ព័ត៌មានជាតិ

ក្រសួងយុត្តិធម៌ ៖ ការបំពាន នឹងវិធានការ បិទខ្ទប់ អាចត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារ៥ឆ្នាំ

ភ្នំពេញ ៖ លោក គឹម សន្ដិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងយុត្តិធម៌ បានឲ្យដឹងថា ការបំពាននឹងវិធានការ បិទខ្ទប់របស់រាជរដ្ឋាភិបាល ដោយមិនគោរព ឬរារាំង អ្នកអាចប្រឈម នឹងផ្តន្ទាទោស ដាក់ពន្ធនាគារ រយៈពេល៥ឆ្នាំ ។

លោក គឹម សន្ដិភាព បានពន្យល់ប្រជាពលរដ្ឋបែបនេះ ក្រោយពី អធិការដ្ឋាន នគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជន សង្ស័យម្នាក់ យកកូនកាំបិត មកកាត់ខ្សែរបាំង ការពារគោលដៅ របស់សមត្ថកិច្ច ដែលហាម ប្រជាពលរដ្ឋ ជិះធ្វើចររាចរណ៍ឆ្លងកាត់តាមដងផ្លូវ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋាន សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ។ បុរសរូបនេះ ត្រូវបានកម្លាំងនគរបាល កំពុងកសាងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមច្បាប់ ក្រោមបទចោទ «ប្រឆាំងនឹងការអនុវត្តការងារសារធារណ:»

ជុំវិញបញ្ហាទាំងនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានសរសេរលើបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ថា «បើទោះខ្សែនេះ គ្មានវិញ្ញាណ តែខ្សែនេះអាចនាំឲ្យអ្នកមានទោសទណ្ឌប្រសិនអ្នកបំពាន ! ខ្សែនេះជាបន្ទាត់ នៃការអនុវត្តវិធានការ បើទោះមាន ឬគ្មានសមត្ថកិច្ចឈរជើងក៏ដោយ សូមកុំបំពាន ! ការបំពាននឹងវិធានការបិទខ្ទប់នេះ ដោយការមិនគោរព ឬរារាំង អ្នកនឹងអាចប្រឈម នឹងការផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេល៥ឆ្នាំ!» ។

សូមរំលឹកថា កាលពិថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ជាបណ្តោះអាសន្នសម្រាប់ រយៈពេល១៤ថ្ងៃ ដើម្បីប្រយុទ្ធ ប្រឆាំងជំងឺកូវីដ-១៩៕

To Top