ព័ត៌មានជាតិ

ក្រសួងសាធារណការ ណែនាំមន្ត្រីក្រោមឱវាទ ឲ្យចូលរួមអនុវត្ត វិធានការ បំរាមគោចរ ឆ្លងកាត់ពីតំបន់មួយ ទៅតំបន់មួយ

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការណែនាំស្ដីពី ការចូលរួមអនុវត្ត វិធានការបំរាមគោចរ ឆ្លងកាត់ពីតំបន់មួយ ទៅតំបន់មួយ សម្រាប់ការ ចុះបំពេញសកម្មភាព របស់អង្គភាព គ្រប់គ្រងគម្រោង (PMU) អង្គភាពអនុវត្តគម្រោង (PIU) ទាំងអស់ និងបុគ្គលិក-មន្ដ្រី រាជការក្រសួង ទាំងថ្នាក់ជាតិ និងថ្នាក់រាជធានី-ខេត្ត ដែលត្រូវចុះទៅបំពេញបេសកម្ម នៅតាមទីកន្លែង និងការដ្ឋានសាងសង់ផ្សេងៗ។

យោងតាមសេចក្ដីណែនាំរបស់ ក្រសួងសាធារណការ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ដើម្បីចូលរួមអនុ វត្តនូវវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាល វីរុសកូវីដ-១៩ ពិសេស អំឡុងពេលនៃការ អនុវត្តបំរាមគោចរ ឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយ ដែលមានចែងក្នុងសេចក្តីសម្រេច កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ឱ្យមានប្រសិទ្ធភាពខ្ពស់ ក្រសួងសាធារណាការ ណែនាំដល់អង្គភាព គម្រោង និងបុគ្គលិក-មន្ដ្រីរាជការ ទាំងអស់ ចូលរួមអនុវត្តន៍យន្ដការ ដូចខាងក្រោម ៖

ទី១-គ្រប់សមាជិកនៃអង្គភាព គម្រោងស្ថាបនាហេដ្ឋា រចនាសម្ព័ន្ធទាំងអស់ (PMU-PIU) នៃក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេស សាងសង់ និងក្រុមហ៊ុនទទួលការ សាងសង់ទាំងអស់ ត្រូវបំពេញការងាររបស់ខ្លួន នៅតាមតំបន់ការដ្ឋាននីមួយៗ ដែលកំពុងប្រចាំការ និងមិនត្រូវធ្វើការចល័ត ឬគោចរ ទៅតាមតំបន់គោលដៅផ្សេងៗទេ ក្នុងអំឡុងពេល នៃការអនុវត្ត វិធានការបំរាមគោចរខាងលើ។

ទី២-ត្រូវផ្អាកការចុះបំពេញ បេសកកម្មជាបណ្តោះអាសន្ន របស់បុគ្គលិក-មន្ត្រីរាជការ ពីថ្នាក់ជាតិ ទៅថ្នាក់ខេត្តដោយ តម្រូវឱ្យ បុគ្គលិក-មន្ត្រីរាជការគម្រោង សាងសង់ ទាំងអស់ ដែលប្រចាំការ នៅតាមបណ្តាខេត្តផ្សេងៗ ត្រូវបន្តបំពេញ ការងាររបស់ខ្លួន នៅតាមការដ្ឋានរៀងៗខ្លួន និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការបំរាមគោចរ របស់រាជរដ្ឋាភិបាល និងវិធានការបំរាមគោច របស់អាជ្ញាធរខេត្ត ដែលខ្លួនកំពុងស្ថិតនៅ។

និងទី៣-ករណីចាំបាច់ក្នុងការចុះបំពេញ បេសកកម្មដោយអាក់ខានមិនបាន ក្នុងអំឡុងពេល នៃការអនុវត្តវិធានការ បំរាមគោចរ ការចេញលិខិតបញ្ជាបេសកកម្ម ដើម្បីចុះទៅ បំពេញការងារចាំបាច់នោះ នឹងត្រូវកំណត់សិទ្ធិចុះហត្ថលេខា ដោយ រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូនផ្ទាល់ ឬសិទ្ធិចុះហត្ថលេខាដោយ លោក ស៊ុយ សាន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូនតែប៉ុណ្ណោះ៕

To Top