ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម និងក្រុមការងារ ចុះពិនិត្យដំណើរការ ចាក់វ៉ាក់សាំង ជូនអតីតយុទ្ធជនកម្ពុជា

កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសាខាសមាគមអតីតយុទ្ធជនកម្ពុជា រួមជាមួយក្រុមការងារនៅព្រឹកថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២១ នេះបានអញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនអតីតយុទ្ធជនកម្ពុជា នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។ 

ស្ថិតក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា 

បានសំដែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រឹងប្រែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ ក៏ដូចជាអតីតយុទ្ធជន ក្នុងខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា បានបន្តថា ពលរដ្ឋនិងអតីតយុទ្ធជនយើង មានសំណាងណាស់ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ជាមេដឹកនាំប្រកបដោយគតិបណ្ឌិត ហើយសម្តេចតេជោ លោកបានស្វះស្វែងរកវ៉ាក់សាំង មកចាក់ជូនពួកយើងគ្រប់ៗគ្នា ។ 

លោកអភិបាលខេត្តបន្តថា មានវ៉ាក់សាំង គឺយើងមានកងការពារមួយយ៉ាងរឹងមាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ប៉ុន្តែទោះបីជាយើងបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចហើយក្តី ក៏ត្រូវតែចូលរួមអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួនផងដែរ។

To Top