ភ្នំពេញ៖ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ បានចាត់អោយ លោកអនុនាវីទោ សុី សុខគង់ ប្រធានផ្នែករដ្ឋបាល ទីបញ្ជាការជួរមុខ នាំយកថវិកាចំនួន ១០០០ដុល្លារ ជូនដល់ គិលានដ្ឋានមូលដ្ឋានសមុទ្រ សម្រាប់ទិញស្រោមដៃពេទ្យ និងសម្ភារៈផ្សេងៗ មួយចំនួនបន្ថែមទៀត ។
តំណាងលោកឧត្តមនាវីឯក ទៀ សុខា បានឲ្យដឹងថា ថវិកា ដែលបានប្រគល់ជូន គិលានដ្ឋានមូលដ្ឋានសមុទ្រ នាឱកាសនេះ ដោយសារលោកឧត្តមនាវីឯក មើលឃើញ ពីភាពចាំបាច់ និងមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះយុទ្ធនាការ ចាក់វ៉ាក់សាំង បង្ការជំងឺឆ្លងកូវីដ-១៩ (Covid-19) ជូនដល់គ្រួសារ កងទ័ពជើងទឹក មូលដ្ឋានសមុទ្រ ដើម្បីប្រយុទ្ធប្រឆាំង និងចូលរួមទប់ស្កាត់ ការរីករាលដាល នៃជំងឺឆ្លងកូវីដ-១៩(Covid-19) ក្នុងសហគមន៍៕


