ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានប្រមូលចំណូល ក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ ចំនួន ៦១៤.៨ លានដុល្លារអាមេរិក ថយចុះប្រមាណ ១៥.២% ធៀបនឹងត្រីមាសទី១ កាលពីឆ្នាំ២០២០។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាពេលថ្មីៗនេះ បានឱ្យ ដឹង ថា ក្នុងខែមីនា ឆ្នាំ២០២១ អគរ ប្រមូលចំណូលបាន៤៥៥.៩ប៊ិលានរៀល (ស្មើនឹង២១១.៣លានដុល្លារអាមេរិក) ថយចុះប្រមាណ ៤.៧% បើធៀបនឹងខែមីនា ឆ្នាំ២០២០។
ប្រភពដដែល បញ្ជាក់យ៉ាងដូច្នេះថា «ដោយឡែក ចំណូលប្រមូលបានក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ មានចំនួន ២,៤៨៩.៨ ប៊ីលានរៀល (ស្មើនឹង ៦១៤.៨ លានដុល្លារអាមេរិក) ថយចុះប្រមាណ ១៥.២% ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២០។ លទ្ធផលប្រមូលចំណូលក្នុងត្រីមាសទី១ ឆ្នាំ ២០២១ នេះគឺសម្រេចបាន២៦% នៃផែនការឆ្នាំ ដែលកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១»។
ជាងនេះទៅទៀត ចំណូលប្រចាំត្រីមាសទី១ ឆ្នាំ២០២១ នេះ បើគិតតាមប្រភេទពន្ធ និងអាករនោះ ឃើញថា អាករលើ តម្លៃបន្ថែមមានចំនួន ៩៣០.៧ ប៊ីលានរៀល (ត្រូវជាប្រមាណ ៣៧.៤%នៃចំណូលសរុប), អាករពិសេសមាន ៩៥៨ ប៊ីលានរៀល (ត្រូវជា ៣៨.៥%នៃចំណូលសរុប), ពន្ធគយមាន ៤៤៣.៥ ប៊ីលានរៀល (ត្រូវជា ១៧.៨%នៃចំណូលសរុប), អាករបន្ថែមលើផលិតផលប្រេងមាន ១០៦.៧ ប៊ីលានរៀល (ត្រូវជា ៤.៣%នៃចំណូលសរុប), និងអាករនាំចេញនិងកម្រៃផ្សេងៗមាន ៥១ ប៊ីលានរៀល (ត្រូវជា ២%នៃចំណូលសរុប)។
បើគិតតាមក្រុមទំនិញវិញ ចំណូលពីយានយន្ត និងគ្រឿងចក្រមានចំនួន ១,០៨៣.៣ ប៊ីលានរៀល គ្របដណ្តប់ ៤៣.៥% នៃចំណូលសរុប, ទំនិញចម្រុះមានចំនួន ៦៨២.៣ ប៊ីលានរៀល ត្រូវជា ២៧.៤%នៃចំណូលសរុប, ផលិតផលតេលសិលាមានចំនួន ៥៦៨.៣ ប៊ីលានរៀល ស្មើនឹង ២២.៨% នៃចំណូលសរុប និង សម្ភារសំណង់និងកម្រៃផ្សេងៗ មានចំនួន ១៥៥.៩ ប៊ីលានរៀល ស្មើនឹង ៦.៣%នៃចំណូលសរុប។
សូមជម្រាបថា នាពេលថ្មីៗនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) បានបើកប្រជុំបូកសរុបការងារ គយ និងរដ្ឋាករ ប្រចាំខែមីនា និង ត្រីមាសទី១ ឆ្នាំ២០២១ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពី អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានសាខា ប្រធានការិយាល័យ និងមន្ត្រីគយនិងរដ្ឋាករមួយចំនួននៅទូទាំងប្រទេស កិច្ចប្រជុំនេះធ្វើឡើង តាមប្រព័ន្ធវីដេអូ៕