ភ្នំពេញៈ នៅក្នុងឱកាស ទិវាសៀវភៅកុមារអន្តរជាតិក្នុងឆ្នាំ ២០២១នេះ ដើម្បីជាជំនួយក្នុងវិស័យអប់រំ នៅក្នុងស្ថានភាពលំបាកនៃជំងឺ កូវីដ ១៩ ទីភ្នាក់ងារ KOICA ប្រចាំកម្ពុជាបានផ្ដល់ជំនួយ ជាសៀវភៅរឿងនិទានខ្មែរចំនួន ៦ម៉ឺនក្បាល ដល់ស្ថាប័នដៃគូ ដូចជា មន្ទីរអប់រំយុវជន និងកីឡា នៅក្នុងខេត្តកំពង់ធំ ព្រៃវែង តាកែវ និងបន្ទាយមានជ័យ ព្រមទាំងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនផ្សេងទៀតផងដែរ។
ការផ្ដល់ជំនួយនេះ មានគោលបំណង ដើម្បីគាំទ្រដល់សកម្មភាពអាន និងលើកកម្ពស់គុណភាពបរិស្ថាននៃការអប់រំ ព្រមទាំងផ្តល់ជូននូវមាតិការអប់រំល្អៗ សម្រាប់កុមារ ជាជំនួយដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ដែលកំពុងជួបប្រទះ ការលំបាកដោយសារជំងឺកូវីដ ១៩។ ទីភ្នាក់ងារ KOICA ប្រចាំកម្ពុជា រំពឹងផងដែរថា តាមរយៈការផ្តល់ជំនួយ សៀវភៅរឿងនិទានខ្មែរ ឲ្យត្រូវនឹងកម្រិតរបស់សិស្ស អាចជួយឲ្យពួកគេបង្កើនទម្លាប់ក្នុងការអានសៀវភៅ និងបង្កើនគុណភាពបរិស្ថាននៃការអប់រំឲ្យកាន់តែប្រសើរឡើង។
គួររំលឹកផងដែរថា ទិវាសៀវភៅកុមារអន្តរជាតិត្រូវបានធ្វើឡើងនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១។ ទន្ទឹមនឹងនេះផងដែរ នៅថ្ងៃទី១ ខែមេសា ឆ្នាំ ២០២១ ជាខួបគម្រប់ទី៣០ឆ្នាំ នៃការបង្កើតទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA។ ដូច្នេះតាមរយៈការផ្តល់ជំនួយនេះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំកម្ពុជាសង្ឃឹមថានឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការ រវាងកម្ពុជាកាន់តែប្រសើរឡើង និងបង្កើតទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការ ជាបន្តរជាមួយស្ថាប័នដៃគូរឲ្យកាន់តែរលូន ក្នុងគម្រោងបញ្ជូនអ្នកស្ម័គ្រចិត្តនាពេលអនាគត។
សៀវភៅរឿងនិទានខ្មែរទាំងពីរ គឺជាសៀវភៅរឿងនិទានបែបប្រពៃណី ទំនៀមទំលាប់របស់ប្រទេសកម្ពុជា ហើយត្រូវបានផលិតឡើងក្រោម កិច្ចសហការរបស់អ្នកស្ម័គ្រចិត្ត KOICA ដែលបានវិលត្រលប់ទៅប្រទេសកូរ៉េវិញ ដោយសារជំងឺកូវីដ១៩ និងស្ត្រីកម្ពុជាដែលរស់នៅប្រទេសកូរ៉េ។ សៀវភៅរឿងនិទានខ្មែរពីរប្រភេទដូចជា រឿងភ្នំប្រុសភ្នំស្រី និងរឿងព្រះថោងនាងនាគ ត្រូវបានបរិច្ចាគដោយទីភ្នាក់ងារ KOICA ទៅស្ថាប័នដៃគូ ក្នុងនោះសៀវភៅជាង ៦ ម៉ឺនក្បាលត្រូវបានបរិច្ចាគទៅខេត្តចំនួន ៤ ដែលអ្នកស្ម័គ្រចិត្តក្នុងវិស័យអប់រំ ធ្លាប់ធ្វើសកម្មភាពស្ម័គ្រចិត្តរបស់ពួកគេ។
ដោយសារស្ថានភាពនៃជំងឺកូវីដ១៩ ទីភ្នាក់ងារ KOICA មិនបានធ្វើជាកម្មវិធីប្រគល់ និងទទួលឡើយ។ ដូច្នេះ ដើម្បីសម្រួលដល់ស្ថាប័នដៃគូ ទីភ្នាក់ងារ KOICA បានគាំទ្រដល់ការដឹកជញ្ជូនសៀវភៅ រឿងនិទានខ្មែរទាំងនោះជូនដល់ស្ថាប័នដៃគូរផងដែរ។ ជាចុងក្រោយទីភ្នាក់ងារ KOICA ប្រចាំកម្ពុជាបានលើកឡើងថា ការផ្តល់ជំនួយនេះនឹងជួយ ជំរុញសកម្មភាពអានរបស់កុមារ និងលើកកម្ពស់គុណភាពអប់រំ នៅក្នុងស្ថានភាពលំបាក នៃជំងឺកូវីដ១៩នេះ ។