ព័ត៌មានជាតិ

អគ្គស្នងការរង នគរបាលជាតិ ជំរុញកងកម្លាំង និងពលរដ្ឋ អញ្ជើញទៅចាក់វ៉ាក់សាំង ទាំងអស់គ្នា

កោះកុង : ឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរងនគរបាលជាតិ តំណាងឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអំណោយ គ្រឿងឧបភោគ បរិភោគរួម និងថវិកាចំនួនប្រគល់ជូនកម្លាំង នគរបាលឈរជើងព្រំដែនទឹក វរៈសេនាតូចលេខ២៦៩ និងវរៈព្រំដែនគោក៨២៧ ព្រមទាំងកម្លាំងនគរបាលភូមិភាគប្រចាំទិសខេត្តកោះកុងផងដែរ។ ពិធីសំណេះសំណាលនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ នៅវរៈសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៦៩ ស្ថិតនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ឧត្តមសេនីយ៍ តេង សួន បានថ្លែងថា សូមកងកម្លាំងនគរបានជាតិ រួមទាំងក្រុមគ្រួសារនគរបាលជាតិ និងធ្វើការផ្សព្វផ្សាយអបរំ ដល់ប្រជាពលរដ្ឋនៅក្នុងភូមិឃុំក្នុងមូលដ្ឋាន របស់យើងឲ្យពួកអញ្ជើញ ទៅចាក់វ៉ាក់សាំងការពារកូវិដ១៩ ដើម្បីរួមទប់ស្កាត់ការពារជាមួយរាជរដ្ឋាភិបាលកុំឲ្យ មានការរីកដាលឆ្លងចូលក្នុងសហគន៍ពីកូវិដ១៩នេះ កុំពងបង្កើនហានិភ័យខ្ពស់មកលើប្រជាជនយើង។

ឧត្តមសេនីយ៍ តេង សួន បានបន្ថែមថាកងកម្លាំងនគរបាលទាំងអស់ យកចិត្តទុកដាក់ការពារសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ពិសេសក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ ត្រូវចូលរួមចំណែកអនុវត្តន៍ ការងារបម្រើប្រជាពលរដ្ឋ ក្រោមការគ្រប់គ្រងផ្ទាល់ពីលោកស្រីអភិបាលខេត្ត ដែលជាតំណាងរាជរដ្ឋាភិបាល និងក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។

ហើយលោកឧត្តមសេនីយ៍ ក៍បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់អំពីបញ្ហាសុខភាពផ្ទាល់ខ្លួនជាមុន ដើម្បីមានឱកាសធ្វើការបម្រើជាតិ និងប្រជាជន បំផុសឱ្យគ្រួសារ បងប្អូន កូនក្មួយ ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នានិងកុំជឿតាមការញុះញ៉ុង ព័ត៌មានមិនពិតមួយចំនួនដែលផ្សព្វផ្សាយ ដោយជនអគតិមួយចំនួនក្នុងន័យបោកប្រាស់ និងបំភ្លៃការពិតថាការវ៉ាក់សាំង បណ្តាលឱ្យមានគ្រោះថ្នាក់យ៉ាងនេះយ៉ាងនោះ ការពិតវ៉ាក់សាំងពិតជាមានប្រយោជន៍សម្រាប់យើង វាអាចជួយយើងឱ្យរួចផុតពីការវ៉ាយលុកខ្លាំងក្លាពីជំងឺកូវីដ-១៩ បាន។ ជាមួយគ្នានេះដែរលោក ឧត្តមសេនីយ៍ ក៍បានបញ្ជាក់ច្បាស់ដល់កងកម្លាំងថា ទោះបីបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចហើយក្តី តែត្រូវគោរពនិងអនុវត្តន៍ឱ្យបានដាច់ខាតនូវវិធានការសុខាភបាល និងអនុសាសន៍សម្តេចតេជោនាយករដ្ឋមន្ត្រី គឺ ៣ការពារ និង៣កុំ គឺដើម្បីខ្លួនយើង គ្រួសារ និងសង្គមជាតិយើងទាំងមូល ហើយត្រូវមានការប្រុងប្រយ័ត្នឲ្យខ្ពស់(ការពារប្រសើរជាងព្យាបាល)។

To Top