោងចក្រចិនជាដើម ។

លោក Zaw Min Tun បាននិយាយថា កងកម្លាំងយោធាគ្មានជម្រើស ក្រៅពីការបង្ក្រាបលើក្រុមបាតុករនោះទេ ដែលជាការការពារ ប្រយោជន៍ជាតិ ហើយនឹងមិនអត់ អោនអោយក្រុមបាតុករនោះទេ ប្រសិនបើក្រុមបាតុករ នៅតែបន្តសកម្មខុសច្បាប់ របស់ខ្លួនបន្តទៅទៀត ដោយការបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិជាតិ និងឯកជន ។

កាលពីថ្ងៃពុធ ទី៧ ខែមេសានេះ កងកម្លាំងយោធា បានបាញ់សម្លាប់ក្រុមបាតុករ ចំនួន១៥នាក់បន្ថែមទៀត ដែល៨នាក់ បានស្លាប់នៅតាមជនបទ និង៧នាក់បានស្លាប់ នៅទីក្រុងយ៉ាងហ្គោន ដែលរុញច្រានអោយចំនួនមនុស្សស្លាប់ ក្នុងអំពើហិង្សានៅមីយ៉ានម៉ា បានកើនឡើង ដល់ជាង៦០០នាក់ហើយ ។

ការបាត់បង់ជីវិតក្រុមបាតុករចំនួន១៥នាក់នេះ បានកើតឡើង បន្ទាប់ពីកងកម្លាំងយោធា បានបើកការបង្ក្រាប លើក្រុមបាតុករនៅទូទាំងប្រទេស ដោយសម្រុកចូលទៅក្នុងជំរំបាតុកម្ម របស់ក្រុមប្រជាបាតុករ ដែលកំពុងជួបជុំគ្នាធ្វើបាតុកម្ម ទាំងនៅទីក្រុងយ៉ាងហ្គោន និងនៅតាមជនបទនានា រួមទាំងនៅតំបន់គ្រប់គ្រង ដោយជនជាតិភាគតិចផងដែរ ។

កាលពីថ្ងៃពុធដដែល មានសម្លេង ផ្ទុះយ៉ាងហោចណាស់៧លើក នៅទីក្រុងយ៉ាងហ្គោន ដែលជាសកម្មភាព របស់ក្រុមបាតុករ ក្នុងការបង្កអោយមានភាព វឹកវរកាន់តែខ្លាំង តែអ្នកជំនាញបាននិយាយថា សម្លេងផ្ទុះនោះ គ្រាន់តែជាគ្រឿង ផ្ទុះកែច្នៃ ដែលមានតែសម្លេងប៉ុណ្ណោះ មិនមែនជាគ្រាប់បែកទេ និងអាចជាកាំជ្រួចភ្ញីផងក៏មិនដឹង ប៉ុន្តែវាជាសកម្មភាពមួយរបស់ក្រុមបាតុករដែលរុញច្រាន អោយស្ថានភាពដុន ដាបកាន់តែខ្លាំង ។

ក្រុមស្រាវជ្រាវមានមូលដ្ឋាននៅទីក្រុង ឡុងដ៍ ចក្រភព អង់គ្លេស (London-based research group) បានអោយដឹងថា នៅពេលបច្ចុប្បន្ននេះ របបសឹកមីយ៉ានម៉ា ហាក់ដូចជាបានបាត់បង់ការគ្រប់គ្រង របស់ខ្លួនទៅហើយ ដោយសារក្រុមប្រឆាំង បានបំបែកខ្លួនជាច្រើន ក្រុមនៅទូទាំងប្រទេស និងបានបង្កភាពវឹកវរយ៉ាងខ្លាំងតាមរយៈការធ្វើបាតុកម្មទាំងនៅក្នុងជំរំ និងទាំងនៅតាមដងផ្លូវ ដែលធ្វើអោយមានការលំបាក ក្នុងការគ្រប់គ្រង ។

ប្រភពដដែលបានបន្តថា ស្ថានភាពបែបនេះ កំពុងរុញច្រានអោយសហភាពមីយ៉ានម៉ា ធ្លាក់ចូលទៅក្នុងវិបត្តិនយោបាយ កាន់តែធ្ងន់ធ្ងរ និងអាមផ្ទុះចេញជាសង្គ្រាមស៊ីវិល នៅពេលខាងមុខ ប្រសិនបើក្រុមបាតុករទៅរួមសហការ ជាមួយកងកម្លាំងសន្តិសុខ របស់ក្រុមជនជាតិ ភាគតិច មានការ៉ែន កាជីន និងហ្សានជាដើម ។

