ភ្នំពេញ៖ ប្រជាពលរដ្ឋ និងកម្មករ កម្មការីនីរោងចក្រ ប្រមាណ២ម៉ឺនគ្រួសារ រស់នៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ ដែលត្រូវបានអាជ្ញាធរបង្ខំចិត្ត បិទខ្ទុបភូមិដ្ឋាន ទទួលបានអំណោយ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាបន្តបន្ទាប់ តាមរយៈអាជ្ញាធរ ដើម្បីរំលែកការលំបាក ខណៈពេលកំពុងធ្វើចត្តាឡីស័ក នៅតាមផ្ទះ តាមបន្ទប់ជួល ក្នុងការចូលរួមកាត់បន្ថយ នូវការឆ្លងរាលដាល ជំងឺកូវីដ-១៩។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ដែរថា នាឱកាសនេះ អាជ្ញាធរ និងមន្ត្រីតាមមូលដ្ឋាន បានចុះចែកអំណោយ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋ និងកម្មករ-កម្មការនី ចំនួន ១០០០គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័ក នៅតាមផ្ទះ តាមបន្ទប់ នៅក្នុងភូមិត្រពាំងថ្លឹងទី២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ នារសៀលថ្ងៃទី១១ ខែមេសានេះ។

ប្រជាពលរដ្ឋ ជាកម្មករ កម្មការីនីរោងចក្រ រស់នៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ ដែលត្រូវបានអាជ្ញាធរ បិទខ្ទុបភូមិដ្ឋាន ដើម្បីកាត់បន្ថយឲ្យបាន នូវការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នេះ មានប្រមាណ ២ម៉ឺនគ្រួសារ ដោយក្នុងនោះ អំណោយនឹងចែកជូន ជាតំណាក់កាល មិនអាចចែកម្តងទាំងអស់នោះទេ ។ ជាក់ស្តែងនៅរសៀលថ្ងៃនេះ ត្រូវបានចែកជូន ចំនួន១០០០គ្រួសារ ហើយក្នុង១ពាន់គ្រួសារនេះ មិនមែនចែក១លើកនោះដែរ ដោយត្រូវចែកជា ៤លើក មានន័យថា ក្នុងមួយលើក ត្រូវចែកត្រឹមតែ២៥០នាក់ប៉ុណ្ណោះ ដោយធ្វើការ ផ្លាស់ប្តូរគ្នា ដើម្បីរក្សាគម្លាតសុវត្ថិភាព ។ ថ្ងៃបន្តបន្ទាប់មកទៀត នឹងបន្តចែកជូនបន្ថែមទៀត គឺមិនទុកអោយប្រជាពលរដ្ឋ ណាម្នាក់ស្លាប់ ដោយការអត់ឃ្លាននោះទេ ។
លោកឃួង ស្រេង បានមានប្រសាសន៍ថា “ការបិទខ្ទប់លំនៅដ្ឋាន របស់បងប្អូន អាជ្ញាធរធ្វើឡើង ដោយការបង្ខំចិត្តទេ ដូច្នេះ សូមបងប្អូនមេត្តាយោគយល់ ពោះវាជាវិធាន ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩” ។
ក្នុងឱកាសនោះ អភិបាលរាជធានី បានស្នើសុំចំពោះបងប្អូន ដែលត្រូវបិទភូមិដ្ឋាននេះ សូមបងប្អូនកុំគួរធ្វើទំនាក់ទំនង ជជែកគ្នាលេង ផឹកស៊ីជុំគ្នា ឬសាកសួរសុខទុក្ខគ្នា ពីផ្ទះមួយទៅផ្ទះមួយ អោយសោះ យើងគួររួមគ្នាទប់ស្កាត់ ឲ្យបាននូវការរីករាលដាល ជំងឺកូវីដ-១៩ ទាំងអស់គ្នា ។
អំណោយដែលត្រូវចែកជូន នៅពេលនេះ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ២៥គីឡូ, មី១កេស, ត្រីខ ២០កំប៉ុង រួមទាំងថវិកា៣០ម៉ឺន រៀល។
លោកអភិបាលបានឲ្យដឹងដែរថា សម្ដេចទាំងទ្វេរ បានយកចិត្តទុកដាក់ណាស់ ចំពោះប្រជាពលរដ្ឋកម្ពុជាទាំងមូល ជាពិសេសប្រជាពលរដ្ឋ ដែលកំពុងសម្រាក ធ្វើចត្តាឡីស័ក នៅតាមផ្ទះ តាមបន្ទប់ជួល ក៏ដូចជាតាមមណ្ឌលផ្សេងៗទៀត ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលកំពុងធ្វើចត្តាឡីស័ក បន្តយកចិត្តទុកដាក់ ធ្វើចត្តាឡីស័ក ឲ្យបានគ្រប់ចំនួន១៤ថ្ងៃ ដែលក្រសួងសុខាភិបាល បានកំណត់ ៕







