ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថាសម្ដេចកំពុងធ្វើលិខិតថ្វាយទៅ ព្រះមហាក្សត្រ ដើម្បីស្នើដកស័ក្តិ និងបណ្តេញពីក្របខណ្ឌនគរបាលជាតិ ចំពោះឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក អនុប្រធានសេធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលផឹកស៊ី រាំ ច្រៀង និងលេងបាតម៉្សៅ ផ្ទុយពីសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល។

ចំណាត់ការក្ដៅ របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីកម្លាំងនគរបាលខណ្ឌមានជ័យ នាយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ បានចាប់វាយខ្នោះ ឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក អាយុ៤៥ឆ្នាំ មានតួនាទីជាអនុប្រធានសេធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងបក្ខពួក២នាក់ទៀត ដោយសារហ៊ានរៀបចំកម្មវិធីផឹកស៊ី រាំ ច្រៀង និងរហូតមានការលេងប៉ាតម្សៅ ជូនអ្នកជួលបន្ទប់របស់គាត់ជាច្រើននាក់។
តាមរយៈសារសំឡេង នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «អាម្នាក់គឺ ថា (អ៊ុង ចាន់ធួក) គឺត្រូវកាត់ទោស ខ្ញុំកំពុងធ្វើនីតិវិធីដើម្បីស្នើសុំ ព្រះមហាក្សត្រ ដកស័ក្ត ហើយបណ្ដេញចេញពីនគរបាលជាតិ។ វាយខ្នោះហើយ អត់ព្រលែងទេ ត្រូវតែកាត់ទោស»។

សម្ដេចតេជោ ក៏បានផ្ដាំផ្ញើដល់ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ត្រូវបន្ដចុះពិនិត្យមើលអ្នកណាផឹកស៊ី ក្នុងពេលបិទខ្ទប់រាជធានីភ្នំពេញ ចាប់បានវាយខ្នោះ និងកាត់ទោសតែម្ដង។

សូមរំលឹកថាក្នុងគោលបំណង ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានសម្រេច បិទខ្ទប់ភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ជាបណ្តោះអាសន្ន សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យ នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណង ធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល និងទប់ស្កាត់ជំងឺនេះ មិនឱ្យឆ្លងរាលដាលទៅ តំបន់ផ្សេងទៀត។ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ត្រូវចាត់ទុកជាភូមិសាស្រ្តតែមួយ ដែលត្រូវបានបិទខ្ទប់៕
