Covid-19

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនចូលរួមរំលែកមរណទុក្ខជាមួយ គ្រួសារសពលោក ម៉ៅ អាយុទ្ធ

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចូលរួមរំលែក មរណទុក្ខនិងសោកស្តាយជាមួយ ក្រុមគ្រួសារសព លោកម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន​ ដែល​បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ក្នុងអាយុ ៧៧ឆ្នាំ​។ នេះបើតាមការចុះផ្សាយរបស់ទទក។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ទុកការស្លាប់របស់លោក ម៉ៅ​ អាយុទ្ធ​ គឺជាការបាត់បង់ធនធានមនុស្ស​ ១រូបដ៏កម្ររបស់កម្ពុជា​។ លោកជា​អ្នកនិពន្ធខ្សែភាពយន្តខ្មែរដ៏ល្បីល្បាញមួយរូប មានស្នាដៃផលិតខ្សែភាពយន្តវីដេអូ​ ចម្រៀងកាយវិការ​ កំណាព្យប្រលោមលោកជាដើម​ ក្នុងនោះខ្សែភាពយន្តដ៏ល្បីល្បាញនោះ គឺរឿង «នេសាទក្រពើ» កាលពីអំឡុងឆ្នាំ២០០៣ និងរឿង «ហ្លួងព្រះស្តេចកន» កាលពីឆ្នាំ២០១៦កន្លងទៅ។

លោកម៉ៅ​ អាយុទ្ធមានលំនៅឋានក្នុងភូមិ០៧ សង្កាត់ បឹងរាំង ខណ្ឌដូនពេញ​។លោកបានស្លាប់ដោយជំងឺកូវីដ១៩នៅវេលា​ម៉ោងប្រមាណ៦ល្ងាច​ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​ក្រោយរកឃើញឆ្លងកាលពីសប្តាហ៍មុន៕

To Top