ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន នឹងដាក់ពិវិន័យ​ ចំពោះបុគ្គល ធ្វើឲ្យបែកធ្លាយ សំឡេងសម្ដេច រឿងបិទភ្នំពេញ និងក្រុងតាខ្មៅ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសុំទោសប្រជាពលរដ្ឋ ចំពោះការបែកធ្លាយ​ សំឡេងសម្ដេចមុន សេចក្ដីសម្រេច ដោយបុគ្គល គ្មានទទួលខុសត្រូវ ក្នុងក្បាលម៉ាស៊ីន របស់បក្ស និងរដ្ឋ ហើយបុគ្គលទាំងនោះ នឹងត្រូវទទួលពិវិន័យ តាមពេលក្រោយផងដែរ។

សម្ដេចតេជោ សុំទោសបែបនេះ ក្រោយពីបែកធ្លាយ សារសំឡេងរបស់ សម្ដេចថា បិទភ្នំពេញ និងក្រុងតាខ្មៅ ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួន មានការភ័យខ្លាច នាំគ្នាសម្រុកទៅផ្សារ ដើម្បីទិញគ្រឿងឧបភោគបរិភោគទុក ការធ្វើបែបនេះ បង្កើតភាពកកកុញ មនុស្សច្រើន ជំរុញហានិភ័យ កាន់តែខ្ពស់ឡើង ក្នុងការឆ្លងវីរុសកូវីដ-១៩។

តាមរយៈសារសំឡេងរបស់ សម្ដេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ការបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ជាបណ្តោះអាសន្នសម្រាប់ រយៈពេល១៤ថ្ងៃ ដើម្បីប្រយុទ្ធ ប្រឆាំងជំងឺកូវីដ-១៩ វិធានការនេះ មិនសម្លាប់ប្រជាពលរដ្ឋនោះទេ ដោយអនុញ្ញាតឲ្យពួកគាត់ ទិញគ្រឿងឧបភោគ បរិភោគ និងទៅធ្វើការងារបាន។

សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមអភ័យទោស ដោយសារតែរឿងរ៉ាវ មិនទាន់ទាំងបាន ចេញសេចក្តីសម្រេច ប៉ុន្តែបែជាបានបែកធ្លាយ ទៅជាមុន ដោយបុគ្គល គ្មានទទួលខុសត្រូវ នៅក្នុងក្បាលម៉ាស៊ីន ដឹកនាំរបស់បក្ស និងរដ្ឋ ដែលខ្ញុំ សូមសារភាពដោយត្រង់ថា សកម្មភាពនោះ និងត្រូវទទួលនូវវិន័យ នៅពេលក្រោយ ពេលដែលយើងរកឃើញ»៕

To Top