នយោបាយ

លោក កឹម សុខា ៖ កម្ពុជាកំពុង ជួបបញ្ហាជំងឺកូវីដ-១៩ មិនមែនពេលវេលា បំបែកបំបាក់ខ្មែរ បម្រើមហិច្ឆតា ខ្លួនឡើយ (Video)

ភ្នំពេញ ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ លោក កឹម សុខា យល់ឃើញថា កម្ពុជា កំពុងជួបបញ្ហាជំងឺកូ វីដ-១៩ ហើយមិនមែន ជាពេលវេលាត្រូវ បំបែកបំបាក់ខ្មែរ ដើម្បីបម្រើមហិច្ឆតានៃនិន្នាការណានោះឡើយ គឺជាពេល វេលាកម្ចាត់ជំងឺកូវីដ ។

តាមរយៈសារលិខិត នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ លោក កឹម សុខា បានថ្លែងថា «សូមឲ្យឆ្នាំថ្មីនេះ នាំមកនូវសាមគ្គី ភាពជាតិខ្មែរ ដែលកើតចេញពីការផ្សះផ្សា បង្រួបបង្រួមជាតិ ។ ការផ្សះផ្សារបង្រួមបង្រួមជាតិ ពិតប្រាកដកើតមានបាន លុះត្រាតែភាគីពាក់ព័ន្ធនាំគ្នា ប្រកាន់យកនូវព្រហ្មវិហារធម៌ មេត្តា ករុណា មុទិតា ឧបេក្ខា និងជម្រុះចេញនូវលោភៈ ទោសៈ មោហៈ និង អវិជ្ជាទាំងឡាយ ត្រូវជឿជាក់ថា អ្វីៗមិនអមតៈទេ រួមទាំង អាយុជីវិតយើងផង»។

លោក យល់ឃើញថា សាមគ្គីភាពជាតិនេះហើយ គឺជាឱសថដ៏ស័ក្តិសិទ្ធិបំផុត សម្រាប់ដោះស្រាយបញ្ហានានា ដែល កម្ពុជា បានកំពុងនឹងអាចប្រឈម នៅពេលខាងមុខ ឲ្យកាន់តែមានប្រសិទ្ធិភាព និង ជោគជ័យថែមទៀត។ ជាក់ស្តែង ទាំងការការពារអធិបតេយ្យភាពជាតិ ការស្តារសេដ្ឋកិច្ចជាតិ ការលើកស្ទួយជីវភាព ប្រជាពលរដ្ឋ ការពង្រឹងលទ្ធិប្រជាធិបតេយ្យ ការកសាងអនាគតអ្នកជំនាន់ក្រោយ និង ជាពិសេស ចំពោះមុខនេះ ការទប់ស្កាត់ ការកម្ចាត់ជំងឺឆ្លងកូវីដ-១៩ ដែលកំពុងតែរាតត្បាត ក្នុងប្រទេសកម្ពុជា គឺត្រូវការចាំបាច់ណាស់ឲ្យប្រជាពលរដ្ឋខ្មែរ រួបរួមសាមគ្គីគ្នា។

លោក បញ្ជាក់ថា «ខ្ញុំយល់ថា នេះមិនមែនជាពេលវេលា ដែលត្រូវបំបែកបំបាក់ខ្មែរ ដើម្បីបម្រើមហិច្ឆិតា នៃនិន្នាការណានោះឡើយ ។ សាមគ្គីធម៌នេះគឺជា ព្រះឱវាទដ៏ថ្លៃថ្លារបស់ព្រះសម្មាសម្ពុទ្ធ ។

ជាងនេះទៅទៀត លោក កឹម សុខា ក៏បានអំពាវនាវ ដល់ជនរួមជាតិខ្មែរគ្រប់ៗគ្នា ត្រូវចូល រួមអនុវត្តន៍នូវ វិធានការវិជ្ជសាស្រ្ត ការពារសុខភាព របស់ប្រជាពលរដ្ឋ ផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសហគមន៍ ដើម្បីទប់ស្កាត់ និងកម្ចាត់ជំងឺកូវីដ-១៩ ដោយកុំធ្វេសប្រហែសឲ្យសោះ ៕

To Top