កណ្ដាល ៖ រដ្ឋបាលស្រុកខ្សាច់កណ្តាល ធ្វើការបំភ្លឺ និងបដិសេដចោលទាំងស្រុង ចំពោះករណីផ្សព្វផ្សាយក្នុងបណ្តាញ សង្គមហ្វេសបុក (Forward Messenger) បានផ្សាយថា ស្ត្រីម្នាក់រត់គេចពីមណ្ឌលចត្តាឡីស័ក ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានអ្នកផ្ទុកជំងឺកូវីដ-១៩ ទៅមើលប្តីរបស់គាត់ដែលគ្រោះថ្នាក់ផ្ទុះអូប័រ ក្នុងខេត្តព្រះសីហនុ កំពុងព្យាបាល សង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យព្រះកុសមៈ ហៅពេទ្យលោកសង្ឃ រាជធានីភ្នំពេញ ទាំងនេះជាព័ត៌មានមិនពិតឡើយ។
ជាក់ស្តែង កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល និងក្រុមការងារស្រុក សហការដោយ លោក លឹម ផល្លា ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ បានចុះដល់ទីតាំងផ្ទាល់ ដើម្បីធ្វើការស្រាវជ្រាវ និងរុករកអ្នកពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ម្នាក់ ស្រ្ដីឈ្មោះ អែម សារ៉េត ភេទស្រី អាយុ៤៤ឆ្នាំ មានទីលំនៅភូមិព្រែក ក្របៅទី២ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល។
ចំពោះប្រាស្រ័យទាក់ទងរបស់អ្នកជំងឺកូវីដ-១៩ ស្ដ្រីឈ្មោះ អែម សារ៉េត បានស្នាក់នៅភូមិព្រែកក្របៅទី២ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ប្តីរបស់គាត់បានគ្រោះថ្នាក់ផ្ទុះអូប័រ ទៅសង្គ្រោះបន្ទាន់ព្យាបាល នៅមន្ទីរពេទ្យព្រះកុសមៈ។
កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ឈ្មោះ រតនា មានលទ្ធផលវិជ្ជមាន ទៅសួរសុខទុក្ខគាត់ នៅមន្ទីរពេទ្យព្រះកុសមៈ (ធ្វើសំណាកនៅភ្នំពេញ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ប៉ុន្តែមិនទាន់ចេញលទ្ធផល)។ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីដឹងថា ឈ្មោះ រតនា មានលទ្ធផលវិជ្ជមាន ស្ដ្រីឈ្មោះ អែម សារ៉េត បានទៅយកសំណាក់ នៅមណ្ឌលសុខភាពចាក់អង្រែក្រោម។ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ទើបចេញលទ្ធផលវិជ្ជមាន ជាក់ស្តែងគាត់នៅមើលថែប្តី នៅមន្ទីពេទ្យព្រះកុសមៈ។
សូមបញ្ជាក់ថា ស្រ្តីឈ្មោះ អែម សារ៉េត គឺបាននៅក្នុងផ្ទះមើលថែកូន រហូតដោយមិនបានចេញក្រៅ និងមិនស្ថិតនៅក្នុងតំបន់ចត្តាឡីស័កណាមួយឡើយ ប៉ុន្តែដោយសារប្តីរបស់គាត់ បានជួបឧប្បទ្ទវហេតុផ្ទុះអូប័រនោះ ទើបគាត់បានមកមើលថែប្តីគាត់រហូត តែជាអកុសលដោយសារតែក្មួយរបស់គាត់ ដែលបានមកសួរសុខទុក្ខគាត់ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នោះ បានទៅធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩ ទើបគាត់ក៏ទៅធ្វើតេស្ត ហើយក៏ឃើញថា គាត់វិជ្ជមានដែរ៕