ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចូលរួមរំលែក មរណទុក្ខនិងសោកស្តាយជាមួយ ក្រុមគ្រួសារសព លោកម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ក្នុងអាយុ ៧៧ឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់ទទក។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ទុកការស្លាប់របស់លោក ម៉ៅ អាយុទ្ធ គឺជាការបាត់បង់ធនធានមនុស្ស ១រូបដ៏កម្ររបស់កម្ពុជា។ លោកជាអ្នកនិពន្ធខ្សែភាពយន្តខ្មែរដ៏ល្បីល្បាញមួយរូប មានស្នាដៃផលិតខ្សែភាពយន្តវីដេអូ ចម្រៀងកាយវិការ កំណាព្យប្រលោមលោកជាដើម ក្នុងនោះខ្សែភាពយន្តដ៏ល្បីល្បាញនោះ គឺរឿង «នេសាទក្រពើ» កាលពីអំឡុងឆ្នាំ២០០៣ និងរឿង «ហ្លួងព្រះស្តេចកន» កាលពីឆ្នាំ២០១៦កន្លងទៅ។
លោកម៉ៅ អាយុទ្ធមានលំនៅឋានក្នុងភូមិ០៧ សង្កាត់ បឹងរាំង ខណ្ឌដូនពេញ។លោកបានស្លាប់ដោយជំងឺកូវីដ១៩នៅវេលាម៉ោងប្រមាណ៦ល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតក្រោយរកឃើញឆ្លងកាលពីសប្តាហ៍មុន៕