សូមបញ្ជាក់ជូនថា នៅសហភាពមីយ៉ានម៉ា មានជនជាតិមីយ៉ានម៉ា ប្រមាណ៦៨% ក្នុងចំណោមប្រជាជន សរុបនៅប្រទេស នេះប្រមាណជាង៥៤លាននាក់ ហើយក្រៅពីនោះ គឺជាជនជាតិភាគតិចប្រមាណ ជាង១០០ក្រុម ដែលជនជាតិ ភាគតិច ភាគច្រើន មាននយោបាយ និងកងកម្លាំងសន្តិសុខ ផ្ទាល់ខ្លួនសម្រាប់ការពារសន្តិសុខ នៅក្នុងតំបន់កាន់កាប់របស់ខ្លួន ។

ក្នុងចំណោមជនជាតិភាគតិចទាំង ជាង១០០ក្រុមនោះដែរ មានជនជាតិភាគតិច ចំនួន១០ក្រុម បានចងក្រងជាអង្គការ ប្រដាប់អាវុធមួយ ក្នុងគោលដៅការពារ សម្ព័ន្ធមិត្ត ខណៈដែលមានបញ្ហាអ្វីមួយ ឬមានការរំលោភបំពានពីសំណាក់កងកម្លាំងយោធាមីយ៉ានម៉ា ដែលជាអ្នកគ្រប់គ្រង ប្រទេសនេះផ្ទាល់ ។

ក្តីបារម្ភនៅត្រង់ថា ប្រសិនបើអង្គការ ប្រដាប់អាវុធរបស់ជនជាតិ ភាគតិចទាំង១០ក្រុម មូលមតិគ្នា និងប្រកាសរួបរួម ជាមួយក្រុមបាតុករ ដែលកំពុងតែធ្វើបាតុកម្មប្រឆាំង របបសឹក ដោយងាកបែរកាណុងកាំភ្លើង ទៅច្បាំងជាមួយរបបសឹក មីយ៉ានម៉ា នៅពេលនេះ សង្គ្រាមស៊ីវិល គឺពិតជាឆាបឆេះឡើងដោយចៀសមិនរួច ប៉ុន្តែអង្គការ ប្រដាប់អាវុធ របស់ជនជាតិភាគតិច ទាំង១០ក្រុមនេះ មិនងាយនឹងឈាន ដល់ការរួបរួមគ្នាក្នុងប្រយុទ្ធ ជាមួយរបបសឹកទេ ដោយសារការមិនទុកចិត្តគ្នា និងមិនទុកចិត្តមេដឹកនាំស៊ីវិល មីយ៉ានម៉ាផងដែរ ។

ដើមចមនាំអោយកើតរឿង

ទីភ្នាក់ងារព័ត៌មាន Interfax News Agency ដែលបានដកស្រង់ ប្រភពពីក្រសួងការបរទេស របស់ប្រទេសរុស្ស៊ី បានអោយដឹងថា ដើមចមដែលនាំអោយវិបត្តិនយោបាយ នៅសហភាពមីយ៉ានម៉ា ធ្លាក់ដុនដាបកាន់តែធ្ងន់ធ្ងរ គឺដោយសារមានការលូកដៃពីខាងក្រៅ ។

ប្រភពដដែលបានបន្តថា ការលូកដៃពីខាងក្រៅនោះ គឺសំដៅលើ សេចក្តីប្រកាសថ្កោលទោស ការរិះគន់ និងការដាក់ទណ្ឌកម្ម ដែលជាសម្ពាធ លើរបបសឹកមីយ៉ានម៉ា ពីសំណាក់សហរដ្ឋអាមេរិក និងប្រទេស ជាសម្ព័ន្ធមិត្តអាមេរិក ។

សម្ពាធខាងលើនេះ គឺជាការលើកទឹកចិត្ត ដល់ក្រុមបាតុករអោយបន្តធ្វើបាតុកម្មប្រឆាំង របបសឹក ដោយក្រុមបាតុករមិនញញើត ក្នុងការប្រឈមមុខជាមួយកងកម្លាំងយោធា ទោះបីជាមានការបាញ់សម្លាប់ក្រុមបាតុករ ក៏ដោយ ។

ប្រសិនបើមិនមានសម្ពាធ ពីសហរដ្ឋអាមេរិក ប្រទេសជាសម្ព័ន្ធមិត្តអាមេរិក រួមទាំងពីអង្គការសហប្រជាជាតិទេ ក្រុមបាតុករនឹងមិនចេញធ្វើបាតុកម្ម និងមានភាពក្លាយហាន ដូចជានៅពេលបច្ចុប្បន្ននេះនោះទេ ។

Interfax News Agency បានបញ្ជាក់ថា ប្រសិនបើសហភាពមីយ៉ានម៉ា ធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល ក៏ដោយសារតែការលូកដៃ ពីខាងក្រៅដែរ ខណៈដែលជំហរពិតប្រាកដ របស់រុស្ស៊ី គឺគាំទ្រការស្វែងរកដំណោះស្រាយ ដោយសន្តិវិធី ៕
ដោយ ៖ អ៊ី ជិន

To Top