ព័ត៌មានជាតិ

កម្ពុជាស្នើ អាស៊ាន-អង់គ្លេស ពិនិត្យលទ្ធភាព បង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា បានលើកទឹកចិត្ត ដល់អាស៊ាន និងចក្រភពអង់គ្លេស ឲ្យរិះរកលទ្ធភាព ក្នុងការបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី អាស៊ាន-អង់គ្លេស (ASEAN-UK FTA) ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការ ខាងផ្នែកឌីជីថល ដើម្បីគាំទ្រកំណើនសហគ្រាសមីក្រូ ធុនតូច និងមធ្យម (MSMEs) ។

កាលពីថ្ងៃទី៨ មេសា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញចូលរួម កិច្ចសន្ទនាត្រីភាគី បើកចំហថ្នាក់រដ្ឋមន្រ្តីការបរទេស អាស៊ាន-អង់គ្លេស លើកទី២ តាមប្រព័ន្ធវីដេអូ ។

កិច្ចប្រជុំបានពិភាក្សា ពីការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ អាស៊ាន-ចក្រភពអង់គ្លេស នៅលើវិស័យជាច្រើន ដែលជាចំណាប់អារម្មណ៍រួម និងផលប្រយោជន៍ទៅវិញទៅមក។ កិច្ចប្រជុំបានផ្លាស់ប្តូរ យោបល់គ្នា លើកិច្ចសហប្រតិបត្តិការ ក្នុងវិស័យគ្រោះអាសន្ន សុខភាពសាធារណៈ ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតកូវីដ១៩ ការស្តារសេដ្ឋកិច្ចឡើងវិញ និងបម្រែបម្រួលអាកាសធាតុ ក៏ដូចជា បញ្ហាតំបន់និងអន្តរជាតិដែលជាក្តីបារម្ភ និងផលប្រយោជន៍រួម។ កិច្ចប្រជុំបានអះអាងជាថ្មី អំពីសារសំខាន់នៃពហុភាគីនិយមសម្រាប់ការឆ្លើយតបរួមគ្នា និងប្រកបដោយប្រសិទ្ធភាព ដើម្បីជម្នះបញ្ហាប្រឈមនានាដែលបង្កឡើងដោយជំងឺកូវីដ១៩ និងបានប្តេជ្ញាចិត្តធ្វើការរួមគ្នាឆ្ពោះទៅរកការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត ប្រកបដោយចីរភាព ។

លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា «សម្រាប់វិស័យពាណិជ្ជកម្ម សូមលើកទឹកចិត្តដល់អាស៊ាន និងចក្រភពអង់គ្លេសឲ្យរិះរកលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន និងចក្រភពអង់គ្លេស (ASEAN-UK FTA) ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការខាងផ្នែកឌីជីថល ដើម្បីគាំទ្រកំណើនសហគ្រាសមីក្រូ ធុនតូច និងមធ្យម (MSMEs)» ។

ក្នុងអំឡុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះ លោកឧបនាយករដ្ឋមន្ត្រីក៏សរសើរចក្រភពអង់គ្លេសបានចូលរួមវិភាគទានសប្បុរសដល់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ដែលក្នុងនោះកម្ពុជា គឺជាប្រទេសមួយក្នុងចំណោម ប្រទេសដំបូងគេក្នុងតំបន់បានទទួលវ៉ាក់សាំងអាស្រ្ដាហ្សេនីកា (AstraZeneca) ចំនួន ៣២៤.០០០ដូស។

ពាក់ព័ន្ធបញ្ហាប្រែប្រួលអាកាសធាតុ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងជំនឿជឿជាក់ថា សន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៦ (COP26) ដែលចក្រភពអង់គ្លេសធ្វើជាប្រធាន ក្នុងឆ្នាំ២០២១នេះ នឹងផ្តល់នូវកាលានុវត្តភាព ដ៏ឧត្តមមួយ សម្រាប់ប្រទេស សមាជិកអាស៊ាន ក្នុងការចូលរួមបន្ថែមទៀត ជាមួយចក្រភពអង់គ្លេស ដើម្បីសម្រេច បាននូវយុទ្ធសាស្ត្រ អភិវឌ្ឍន៍ការបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់ក្នុងកម្រិតទាប និងរយៈពេលវែង៕

To Top