ព័ត៌មានជាតិ

ដើម្បីឲ្យប្រព័ន្ធ ភស្តុភារកម្ម កាន់តែរីកចម្រើន កម្ពុជាត្រូវសិក្សាផែនការ មេច្បាស់លាស់ ដោយឈរលើស្មារតី សាមគ្គីភាព

ភ្នំពេញ ៖ លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ដើម្បីឲ្យប្រព័ន្ធ ភស្តុភារកម្មកម្ពុជាកាន់តែមានការ រីកចម្រើន កម្ពុជាត្រូវសិក្សាផែនការមេថ្នាក់ជាតិ ភស្តុភារកម្ម បានច្បាស់លាស់ដោយឈរលើស្មារតី សាមគ្គីភាពរួមគ្នា។

ក្នុងកិច្ចប្រជុំស្តីពី កិច្ចដំណើរការនៃការអនុវត្តគម្រោងធ្វើឲ្យប្រសើរឡើង នូវប្រព័ន្ធភស្តុភារកម្មនៃកម្ពុជា (ជំហានទី២) តាមប្រព័ន្ធវីដេអូពីចម្ងាយ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ លោកស្រី កុយ សុដានី បានលើកឡើងអំពីសារសំខាន់នៃការបង្កើតផែនការមេថ្នាក់ជាតិភស្តុភារកម្ម យោងតាមតម្រូវការចាំបាច់ នៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងគោលនយោបាយអភិវឌ្ឍន៍ ដើម្បីបញ្ចុះតម្លៃដឹកជញ្ជូន និងភស្តុភារកម្មប្រកបដោយភាពប្រកួតប្រជែង ដែលអាចឲ្យ កម្ពុជាមានឱកាសទាក់ទាញវិនិយោគិនបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ។

លោកស្រីបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីឲ្យប្រព័ន្ធភស្តុភារកម្មកម្ពុជា កាន់តែមានការរីកចម្រើន កម្ពុជាត្រូវសិក្សាផែនការ មេថ្នាក់ជាតិភស្តុភារកម្មឲ្យបានច្បាស់លាស់ ដោយឈរលើស្មារតីសាមគ្គីភាពរួមគ្នា ក្នុងការធ្វើឲ្យប្រសើរឡើង ដល់ប្រព័ន្ធដឹកជញ្ចូនប្រកបដោយប្រសិទ្ធភាព គួរជាទីទុកចិត្ត និងស្របតាមការផ្លាស់ប្តូរ និងទំនើបកម្មរបស់ពិភព លោក»។

ជាងនេះទៅទៀត រដ្ឋលេខាធិការ ក្រសួងសាធារណការ ក៏បានស្នើឲ្យសមាជិកសមាជិកាគណៈកម្មាធិការសម្រប សម្រួលរួម និងភាគីពាក់ព័ន្ធទាំងអស់ សហការឲ្យបានជិតស្និទ្ធ ដើម្បីចូលរួមធ្វើយ៉ាងណាឲ្យគោល នយោបាយភស្តុ ភាកម្ម ដំណើរការទៅដោយរលូន និងអាចធ្វើការផ្លាស់ប្ដូរព័ត៌មានទិន្នន័យ ដោយលក្ខណៈរលូន នៅក្នុងការអនុវត្តគម្រោងនេះ។

គួរកត់សម្គាល់ថា ដើម្បីឲ្យប្រព័ន្ធភស្តុភារកម្មកម្ពុជាមានការរីកចម្រើនបាន រដ្ឋាភិបាល បានសម្រេចបង្កើតក្រុមប្រឹក្សា ជាតិភស្តុភារកម្ម (ឡូជីស្ទីក) មានភារកិច្ចតាក់តែងគោលនយោបាយ និងស្វែងរកដំណោះស្រាយបញ្ហា ក្នុងប្រព័ន្ធឡូជីស្ទីកកម្ពុជា ដែលរំពឹងថា នឹងជួយពង្រឹងប្រសិទ្ធភាពចរាចរណ៍ទំនិញ និងភាពប្រកួតប្រជែងរបស់កម្ពុជាលើឆាកអន្តរជាតិបាន៕

To Top