ព័ត៌មានជាតិ

ចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ នៅតែដំណើរការធម្មតា ទោះបីបិទខ្ទប់ពីតំបន់មួទៅតំបន់មួយ ក៏ដោយ

ភ្នំពេញ ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានឲ្យដឹងថា ការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតែដំណើរការធម្មតា ដោយមិនពន្យាពេល ឬផ្អាកឡើយ ទោះបីបិទខ្ទប់មិនឲ្យចេញ-ចូល ពីខណ្ឌមួយ ទៅខណ្ឌមួយ ឫពីស្រុកមួយ ទៅស្រុកមួយ។

តាមរយៈសារនាយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានថ្លែងថា «យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ការងារចាក់វ៉ាក់សាំង គឺនៅតែដំណើរការធម្មតា រិតតែសម្រុកធ្វើទៀតផង ដោយមិនមានពន្យាពេល ឬផ្អាកនោះឡើយ ទោះជាមាន ការបិទ ឬបម្រាម មិនឲ្យចេញចូលពីខណ្ឌមួយ ទៅខណ្ឌមួយ ឫពីស្រុកមួយ ទៅស្រុកមួយ»។

លោកស្រី ពន្យល់ថា អ្នកដែលត្រូវចាក់លើកទី២ ចាំបាច់ត្រូវតែមកចាក់តាមពេលវេលា ដែលបានកំណត់រួចហើយ ដោយប្រើប្រាស់កាតចាក់វ៉ាក់សាំងបង្ហាញ អាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ច ដើម្បីមកចាក់វ៉ាក់សាំងលើកទីពីរ ជាចាំបាច់។ រីឯ អ្នកមកចាក់លើកទី១ ជាភារកិច្ចរបស់អាជ្ញាធរមូលដ្ឋាន ឃុំ-សង្កាត់ ដែលត្រូវសម្របសម្រួលទទួលខុសត្រូវ ធ្វើយ៉ាងណាឲ្យក្រុមគោលដៅកំណត់រួចហើយនោះ ពួកគាត់បានទៅចាក់វ៉ាក់សាំងទៅតាម ទីតាំងរៀងៗខ្លួន។

លោកស្រី បន្ដថា អ្នកដែលមិនត្រូវគោលដៅកំណត់របស់រាជរដ្ឋភិបាល មិនត្រូវអនុញ្ញាតឲ្យទៅចាក់នោះឡើយ ដោយរងចាំដល់វេនសិន បានឲ្យទៅចាក់។ ចំពោះជនបរទេស ដែលទទួលបានការអនុញ្ញាតឲ្យចាក់ហើយនោះ លោកស្រី ស្នើក្រសួងការបរទេស ឬសាមីក្រសួង ដូចជា ក្រសួងអប់រំ យុវជន និងកីឡា ដែលមានទីប្រឹក្សា ឬសាមីអង្គការ ដែលទទួលបានការណែនាំជាលិខិតពី ក្រសួងការបរទេសរួចហើយនោះ ដែលការស្នើសុំចាក់ទទួលបានការអនុញ្ញាតរួចហើយ កំពុងតែដំណើការចាក់ នៅមជ្ឈមណ្ឌលគាំពារមាតា និងទារក ជារៀងរាល់ថ្ងៃ ធ្វើការបញ្ជាក់ជូនដោយមានលិខិតត្រឹមត្រូវជូនដល់អង្គការអន្តរជាតិ ឬសាមីទីប្រឹក្សាក្រសួង ដើម្បីអាចធ្វើដំណើរទៅចាក់វ៉ាក់សាំងបាន។

លោកស្រីបន្ថែមថា ជនបរទេស ដែលមានកាតចាក់ វ៉ាក់សាំងលើកទី១ រួចហើយ ត្រូវប្រើកាតចាក់វ៉ាក់សាំង បង្ហាញសមត្ថកិច្ចថា ខ្លួនមានតម្រូវការទៅចាក់លើក ទី២ជាចាំបាច់ ផងដែរ។

លោកស្រី ឱ វណ្ណឌីន ស្នើឲ្យប្រធានអនុគណៈកម្មការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌក្រសួង ឬរាជធានី-ខេត្ត ត្រូវចាត់ចែងឲ្យមានប្រសិទ្ធិភាពខ្ពស់ ដើម្បីចៀសវាងនូវការខកខានរបស់បុគ្គល ក្នុងការទៅទទួលយកវ៉ាក់សាំង ទាំងលើកទី១ និងលើកទី២។

ជុំវិញបញ្ហានេះ លោក គឹម សន្ដិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងយុត្តិធម៌ បានសរសេរលើបណ្ដាញសង្គម ហ្វេសប៊ុក នៅថ្ងៃទី១៦ មេសា ថា ប័ណ្ណចាក់វ៉ាក់សាំង ប្រើប្រាស់ជាឯកសារសំខាន់ សម្រាប់អ្នកដែលត្រូវចេញទៅទទួលចាក់វ៉ាក់សាំងលើកទី២។

លោក ក៏បញ្ជាក់ថា ដោយឡែកសម្រាប់អ្នក ដែលទទួលការចាក់វ៉ាក់សាំងទាំង២លើករួចហើយនោះ គឺពុំអាចប្រើប្រាស់ប័ណ្ណនេះ ជាមូលហេតុនៃការធ្វើដំណើរ ចេញ-ចូល តំបន់បិទខ្ទប់បានឡើយ លើកលែង តែមានការជូនដំណឹងពីក្រសួងសុខាភិបាល ក្នុងការផ្តល់លក្ខខណ្ឌអនុគ្រោះនេះនាពេលណាមួយ៕

To Top