Covid-19

អាជ្ញាធរខេត្តព្រះសីហនុ សម្រេចបិទ អាជីវកម្មលក់ដូរទាំងអស់ នៅក្នុងផ្សារលើ

ភ្នំពេញ៖ អាជ្ញាធរខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចបិទអាជីវកកម្ម លក់ដូរទាំងអស់ នៅក្នុងផ្សារលើ រយៈពេល១៤ថ្ងៃ ចំពោះអាជីវករនិងក្រុមគ្រួសារ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះ។

ចំពោះការបិទផ្សារលើរយៈពេល១៤ថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋអាចទៅទិញទំនិញ នៅទីផ្សារផ្សេងទៀត ជាបណ្តោះអាសន្នសិន ដោយឡែកចំពោះការលក់គ្រឿងឧបភោគ និងបរិភោគនៅក្នុងផ្សារលើ នឹងដាក់ឱ្យដំណើរការឡើងវិញក្រោយបិទរយៈពេល០៣ថ្ងៃ ដោយអនុញ្ញាតចំពោះតែអាជីវករ ដែលមានលិខិតបញ្ជាក់អវិជ្ជមានកូវីដ-១៩ លើកទី១ ពីមន្ទីរសុខាភិបាលខេត្ត។ រដ្ឋបាលខេត្ត នឹងចាត់មន្ទីរពាណិជ្ជកម្មឲ្យអង្កេត តាមដាន នូវតម្លៃទំនិញគ្រប់ប្រភេទដែលបានដាក់លក់ លើទីផ្សារ ក្នុងខេត្តព្រះសីហនុ។

ក្នុងករណីរកឃើញថា មានអាជីវករណាធ្វើការតម្លើងថ្លៃទំនិញ ខុសប្រក្រតី រដ្ឋបាលខេត្តនឹងចាត់វិធានការដាក់ពិន័យរដ្ឋបាល យ៉ាងតឹងរឹងបំផុត ហើយបើការតម្លើងថ្លៃនេះ បង្កចលាចលក្នុងសង្គម អាជីវករនោះនឹងប្រឈមមុខផ្លូវច្បាប់ដោយមិនលើកលែងឡើយ៕

To Top