ភ្នំពេញ៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថា ក្រុងតាខ្មៅនឹងធ្វើការបិទខ្ទប់ទាំងស្រុងតែម្តង ដោយមិនឱ្យប្រជាពលរដ្ឋចេញចូលពីផ្ទះមួយទៅផ្ទះមួយ និងពីភូមិមួយទៅភូមិមួយឡើយ ឯកឧត្តមលើកឡើងបែបនេះក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ អនុវត្តសេចក្តីសម្រេចលេខ៤៩ សសរ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល រយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោង ០០៖០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃជម្ងឺកូវីដ-១៩ នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នៅសាលាខេត្តកណ្ដាល។
លោក គង់ សោភ័ណ្ឌ បានបន្តថា ដើម្បីអនុវត្តសេចក្តីសម្រេចលេខ៤៩ សសរ របស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាព អាជ្ញាធរក្រុងតាខ្មៅ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវផ្ដោតសំខាន់លើការហាមឃាត់ ចំពោះការធ្វើដំណើរឆ្លងកាត់ ពីក្រុងតាខ្មៅ ទៅរាជធានីភ្នំពេញ លើកលែងតែកិច្ចការងារ បំពេញមុខងារ ការងារផ្ដល់សេវា សង្រ្គោះបន្ទាន់ សេវាសាធារណៈចាំបាច់ និងបន្ទាន់ សេវាពាក់ព័ន្ធនឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការដឹកជញ្ជូនទំនិញ ផ្សេងៗ ដែលមានការអនុញ្ញាតពីអជ្ជាធរមានសមត្ថកិច្ច ហើយប្រជាពលរដ្ឋអាចចេញពីផ្ទះទៅផ្សារ ជាក់ស្តែង ទៅតាមការអនុញ្ញាតរបស់អាជ្ញាធរ។ ប្រជាពលរដ្ឋក៏អាចចេញទៅទិញថ្នាំពេទ្យ ឬទៅទទួលសេវាព្យាបាលបាន បើមានជម្ងឺជាក់ស្តែង។
លោកបានបញ្ជាក់ថា ក្រុងតាខ្មៅនឹងធ្វើការបិទខ្ទប់ទាំងស្រុងតែម្តង ដោយមិនឱ្យប្រជាពលរដ្ឋចេញចូលពីផ្ទះមួយទៅផ្ទះមួយ និងពីភូមិមួយទៅភូមិមួយឡើយ ចំពោះផ្សារលក់គ្រឿងឧបភោគបរិភោគ បន្លែ ត្រីសាច់ គឺអនុញ្ញាតអោយលក់ធម្មតា បន្តែសម្រាប់ប្រជាពលរដ្ឋ គឺអនុញ្ញាតអោយមកទិញគ្រឿងឧបភោគយកទៅផ្ទះ ត្រឹមតែ ៣ថ្ងៃក្នុងមួយសប្ដាហ៍ប៉ុណ្ណោះ ចំពោះហាងលក់ សម្ភារៈផ្សេងៗ ដូចជាកន្លែងលក់គ្រឿងសំណង់ លក់កង់ លក់ខោអាវ លក់គ្រឿងអេឡិចត្រូនិច និងផ្ទះសំណាក់ និងត្រូវបានបិទទាំងស្រុងរយះពេល១៤ថ្ងៃតែម្ដង ចំពោះសហគ្រាស ក្នុងក្រុងតាខ្មៅ គឺអនុញ្ញាតអោយដំណើរការធម្មតា ប៉ុន្តែអនុញ្ញាតឱ្យមានកម្មករត្រឹមតែ ២៥នាក់ប៉ុណ្ណោះ ។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្តកណ្ដាល ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងខេត្តកណ្ដាល ពិសេសបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងក្រុងតាខ្មៅ សូមចូលរួមជាមួយ រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកណ្ដាល ក្នុងការអនុវត្តសេចក្តី សម្រេចលេខ៤៩ សសរ របស់រាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩៕