ព័ត៌មានជាតិ

អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ទីមួយលាន បានទទួលអំណោយ ៥លានរៀល ពីនាយករដ្ឋមន្រ្តីកម្ពុជា

ភ្នំពេញ៖ អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងទីមួយលាន​ នឹងទទួលបានអំណោយពីសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីកម្ពុជា​នូវទឹកប្រាក់ចំនួន៥លានរៀល។

នេះបើតាមការប្រកាសរបស់លោកស្រីឱ វណ្ណឌីនអ្នកនាំពាក្យក្រសួងសុខាភិបាលនារាត្រីថ្ងៃ១១ មេសា។

បើតាមលោកស្រីនៅថ្ងៃ១១​ មេសា​ នេះគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩​ ក្នុងក្របខណ្ឌទូទាំងប្រទេស​ បានរកឃេីញអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងទីមួយលាន​គឺលោក​ ប៉ាន់​ សុវណ្ណរិទ្ធិ​ ភេទប្រុសអាយុ​ ៣៦ឆ្នាំ​ មានទីលំនៅ​ ផ្ទះល្វែងលេខ២​ ព្រែកព្រីង២​ សង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ មានមុខរបរលក់ដូរតាមហាង​។

លោកបានទៅចាក់វ៉ាក់សាំងនៅ​ សាលាសន្ធរម៉ុក​ សង្កាត់ទឹកល្អក់១​ រាជធានីភ្នំពេញ ហើយមានភរិយា​ ជាស្ត្រីមេផ្ទះ​ និងមានកូន​ ៣នាក់​ (ស្រី១​ ប្រុស​ ២)។

នៅព្រឹកថ្ងៃ១២​ មេសា​ ស្អែកនេះលោកស្រីឱ​ វណ្ណឌីន​ ដែលជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩​ ក្នុងក្របខណ្ឌទូទាំងប្រទេស​ (គ.វ.ក-១៩)​ នឹងនាំយកថវិកាចំនួន​ ៥លានរៀល​ ដែលជាប្រាក់ រង្វាន់ត្រូវឆ្នោតចាក់វ៉ាក់សាំងកូវីដ-១៩​ និងជាអំណោយរបស់​សម្តេចតេជោ ទៅប្រគល់ជូនដល់ជ័យលាភីចាក់វ៉ាក់សាំងកូវីដ-១៩​ ទីមួយលាន​ តាមការណែនាំរបស់សម្តេច។

គួរចងចាំថា​ អ្នកចាក់វ៉ាក់សាំងលេខរៀងទី១​ គឺកូនប្រុសច្បងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី​ គឺ​ ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ​ និងជាមេបញ្ជាការកងទ័ពជេីងគោក​ រីឯ​ អ្នកដែលមានលេខរៀងចាក់វ៉ាក់សាំងកូវីដ-១៩​ ទីមួយលាន​ គឺលោក​ ប៉ាន់​ សុវណ្ណរិទ្ធិ​ ជាអ្នកលក់ដូរនៅរាជធានីភ្នំពេញ៕

To Top