ព័ត៌មានជាតិ

អ្នកនាំពាក្យ រាជរដ្ឋាភិបាល សង្ខេបការបិទក្រុង (Lock down)

ភ្នំពេញ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានធ្វើការសង្ខេបខ្លឹមសារវិធាន បិទក្រុង (Lock down) ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ បានយល់ដឹងកាន់តែច្បាស់ និងចៀសវាងការភ័ន្តច្រឡំ ។

លោក ផៃ ស៊ីផាន បានបញ្ជាក់ថា ការបិទក្រុង (Lock down) មានដូចជា ៖

  • កន្លែងការងារឯកជន និងរដ្ឋ ត្រូវធ្វើការនៅផ្ទះ (work from home)
  • ភោជនីយដ្ឋាន ត្រូវបម្រើជាលក្ខណៈវេចខ្ចប់
  • ហាមលក់គ្រឿងស្រវឹង
  • បិទផ្សារទំនើប
  • បំរាមគោចរ នាពេលរាត្រី
  • បិទកន្លែងកំសាន្ត និងរោងភាពយន្តគ្រប់ប្រភេទ
  • បិទពេទ្យសត្វ គ្លីនិក កន្លែងកែសម្ផស្ស និងទន្តពេទ្យ
  • បើកតែផ្សារណា ដែលលក់របស់បរិភោគប្រចាំថ្ងៃ ដូចជាបន្លែ ត្រី សាច់និងគ្រឿងទេស
  • បើកតែពេទ្យព្យាបាល និង ឱសថស្ថានលក់ថ្នាំពេទ្យប៉ុណ្ណោះ ។

សូមរំលឹកថាក្នុងគោលបំណង ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានសម្រេច បិទខ្ទប់ភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ជាបណ្តោះអាសន្ន សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យ នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណង ធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល និងទប់ស្កាត់ជំងឺនេះ មិនឱ្យឆ្លងរាលដាលទៅ តំបន់ផ្សេងទៀត ។ ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ត្រូវចាត់ទុកជាភូមិសាស្រ្តតែមួយ ដែលត្រូវបានបិទខ្ទប់៕

To Top