ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីកម្ពុជា-ឡាវ ឯកភាពពន្លឿនការចរចា កិច្ចព្រមព្រៀងចៀសវាង ការយកពន្ធត្រួតគ្នា ដើម្បីជំរុញការ វិនិយោគទ្វេភាគី (Video)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ បានឯកភាពគ្នាពន្លឿន
ការចរចាលើ “កិច្ចព្រមព្រៀងស្តីពីការចៀសវាង ការយកពន្ធត្រួតគ្នា” ដើម្បីជំរុញការវិនិយោគនៅក្នុងប្រទេសទាំងពីរ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១០ព្រឹក សម្តេចតេជោ ហ៊ុន សែន បានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយ លោកបណ្ឌិត ផនខាំ វីផាវ៉ាន់ ដែលក្នុងពេលនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅបំផុត ជូនចំពោះលោក ផនខាំ វីផាវ៉ាន់ ដែលទើបត្រូវបានបោះឆ្នោតជ្រើសតាំង ជានាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិត្យឡាវ។

សម្តេចតេជោ បានសម្ដែងការជឿជាក់ថា ផ្អែកលើបទពិសោធន៍ដ៏ធំធេង និងភាពជាអ្នកដឹកនាំដ៏រឹងមាំ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងសម្រេចបានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកាន់តែល្អប្រសើរ និងវិបុលភាពជូនប្រជាជនឡាវ។

នាយករដ្ឋមន្ត្រីទាំងពីរ បានសម្ដែងការពេញចិត្តទៅវិញទៅមក ចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធ ដោយឈរលើមូលដ្ឋានចំណងមិត្តភាពជាប្រពៃណី និងភាពជាអ្នកជិតខាងល្អ។ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពជំរុញបញ្ចប់ឲ្យបានឆាប់នូវសេចក្តីព្រាងផែនការសកម្មភាពសម្រាប់ភាពជាដៃគូ ដើម្បីបន្តពង្រឹងនូវទំនាក់ទំនងជិតស្និទ្ធនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដូចជា វិស័យនយោបាយ-សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ អប់រំ និងវប្បធម៌ ។

ក្នុងសេចក្ដីប្រកាសបញ្ជាក់ថា «ថ្នាក់ដឹកនាំទាំងពីរ មានសេចក្តីរីករាយចំពោះកំណើន នៃទំហំពាណិជ្ជកម្មទ្វេភាគី ដែលបានកើនឡើងពីត្រឹម ១០លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៩ រហូតដល់ ១០៤លានដុល្លាអាមេរិក នៅក្នុងឆ្នាំ២០២០។ ដើម្បីជំរុញការវិនិយោគ នៅក្នុងប្រទេសទាំងពីរ ថ្នាក់ដឹកនាំទាំងពីរបាន ឯកភាពពន្លឿនការចរចារលើ “កិច្ចព្រមព្រៀងស្តីពីការចៀសវាង ការយកពន្ធត្រួតគ្នា”» ។

ចំពោះស្ថានភាពនៃ ការរីករាលដាលនៃជំងឺកូវីដ-១៩ សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលឡាវ ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ។ នាយករដ្ឋមន្ត្រីឡាវ បានថ្លែងអំណរគុណដ៏ស្មោះ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ជំនួយម៉ាសចំនួន ២លាន និងគ្រឿងបរិក្ខារវេជ្ជសាស្ត្រមួយចំនួន ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅប្រទេសឡាវ។

នាយករដ្ឋមន្ត្រីទាំងពីរ បានបញ្ជាក់ពីសារៈសំខាន់ក្នុងការពង្រឹងកិច្ចសហការរួម ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងដោះស្រាយផលប៉ះពាល់អវិជ្ជមាននៃជំងឺនេះ។
ក្រៅពីសហប្រតិបត្តិការទ្វេភាគី ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្ដូរគំនិត និងប្ដេជ្ញាធ្វើការយ៉ាងជិតស្និទ្ធនៅក្នុងក្របខណ្ឌ កិច្ចសហប្រតិបត្តិការពហុភាគីនានា។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឡាវ ដែលបានគាំទ្រកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ASEM លើកទី១៣ នៅចុងឆ្នាំ២០២១ និងជាប្រធានអាស៊ាន នៅឆ្នាំ២០២២។

ក្នុងឱកាសដ៏មហានក្ខត្តឬក្សនៃ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងឡាវ ដែលនឹងប្រព្រឹត្តទៅក្នុងពេលតែមួយ នាយករដ្ឋមន្រ្តីទាំងពីរបានជូនពរគ្នាទៅវិញទៅមក ឲ្យទទួលបានសុខភាពល្អ វិបុលភាព និងសុភមង្គលដល់ប្រជាជនកម្ពុជា និងឡាវ។

នៅចុងបញ្ចប់នៃការសន្ទនា សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញលោកនាយករដ្ឋមន្រ្តី ផនខំា វីផាវ៉ាន់ មកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជាកម្ពុជា។ ដូចគ្នានេះដែរ លោកនាយករដ្ឋមន្រ្តី ផនខំា វីផាវ៉ាន់ ក៏បានអញ្ជើញ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ តាមពេលវេលាសមស្របផងដែរ ៕

To Top