ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៤ដល់ ២០មេសា ខាងមុខនេះតំបន់មួយចំនួន របស់កម្ពុជា នឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន ហើយមានផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ។
យោងតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី ១៤-២០ ខែមេសា ឆ្នាំ២០២១ របស់ក្រសួងធនធានទឹក បានលើកឡើងថា ជ្រលងនៃសម្ពាធទាបឥណ្ឌា ជាមួយនិងខ្យល់អាគ្នេយ៍ បក់នាំសំណើម ពីសមុទ្រចិនខាងត្បូង មកលើព្រះរាជាណាចក្រកម្ពុជា ។
ក្រសួងបន្តថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យ បណ្តាខេត្តនៅតំបន់ វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា ពី ២៤-២៦អង្សាសេ នឹងសីតុណ្ហភាពអតិបរមា មានពី ៣២ ៣៤អង្សាសេ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតខ្សោយទៅបង្គួរ ក្នុងនោះក៏មានផ្នែកខ្លះនៃបណ្តាខេត្តនៅ ភាគខាងត្បូងនិងភាគពាយ័ព្យអាចមានភ្លៀងច្រើន ។
ចំណែកបណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានមាន សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣២ -៣៤ អង្សាសេនឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ។
ដោយឡែកតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ អង្សាសេនឹងសីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ អង្សាសេ នឹងអាចមានភ្លៀងធ្លាក់ ពីមធ្យមទៅច្រើន ។
ជាមួយគ្នានេះ ក្រសួងបានអំពាវនាវ សូមសាធារណជនជ្រាបជាព័ត៌មាន និងសូមបន្ត ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានញឹកញាប់ ជាពិសេសបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល ៕
ស សំណាង