ព័ត៌មានជាតិ

អ្នកនាំពាក្យ​ក្រសួង សុខាភិបាល ស្នើអាជ្ញាធរ សម្រួលឲ្យពលរដ្ឋ ឆ្លងកាត់តំបន់ហាមឃាត់ មកចាក់វ៉ាក់សាំងកូវីដ១៩ លើកទី២ កន្លែងដដែល

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានស្នើទៅដល់អាជ្ញាធរ គ្រប់រាជធានី-ខេត្តពិនិត្យសម្រួលចរាចរណ៍ ធ្វើដំណើរប្រជាពលរដ្ឋ ដែលឆ្លងកាត់ តំបន់បម្រាបគោចរ ដើម្បីឲ្យពួកគាត់ ទៅចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ លើកទី២ បាននៅកន្លែងដដែល ក្រោយចាក់លើកទី១ ។

ក្រសួងសុខាភិបាល ណែនាំអាជ្ញាធរបែបនេះ ក្រោយមានប្រជាពលរដ្ឋធ្វើ ស្នើសុំមកក្រសួង លើបញ្ហាពួកគាត់ ដល់វេន ចាក់វ៉ាក់សាំង លើកទី២ ប៉ុន្ដែពួកគាត់ជាប់គាំង នៅតាមទីតាំងមួយចំនួន ដែលជាតំបន់បម្រាមគោចរ ធ្វើឲ្យពិបាកទៅចាក់វ៉ាក់សាំង លើកទី២ ។

តាមរយៈសារសំឡេង នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានថ្លែងថា «ខ្ញុំសូមឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាល រាជធានី-ខេត្ត សូមមេត្តាជួយពិនិត្យ មើលករណីនេះផង ពីព្រោះប្រសិនបើបងប្អូនយើង ចាក់វ៉ាក់សាំងហើយ លោកមិនមានលទ្ធភាព ក្នុងការចាក់វ៉ាក់សាំងលើកទី២ទេនោះ អីចឹងការចាក់លើកទី១ របស់គាត់ នឹងក្លាយទៅជាអាសារបង់»។

លោកស្រីបន្ដថា «ពួកគាត់ចាក់វ៉ាក់សាំង រួចសុទ្ធតែមានកាត អីចឹង បើសិនគាត់ដល់ពេលវេលា ដែលមកត្រូវចាក់លើកទី២ ចឹងគាត់អាចហ្នឹង បង្ហាញកាតនោះជូនអាជ្ញាធរ ឬក៏សមត្ថកិច្ច ដែលលោកនៅឆែកឆេរ នៅកន្លែង ព្រំទល់ខេត្តមួយ ទៅខេត្តមួយ ដើម្បីបង្ហាញថា គាត់មានតម្រូវការ នៃការចាក់វ៉ាក់សាំង នៅខេត្តណា ឬក៏កន្លែងណាមួយ» ។

លោកស្រី ក៏បានបញ្ជាក់ថា ក្នុងកាត់ចាក់វ៉ាក់សាំងនីមួយៗសុទ្ធដាក់ ថ្ងៃ ខែ លើកទី១ ហើយអាជ្ញាធរ អាចធ្វើការវាយតម្លៃបានហើយ ។ លោកស្រីពន្យល់ថា សម្រាប់វ៉ាក់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់ គឺចន្លោះពេល១៤ថ្ងៃ ទៅ២៨ថ្ងៃ ។ ដោយឡែក វ៉ាក់សាំងកូវីស្យែល (CoviShield) គឺ៨សប្ដាហ៍ ទៅ១២សប្ដាហ៍ ក្រោយពីថ្ងៃចាក់លើកទី១ ៕

To Top