Covid-19

អភិបាលរាជធានីភ្នំពេញ ព្រមានចាត់វិធានការ លើឈ្មួញទុច្ចរិត តម្លើងថ្លៃទំនិញ ស្បៀងអាហារ​ ក្នុងពេលត្រូវបានបិទខ្ទប់

ភ្នំពេញ៖ បន្ទាប់ពីបែកធ្លាយសារសំឡេង របស់ប្រមុខរាជរដ្ឋាភិបាល មុនមានសេចក្តីសម្រេចផ្លូវការ ចំពោះវិធានការ បិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល នាថ្ងៃ១៤ មេសាធ្វើឲ្យប្រជាពលរដ្ឋ សម្រុកទៅ ទិញទំនិញប្រើប្រាស់ និងចំណីអាហារដែលនាំឲ្យអាជីវក មួយចំនួនតូច ឆ្លៀតឱកាសតម្លើងថ្លៃទំនិញ ខុសពីធម្មតា រហូតផ្ទុះការរិះគន់ និងសុំអន្តរាគមន៍ពីអាជ្ញាធរនោះ អភិបាលរាជធានីភ្នំពេញ បានចាត់ឲ្យមន្រ្តីធ្វើការស៊ើបអង្កេត និងព្រមានចាត់វិធានការដ្ឋបាល លើជនទាំងនោះ ប្រសិនបើរកឃើញថា ការឡើងថ្លៃនេះ គ្មានមូលហេតុសមស្រប ក្នុងពេលដែល រាជធានីភ្នំពេញកំពុងបិទខ្ទប់ ។

ក្រោយការបិទក្រុងគឺទំនិញស្ទើរតែគ្រប់មុខឡើងថ្លៃមួយទ្វេជា២។ បើតាមពលរដ្ឋម្នាក់ទៅទិញគ្រឿងទេសសម្រាប់ធ្វើម្ហូប គឺទិញខ្ទឹមសត្រឹមតម្លៃ២០០០រៀលមិនចង់លក់ឲ្យទេថែមទាំងអ្នកលក់មិនចង់មើលមុខអ្នកទិញថែមទៀត។

បើតាមពលរដ្ឋដដែលពងទារពេលធម្មតា១០គ្រប់លក់ក្នុងតម្លៃ៤៥០០ទៅ៥០០០រៀល តែពេលនេះតម្លៃ៨០០០រៀល។ ចំពោះសាច់ជ្រូកវិញតម្លៃ២៥០០០រៀល តែឥឡូវលក់ទៅ៣៥០០០-៤០០០០រៀល។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៥ ខែមេសានេះ បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ បានទទួលរួមមកហើយ ចំពោះព័ត៌មាន ទាក់ទិននឹងការតម្លើងថ្លៃទំនិញ ជាពិសេសលើប្រភេទចំណីអាហារ របស់ក្រុមអាជីវករ​ មួយចំនួនតូច ក្នុងពេលដែលរាជធានីភ្នំពេញ ត្រូវបានបិទខ្ទប់ ។

អភិបាលបានបញ្ជាក់ថា បើទោះបីជាកម្ពុជា អនុវត្តគោលនយោបាយ សេដ្ឋកិច្ចទីផ្សារសេរី ក៏ពិតមែន តែកាលដែលអាជីវក ឆ្លៀតឱកាសលក់ឡើងថ្លៃនាពេលនេះ ត្រូវបានចាត់ទុកថា ជាអំពើទុច្ចរិត ។

លោកអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា “យើងបានមើល និងពិភាក្សាគ្នាយ៉ាងល្អិតល្អន់ចឹងបានឲ្យភ្នាក់ងាររបស់ខ្ញុំ មន្ទីរកសិកម្ម មន្ទីរពាណិជ្ជកម្ម ចុះទៅពិនិត្យលើទីតាំង អត្តឃាតរួចរាល់ហើយ នៅពេលនេះ ។ ហើយបានសួរ និងធ្វើកំណត់ហេតុ ទីតាំងអត្តឃាតទាំងអស់ក្នុងរាជធានីភ្នំពេញ មិនបានតម្លើងថ្លៃ ក្នុងការធ្វើឃាតសត្វ ដើម្បីយកទៅផ្គត់ផ្គង់ទីផ្សារនោះទេ ចឹងខ្ញុំនឹងស្រាវជ្រាវទៀត ថាការឡើងថ្លៃទំនិញនេះ មូលហេតុអ្វី? បើរាជរដ្ឋាភិបាល ចេញសេចក្តីសម្រេច ហើយមិនបិទអ្នកដែលដឹកទំនិញ ជាពិសេសគ្រឿងឧបភោគ បរិភោគឲ្យមកផ្គត់ផ្គង់ ប្រជាពលរដ្ឋ ក្នុងរាជធានៅភ្នំពេញ មិនត្រូវបានបិទទេ? ចឹងសួរថា អស់លោក លោកឧកញ៉ា ដែលតម្លើងថ្លៃ ឬអាជីវករនៅតាមផ្សារ តម្លើងថ្លៃ គ្រឿងឧបភោគបរិភោគ ឈរលើមូលដ្ឋានអ្វី?” ។

លោកបានសង្កត់ធ្ងន់ថា ” បើខ្វះមូលដ្ឋាន ខ្ញុំនឹងមានវិធានការដ្ឋបាល ទី១ខ្ញុំទៅណែនាំឲ្យបញ្ចុះតម្លៃទំនិញ ទៅតាមប្រក្រតីភាព នៅពេលដែលមិនទាន់ Lockdown ទីក្រុងភ្នំពេញឡើងវិញ ។ ទី២ ខ្ញុំអាចមាន វិធានការ ទៅថ្ងៃអនាគតថែមទៀត ខ្លួនជាឈ្មួញទុច្ចរិត ឆ្លៀងឱកាសពេលដែលប្រជាពលរដ្ឋ កំពុងមានទុក្ខលំបាក ​ធ្វើការតំម្លើងថ្លៃ” ។

គួរបញ្ជាក់ថា រាជធានីភ្នំពេញ ត្រូវបាទបិទខ្ទប់ទាំងស្រុង ប៉ុន្តែមិនបានបិទការធ្វើដំណើរ របស់ប្រជាពលរដ្ឋ សម្រាប់ការទៅទិញទំនិញ ចាំបាច់ប្រើប្រាស់ និងម្ហូបអាហារនោះទេ ។ប្រជាពលរដ្ឋ អាចសុំអាជ្ញាធរ មានសមត្ថកិច្ច ចេញទៅទិញ សម្ភារៈប្រើប្រាស់ ឬតម្រូវការចាំបាច់ប្រចាំថ្ងៃ តែក្នុង១សប្តាហ៍៣ដង និងទាមទារឲ្យអ្នកដែលសុំចេញ ទៅទិញទំនិញទាំងនោះ គឺត្រូវឲ្យជាមនុស្សដដែល៕

To Top