ព័ត៌មានជាតិ

គណៈកម្មការអន្តរក្រសួង សម្រេចមិនផ្ដល់ផ្លាកលេខពិសេស «កម្ពុជា 1979.I.7» ដោយសារស្រដៀងលេខធ្លាប់ចុះប ញ្ជីរួច

ភ្នំពេញ ៖ គណៈកម្មការអន្តរក្រសួង គ្រប់គ្រងការលក់លេខ ចុះបញ្ជីរថយន្ត នៃ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានសម្រេចមិនអនុញ្ញាត ផ្ដល់ផ្លាកលេខពិសេសផ្ទាល់ខ្លួន «កម្ពុជា 1979.I.7» ដែលប្រជាពលរដ្ឋម្នាក់ បញ្ជាទិញ រួចរាល់ តាមប្រព័ន្ធអនឡាញ ដោយសារតែស្រដៀង លេខធ្លាប់ចុះបញ្ជីរួច ដោយបង្វិលថវិកា ជូនអ្នកស្នើសុំវិញ ឫអាចធ្វើការបញ្ជារទិញលេខ ថ្មីមួយទៀតបាន។

ថ្មីៗនេះ មានប្រជាពលរដ្ឋម្នាក់ ទិញផ្លាកលេខចុះបញ្ជីរថយន្ដ កម្ពុជា 1979.I.7 ហើយបង់ប្រាក់រួចរាល់ លុះដល់ ថ្ងៃយក រថយន្ដទៅស្នើសុំកិបផ្លាកលេខ ដែលបានទិញនោះ ត្រូវបានប្រធានគណៈកម្មការកំណត់តម្លៃ បានបដិសេធច្រានចោល ដោយមូលហេតុថា ផ្លាកលេខនេះ មិនអាចផ្ដល់ជូនបានឡើយ។

យោងតាមសេចក្ដីជូនដំណឹងរបស់ គណៈកម្មការអន្តរក្រសួង នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ខ្លួនមាន សិទ្ធិ ក្នុងការត្រួតពិនិត្យឡើងវិញ នូវរាល់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនទាំងឡាយណា ដែលបានទិញលក់តាមប្រព័ន្ធ ស្វ័យប្រវត្តិកម្ម ហើយគណៈកម្មការ ក៏មានសិទ្ធិសម្រេចមិនអនុញ្ញាត ឬបដិសេធ ឬស្នើសុំដកហូតយកមកវិញ ក្នុងករណីពិនិត្យរកឃើញថា លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនទាំងនោះមាន ពាក់ព័ន្ធនឹងឈ្មោះទីកន្លែងប្រវត្តិសាស្រ្ត ឈ្មោះប្រាសាទ ឈ្មោះរាជធានី ខេត្ត ឈ្មោះក្រសួង ស្ថាប័ន គណបក្ស នយោបាយ ឈ្មោះថ្នាក់ដឹកនាំជាន់ខ្ពស់ និងជនល្បីឈ្មោះ ឬជាលេខ ដែលមានទម្រងធ្វើឱ្យ មានការភ័ន្តច្រឡំ មានអត្ថន័យ ឬសូរស័ព្ទ ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងមិនបានកំណត់ច្បាស់ នៅក្នុងប្រព័ន្ធ ស្វ័យប្រវត្តិកម្មពីមុនមក។

គណៈកម្មការអន្តរក្រសួង បន្ដថា ប្រសិនបើសាធារណជន បានបង់ប្រាក់ទិញលេខ ចុះបញ្ជីទាំងនោះ រួចហើយ គណៈកម្មការ នឹងស្នើឱ្យជ្រើសរើសលេខថ្មី ឬធ្វើការបង្វែរប្រាក់ជូនវិញគ្រប់ចំនួន ។

គណៈកម្មការអន្តរក្រសួង រៀបរាប់ថា ចំពោះលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនចំនួន ៣(បី)លេខ គឺ៖ កម្ពុជា 1979.I.7 កម្ពុជា 1979.7.I និង កម្ពុជា 7.1.1979 របស់អ្នកស្នើសុំឈ្មោះ កូវ ស្រ៊ុនឆាយ គណៈកម្មការអន្តរក្រសួង គ្រប់គ្រងការលក់លេខ ចុះបញ្ជី រថយន្ត បានពិនិត្យឃើញថា មានលក្ខណៈស្រដៀង នឹងលេខ ដែលធ្លាប់បានចុះបញ្ជីរួច កាលពីឆ្នាំ២០២០ ដែលលេខទាំងនោះរួមមាន កម្ពុជា 7.1.1979 កម្ពុជា 1.7.1979 និង កម្ពុជា 1979.7.1 ដែលផ្ទុយនឹងប្រកាស អន្តរក្រសួងស្តីពីការលក់លេខចុះបញ្ជីពិសេស ផ្ទាល់ខ្លួនសម្រាប់រថយន្ត ព្រមទាំងអាចធ្វើឱ្យងាយនឹងភ័ន្តច្រឡំគ្នា ដែលអាចធ្វើឱ្យ ប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បង្កឱ្យមានការលំបាកដល់មន្ត្រីមានសមត្ថកិច្ច ក្នុងការគ្រប់គ្រងទិន្នន័យយានយន្ត ក៏ដូចជាអនុវត្តនូវវិធានគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈ និងបង្ក្រាប បទល្មើសនានាដែលពាក់ព័ន្ធនឹងយានយន្ត។

គណៈកម្មការអន្តរក្រសួង បញ្ជាក់ថា «ដូចនេះ គណៈកម្មការអន្តរក្រសួង គ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត សម្រេចមិនអនុញ្ញាតផ្តល់ជូនឡើយ។ ចំពោះថវិកាសរុបចំនួន ១២.៣៧៦.៤០០ រៀល នឹងបង្វែរជូន ទៅគណនីរបស់អ្នកស្នើសុំឈ្មោះ កូវ ស្រ៊ុនឆាយ វិញ»

To Top